ភ្នំពេញៈ កម្ពុជា និងអាល្លឺម៉ង់ពិភាក្សាពីឱកាសក្នុងការអភិវឌ្ឍបន្ថែមលើវិស័យម្រេចរបស់កម្ពុជា លើកកម្ពស់ជីវភាពកសិករ និងលើកកម្ពស់ការប្រកួតប្រជែងទីផ្សារអន្តរជាតិ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយស្របតាមគម្រោង EU-German CAPSAFE ដែលគាំទ្រដល់ខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី និងម្រេចប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។
កិច្ចពិភាក្សានេះធ្វើឡើងនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅក្នុងជំនួបសម្តែងការគួរសម រវាង រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា និង លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ព្រមទាំងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ដឹកនាំដោយលោកអគ្គនាយក Nil Meyer-Pries នៅទីស្តីការក្រសួង។
ស្ថានទូតក៏បានឱ្យដឹងដែរថា ជំនួបនេះ បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និងកម្ពុជា ក្នុងវិស័យខ្សែច្រវាក់តម្លៃម្រេច។ ក្នុងនាមជាអ្នកផ្គត់ផ្គង់គ្រឿងទេស និងឱសថជារុក្ខជាតិឈានមុខគេលើពិភពលោក Fuchs Gruppe បាននាំយកម្រេចខ្មៅកម្ពុជាតាំងពីឆ្នាំ ២០១៧ ដោយធ្វើការដោយផ្ទាល់ជាមួយកសិករ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយតម្លាភាព។
ក្រសួងកសិកម្មក៏បានឱ្យដឹងដែរថា ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអាល្លឺម៉ង់លើវិស័យកសិកម្ម ជាពិសេសភាពជាដៃគូល្អក្នុងការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ (GAP) ដែលបានជួយលើកស្ទួយគុណភាពកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រីក៏បានស្វាគមន៍ផែនការរបស់ក្រុមហ៊ុន Fuchs Gruppe ក្នុងការវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
កម្ពុជា និងអាល្លឺម៉ង់ បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីជំរុញកសិ-ពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនិងនិរន្តរភាពនៃវិស័យកសិកម្ម៕






