ក្រសួងការបរទេស​កម្ពុជា​វាយបក​ទៅលើ​ភាគី​ថៃ​ដែល​អះអាង​ថា​​ចង់ឃើញភាពស្មោះត្រង់របស់កម្ពុជា​រឿងបោះបង្គោលព្រំដែន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងការបរទេស​កម្ពុជា​វាយបក​ទៅលើ​ភាគី​ថៃ​ដែល​អះអាង​ថា​​ចង់ឃើញភាពស្មោះត្រង់របស់កម្ពុជា​រឿងបោះបង្គោលព្រំដែន

 ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបទៅកាន់សមភាគីថៃ បន្ទាប់ពីភាគីថៃបានលើកយកករណីផ្ទុះគ្រាប់បែកប្រភេទ ៤០មីលី​ម៉ែត្រ កាលពី១០ថ្ងៃមុនមកនិយាយ​ជាថ្មី​ និងបានលើ​ករណី​មួយចំនួន​ជា​លេសសម្រាប់ការពន្យារពេលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះដីគោគ​ ស្របពេលដែលមានភាពជាប់គាំងបញ្ហាព្រំដែន។


សេចក្តីថ្លែងការណ៍របស់ក្រសួងដែលបានចេញផ្សាយនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ ទី១៣ ខែមីនា បានឆ្លើយតបទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថៃ កាលពីថ្ងៃទី១១ ខែមីនា ដែលបានលើកយកបញ្ហាផ្ទុះគ្រាប់បែកកាលពីថ្ងៃទី២៤ ខែកុម្ភៈ មកជជែកវែកញែកឡើងវិញ។


នៅក្នុងសេចក្តីប្រកាសព័ត៌មាន មានចំណងជើងថា «ប្រទេសថៃគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយសុឆន្ទៈ និងភាពស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការវាស់វែង និងបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ» ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១១​មីនា​ ភាគីថៃបានអះអាងថា ការផ្ទុះនោះ គឺជាការរំលោភលើបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ។


ប៉ុន្តែសមភាគីកម្ពុជាបានបញ្ជាក់ថា ការចោទប្រកាន់ពីការបាញ់នេះគឺមិនត្រឹមត្រូវទេ ហើយករណីនេះត្រូវបានបកស្រាយបំភ្លឺរួចហើយតាមរយៈកំណត់ទូតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រសួង​បញ្ជាក់​ថា ហេតុការណ៍ដែលថៃ​អះអាង​ថា​កម្ពុជា​ជា​អ្នកបាញ់​នោះ​មិនត្រឹមត្រូវ។ លើស​ពី​នេះ​ករណីនេះត្រូវបានផ្ទៀងផ្ទាត់រួមគ្នាយ៉ាងឆាប់រហ័សដោយក្រុមការងារទំនាក់ទំនងយោធាតំបន់នៃភាគីទាំងពីរ។


ក្រសួងការបរទេស​កម្ពុជា​បានលើកឡើងដោយយោងតាមសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ថា៖ «ការរាយការណ៍មិនត្រឹមត្រូវបែបនេះ មិនគួរត្រូវបានយកទៅចែកចាយបន្តទៀតទេ»។


ភាគីថៃក៏បានអះអាងផងដែរថា កម្ពុជាបានសាងសង់ផ្សារសហគមន៍ និងរូបសំណាក​ តា អុំ នៅ​អានសេះ​ ដោយ​ថៃ​អះអាង​ថា ជា​ដី​របស់​គេ​ ថែមទាំងបាន​អះអាង​ថា កម្ពុជា​បាន​សាងសង់អគាររដ្ឋបាលរបស់ខ្លួននៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសថៃ ក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទៀតផង។


 


ប៉ុន្តែ ភាគីកម្ពុជាបានឆ្លើយតបថា រូបសំណាកនេះស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ និងគូសវាសដោយផែនទីខ្នាត ១លើ​២០០.០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។


ក្រសួងការបរទេស​កម្ពុជា​បានបញ្ជាក់ថា៖ «រាល់ការទាមទារដោយផ្អែកលើផែនទី L70l7 ដែលគូសជាឯកតោភាគីដោយប្រទេសថៃ គឺមិនអាចយកជាការបានឡើយតាមផ្លូវច្បាប់។ ក្នុងន័យនេះ ក៏គួរយោងទៅលើលទ្ធផលនៃការចុះវាស់វែងលម្អិតរួមគ្នាដែលអនុវត្តដោយក្រុមការងារវាស់វែងចម្រុះ (JST) នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ផងដែរ»។


ភាគីថៃក៏បានលើកឡើងផងដែរថា ពួកគេ «កត់សម្គាល់» នូវសំណើរបស់កម្ពុជាក្នុងការកោះប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ហើយ «នឹងឆ្លើយតបនៅពេលវេលាសមស្របណាមួយ បន្ទាប់ពីការបង្កើតគណៈរដ្ឋមន្ត្រីថ្មីរួចរាល់» ដោយបន្ថែមថា គ្រោះថ្នាក់នៅតែមានសម្រាប់ក្រុមការងារវាស់វែងចម្រុះ។


ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា គណៈកម្មការព្រំដែនចម្រុះកម្ពុជា (JBC-កម្ពុជា) បានផ្ញើលិខិតអញ្ជើញជាបន្តបន្ទាប់ចំនួន ៥ដង រួចមកហើយទៅកាន់សមភាគីថៃ ដើម្បីបន្តការងារបច្ចេកទេសរបស់ក្រុមការងារវាស់វែងចម្រុះឡើងវិញក្នុងឱកាសដ៏ខ្លីខាងមុខ។


ក្រសួងបានបន្តថា៖ «នេះគឺក្នុងគោលបំណងពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈ ដើម្បីពន្លឿនការងារបោះបង្គោលព្រំដែន ជាពិសេសនៅក្នុងតំបន់អាទិភាព ឬតំបន់រសើប»។


ភាគី​សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែន និង​បានលើកឡើងផងដែរថា «កម្ពុជាសង្ឃឹមថានឹងឃើញកិច្ចសហប្រតិបត្តិការប្រកបដោយភាព​ស្មោះត្រង់ ដែល​ឆ្លុះបញ្ចាំងតាមរយៈសកម្មភាពជាក់ស្តែងនៅ»៕


Post a Comment (0)
Previous Post Next Post