ក្រុមហ៊ុន​រដ្ឋចិនចង់​បង្កើន​ការ​បញ្ជាទិញដំឡូងមី​ពី​កម្ពុជា​ឱ្យដល់ ១ លាន​តោន​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រុមហ៊ុន​រដ្ឋចិនចង់​បង្កើន​ការ​បញ្ជាទិញដំឡូងមី​ពី​កម្ពុជា​ឱ្យដល់ ១ លាន​តោន​

 សហគ្រាសរដ្ឋឈានមុខគេមក​ពី​​ប្រទេស​ចិនក្នុងវិស័យកែច្នៃដំឡូងមី Guangxi State Farms Mingyang Starch Development Co., Ltd. បាន​បង្ហាញ​ពី​ឆន្ទះ​ក្នុង​ការ​​បង្កើន​ការ​បញ្ជាទិញ​ដំឡូងមី​ពី​កម្ពុជា​ក្នុង​បរិមាណ ១ លាន​តោន ហើយ​ក្រុមហ៊ុន​ក៏​ចាប់​អារម្មណ៍​ការ​​​សិក្សា​ពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា។

ព័ត៌មាន​នេះ​​ត្រូវ​បាន​លោក Chen Mingyu ប្រធានក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. លើក​ឡើង​ក្នុង​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ​លោក ​ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅ​ទីស្តីការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាល​ពី​ថ្ងៃ​​ទី២៦ ខែមីនា ឆ្នាំ២០២៦។​

ជាកិច្ច​ចាប់​ផ្តើម​ លោក Chen Mingyu បាន​ថ្លែង​អំណរគុណចំពោះ​ការទទួល​ស្វាគមន៍​ពី​សំណាក់​​ថ្នាក់​ដឹកនាំ​របស់ CDC ព្រម​ទាំង​បាន​លើក​ឡើង​ពី​ស្ថិរភាពនយោបាយ និង​កំណើន​សេដ្ឋកិច្ច​ដ៏​ល្អ​ប្រសើរ​របស់​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា កត្តា​ទាំង​អស់​នេះ​បាន​ធ្វើ​ឱ្យ​រូប​លោក​ និង​សហការីមាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ធ្វើអាជីវកម្ម និង​ការ​វិនិយោគ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា។​​

លោក​​ប្រាប់​ទៀត​ថា៖​«​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​មក​ប្រទេស​កម្ពុជា​នា​ពេល​នេះ គឺមាន​​គោលបំណងយុទ្ធសាស្ត្រសំខាន់​ៗ​ចំនួន ៣ រួម​មាន​ ១.បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាប្រមាណ ១លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម​តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម, ២.ការសិក្សាពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា, និង ៣. ការផ្ទេរចំណេះដឹងតាមរយៈការ​ពិនិត្យលទ្ធភាពសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ និងការកែច្នៃកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ។ជាការឆ្លើយតប លោក ចាន់ថុល បានសម្តែងការគាំទ្រ និងជំរុញយ៉ាងមោះមុតលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ លោក​បន្ត​ថា កម្ពុជាគឺជាតួអង្គយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន ដែលផ្តល់នូវភាពអនុគ្រោះបំផុតសម្រាប់វិនិយោគិន។

ជាមួយគ្នានោះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បានផ្តល់​អនុសាសន៍គន្លឹះលើការជ្រើសរើសទីតាំងរោងចក្រ និងបានជម្រាបជូនអំពី «ផែនការមេភស្តុភារកម្មប្រទាក់ក្រឡា»របស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនឱ្យកាន់តែរហ័ស និងកាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យផលិតផលកម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារសកល។


លោក​ ស៊ុន ចាន់ថុល បាន​អះអាង​ថា៖​«ក្រុមប្រឹក្សា​​អភិវឌ្ឍន៍កម្ពុជាបាន​​ត្រៀមលក្ខណៈជាស្រេចរបស់​ក្នុងនាមជាសេនាធិការដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់នូវកិច្ចសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន ដើម្បីធានាឱ្យបាននូវជោគជ័យនៃគម្រោងវិនិយោគនេះ។ វា​នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត​ក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល​កម្ពុជា-ចិន»។

តាមរយៈជំនួបនេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បានរលឹក​អំពី​វឌ្ឍនភាពនៃ«កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរ ជា​ពិសេសយន្តការនៃ«គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន» ដែលមាន លោក Wang Yi សមាជិកការិយា​ល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងរូបលោក​ផ្ទាល់​ជាសហប្រធាន។ យន្តការកម្រិតខ្ពស់នេះ គឺជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលក្នុងការតម្រង់ទិស និងជំរុញរាល់គម្រោងវិនិយោគយុទ្ធសាស្ត្រឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង ដើម្បីឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។

ុGuangxi State Farms Mingyang Starch Development គឺជាសហគ្រាសរដ្ឋឈានមុខ និងមានទ្រង់ទ្រាយធំមួយរបស់ចិន ក្នុងវិស័យកែច្នៃដំឡូងមី ដែលមានគុណភាពស្តង់ដារទទួលស្គាល់ដោយសហរដ្ឋអាមេរិក។

របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឱ្យដឹង​ថា ​រយៈពេល​ ៩ខែ ឆ្នាំ២០២៥ កម្ពុជា​បាន​​នាំចេញ​ដំឡូងមីសរុប​​ជាង​ ៣,៤ ​លាន​តោន​ ដែល​ក្នុងនោះដំឡូងមីស្រស់មានចំនួន ២,០៥ លានតោន ធ្លាក់ចុះ ១៦,៥៧% ​ខណៈ​ចំណិត​ដំឡូងមី​ក្រៀម​បាន​ចំនួន ១,៣៥ លាន​តោន កើនឡើង ៥៧,៦២%។

អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម លោក ងិន ឆាយ ធ្លាប់​បាន​និយាយ​ថា ការនាំចេញផលិត​ផល​ដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់៕


Post a Comment (0)
Previous Post Next Post