កម្ពុជា​តវ៉ា​ប្រឆាំង​ភាគីថៃ​ដែល​បំពាន​សាលដីកា​តុលាការ​យុត្តិធម៌អន្តរជាតិ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា​តវ៉ា​ប្រឆាំង​ភាគីថៃ​ដែល​បំពាន​សាលដីកា​តុលាការ​យុត្តិធម៌អន្តរជាតិ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ

 កម្ពុជាបានធ្វើការតវ៉ាប្រឆាំងនឹងសកម្មភាពធ្វើ​ផ្លូវ នៅ​ក្បែរ​វត្ត​កែវ​សិក្ខាគិរីស្វារៈ​ នៅ​ខេត្ត​ព្រះវិហារ ដោយ​យោធាថៃ ដែល​ជាការបំពានទៅនឹងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ គឺជាកម្មសិទ្ធិរបស់កម្ពុជា។


នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៣ ខែមីនា ក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជាប្រឆាំង​តវ៉ា​នឹង​សកម្មភាព​ខុស​ច្បាប់​​របស់​យោធា​ថៃ ដែល​រំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមទីតាំងជាច្រើនតាមបណ្តោយព្រំដែន។


ក្រសួងបានលើកឡើងថា ចន្លោះពីថ្ងៃទី២៣ ដល់ ២៥ ខែកុម្ភៈ កងទ័ព និងជនស៊ីវិលថៃ បានធ្វើសកម្មភាពសាងសង់ និងជីកកកាយដោយខុសច្បាប់នៅលើតំបន់ទួល​នៃប្រាសាទព្រះវិហារ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ នៅក្បែរប្រាសាទផងដែរ។


ក្រសួងបានបញ្ជាក់ថា៖ «សកម្មភាពទាំងនេះត្រូវបានធ្វើឡើងដោយបំពានទៅនឹងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានអះអាងថា ប្រាសាទព្រះវិហារ និងតំបន់ដីទួលនៃប្រាសាទទាំងមូល គឺស្ថិតនៅក្នុងដែនដីអធិបតេយ្យរបស់កម្ពុជា»។


យោងតាមក្រសួងការបរទេស នៅតំបន់បុស្សស្បូវ-ជាំតែ ក្នុងស្រុកជាំក្សាន្តនៃខេត្តនេះ កងទ័ព​ថៃ និងព្រះសង្ឃ ក៏បាននិងកំពុងបន្តសាងសង់ព្រះពុទ្ធរូបខ្នាតធំមួយផងដែរ ចាប់​ពី​ថ្ងៃទី៧ មីនា ទោះបីជាមានការប្រាប់​ឲ្យ​ឈប់​ជាច្រើនដងពីភាគីកម្ពុជា​ក៏ដោយ។


ក្រសួងក៏បានឱ្យដឹងទៀតថា កងយោធពលថៃបានបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី រួមមាន ផ្លូវបេតុង ជណ្តើរដែក និងការសាងសង់ព្រះពុទ្ធរូប ដែលមានបំណងបង្កើតជាតំបន់ទេសចរណ៍ និងទីតាំងយោធា។


សកម្មភាពខុសច្បាប់មួយចំនួនទៀត ក៏បានកើតឡើងនៅក្នុងតំបន់ខ្លះក្នុងខេត្តឧត្តរមានជ័យផងដែរ ដូចជាការសាងសង់ផ្លូវបេតុងដោយខុសច្បាប់ជាដើម។​


ក្រសួង​ថ្លែង​ថា សកម្មភាពទាំងផ្ទុយ​នឹង​ខ្លឹមសា​នៃ​អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និង​ខ្លឹមសារ​បទ​ឈប់បាញ់​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២៥។


កម្ពុជា​ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដែលថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវធ្វើការផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬដោយការបង្កើតអង្គហេតុឯកតោភាគីណាមួយនៅលើទីតាំងផ្ទាល់នោះឡើយ៕


Post a Comment (0)
Previous Post Next Post