មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាបន្តរៀបចំការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦នេះ នឹងត្រូវធ្វើឡើង ក្នុងភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាព្រឹកម៉ោង ៨ ថ្ងៃអាទិត្យ ទី៥ ខែមេសា បន្ទាប់ពីបានទទួលការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ។
ចំពោះគោលបំណងនៃការរៀបចំការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា គឺ «ដើម្បីចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំង រទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ»។
បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗទៀតតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិ ក៏បានផ្ដួចផ្ដើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះ នៅតាមភូមិ និងតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់។
ចំពោះការប្រណាំងរទេះសាឡីគោលឿន កាលពីឆ្នាំ២០២៥ មានរទេះសាឡីគោលឿន ប្រមាណ៥០នឹម (៥០គូ) បានចូលរួមប្រកួតប្រជែងគ្នា ដោយមានប្រជាពលរដ្ឋចូលរួមទស្សនាផ្ទាល់យ៉ាងច្រើន។ ចំណែកនៅឆ្នាំ២០២៦នេះ គណៈកម្មការរៀបចំ នៅមិនទាន់បានទទួលតួលេខចំនួនរទេះសាឡីគោលឿន ចូលរួមពិតប្រាកដនៅឡើយទេ។
តែទោះបីជាយ៉ាងណា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ មានសង្ឃឹមយ៉ាងមុតមាំថា ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦នេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាដ៏ច្រើនកុះករ ហើយចំនួនរទេះសាឡីគោលឿន ដែលនឹងចូលរួមមកប្រកួត ក៏អាចនឹងកើនឡើងផងដែរ ព្រោះគណៈកម្មការ បានសង្កេតមើលពីកំណើននៃរទេះសាឡីគោលឿននេះ គឺពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាលំដាប់៕


