រដ្ឋាភិបាល​សម្រេច​ឱ្យ​បង្កើត​រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្វ្រេន បូកគោ និង​តំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ា ផ្លូវជាតិលេខ ៥១
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋាភិបាល​សម្រេច​ឱ្យ​បង្កើត​រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្វ្រេន បូកគោ និង​តំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ា ផ្លូវជាតិលេខ ៥១

 កម្ពុជា នឹង​មាន​រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និង​តំបន់​សេដ្ឋកិច្ចពិសេស​ថ្មី​បន្ថែម​ទៀត​ដែល​ទាំង​អស់​​នេះ​គឺ​ជា​​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ភាព​​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់​​តែ​ច្រើន​។​


សេចក្តីសម្រេចលេខ ៣០ សសរ ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី«ការបង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្វ្រេន បូកគោ» ដែល​ចុះ​ហត្ថលេខា​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​សម្រេច​ បង្កើតរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ហ្គ្រេន បូកគោ ដែលមានទីតាំងនៅ​ភូមិព្រែកទាល់ និងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស នឹង​ត្រូវ​ដឹកនាំ​ដោយ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា ជា​ប្រធាន និង​មាន​សមាជិក​មក​ពី​តំណាង​តំណាងក្រសួងពាណិជ្ជកម្ម តំណាង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង​តំណាងសាលាខេត្តព្រះសីហនុ។​


យោង​តាម​សេចក្តី​សម្រេច​ខាង​លើ គឺ​រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនេះ មាន​ភារកិច្ច​សំខាន់ៗ​ដូចជា ១. ត្រួតពិនិត្យតាមមុខជំនាញសមត្ថកិច្ចចំពោះការចេញ និងចូលមកនូវទំនិញ មធ្យោបាយ និងជនានុជនគ្រប់រូបរបស់តំបន់។ អនុវត្តការត្រួតពិនិត្យបែបបទគយ​សម្រាប់ការចេញ-ចូល​ទំនិញ និងសម្រួលបែបបទរដ្ឋបាលដល់កិច្ចដំណើរការរបស់តំបន់ ជាមួយក្រសួង-ស្ថាប័ន មានសមត្ថកិច្ចជំនាញនានារបស់រាជរដ្ឋាភិបាល, ២. ត្រួតពិនិត្យការអនុវត្តការងាររបស់អ្នកអភិវឌ្ឍន៍តំបន់ និងអ្នកវិនិយោគក្នុងតំបន់ លើរាល់សកម្មភាពនៅក្នុងតំបន់ ដោយផ្អែកតាមគោលការណ៍ដែលបានកំណត់, ៣. ពិនិត្យលើសំណើសុំចុះបញ្ជីវិនិយោគ ពិនិត្យផ្ដល់ជូននូវការលើកទឹកចិត្ត ការចេញលិខិតអនុញ្ញាត អាជ្ញាបណ្ណ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ដែលបានស្នើឡើងដោយអ្នកវិនិយោគក្នុងតំបន់ ដើម្បីធ្វើការសម្រេចជូននៅនឹងកន្លែង, ៤. ធ្វើការត្រួតពិនិត្យការងារសកម្មភាពតាមមុខជំនាញនៅក្នុងតំបន់។


ចំណុច​ផ្សេងទៀតមាន​ដូចជា ៥. សហការជាមួយអ្នកអភិវឌ្ឍន៍តំបន់ ដោះស្រាយការងារដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន, ៦. សម្រួលរាល់បែបបទដែលពាក់ព័ន្ធឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព, ៧. ធ្វើរបាយការណ៍ការងារប្រចាំខែ ប្រចាំត្រីមាស ឆមាស និងឆ្នាំ ពីសកម្មភាពរបស់តំបន់ជូនមកក្រសួង-ស្ថាប័នគ្រប់គ្រង និងគណៈកម្មាធិការវិនិយោគកម្ពុជា, និង ៨. ធ្វើកិច្ចការផ្សេងៗទៀត ក្នុងការសម្របសម្រួលដោះស្រាយរាល់សំណើរបស់អ្នកវិនិយោគ ក្នុងតំបន់ ពាក់ព័ន្ធទៅនឹងបណ្តាក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល។


យោង​តាម​និយមន័យ​របស់​ក្រុម​ប្រឹក្សា​នីតិកម្ម នៃ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ពាក្យ«​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស» សំដៅ​ដល់​អង្គភាពគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋ ដែលជាយន្តការច្រកចេញចូលតែមួយនៅនឹងកន្លែងនៃតំបន់សេដ្ឋកិច្ចពិសេស និងមានភារកិច្ចចេញនូវលិខិតអនុញ្ញាត ការយល់ព្រម អាជ្ញាបណ្ណ និងបញ្ជិកា រួមទាំងការអនុម័តលើការលើកទឹកចិត្តនានាជំនួសមុខឱ្យសាមីក្រសួង ស្ថាប័នជំនាញ តាមការទទួលសិទ្ធិអំណាចពេញលេញរបស់ក្រសួង និងស្ថាប័នសាមីសម្រាប់ផ្ដល់ជូនដល់អ្នកវិនិយោគក្នុងតំបន់ជាមួយគ្នាដោះស្រាយនូវរាល់សំណូមពរនានាពាក់ព័ន្ធនឹងសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋ ក្នុងដំណើរការវិនិយោគនៅក្នុងតំបន់។


ទន្ទឹម​គ្នា​នេះរាជរដ្ឋាភិបាល ក៏​បាន​សម្រេច​បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នៅលើផ្លូវជាតិលេខ៥១ លើផ្ទៃដីជាង ៥០០ហិកតា ក្នុងភូមិសាស្ត្រនៃស្រុកសំរោងទង និងស្រុកសាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ មានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ាផ្លូវជាតិលេខ៥១»៕






Post a Comment (0)
Previous Post Next Post