ដំណោះស្រាយផ្អែកលើធម្មជាតិ ជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងអត្ថប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ដំណោះស្រាយផ្អែកលើធម្មជាតិ ជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងអត្ថប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច

 ភ្នំពេញៈ ក្រសួងបរិស្ថាននាថ្ងៃសៅរ៍ ទី២១ ខែមីនានេះ បានលើកឡើងពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃ​«ដំណោះស្រាយផ្អែកលើធម្មជាតិ» (Nature-Based Solutions-NBS) ដែលជាវិថីប្រកបដោយចីរភាព និងប្រសិទ្ធភាពក្នុងការដោះស្រាយវិបត្តិបរិស្ថាន។ ការរួមរស់ និងធ្វើការជាមួយធម្មជាតិ នឹងជួយបង្កើនសមត្ថភាពធន់ ការពារតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងធានាបាននូវការអភិវឌ្ឍប្រ​កបដោយ​បរិយាបន្នសម្រាប់មនុស្សជំនាន់ក្រោយ។


ក្រសួងបានលើកឡើងថា ​«ដំណោះស្រាយផ្អែកលើធម្មជាតិ» គឺជាវិធីសាស្ត្រដែលប្រើប្រាស់ និងគ្រប់គ្រងធម្មជាតិដើម្បីដោះស្រាយបញ្ហាបរិស្ថាន ដូចជា បម្រែបម្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងគ្រោះមហន្តរាយធម្មជាតិ។ ជំនួសឱ្យការពឹងផ្អែកតែលើបច្ចេកវិទ្យា ឬហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតដោយមនុស្ស ដំណោះស្រាយផ្អែកលើធម្មជាតិធ្វើការជាមួយធម្មជាតិ ដើម្បីការពារ ស្តារឡើងវិញ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីឱ្យមាននិរន្តរភាព។


អត្ថប្រយោជន៍ចម្បងនៃ«ដំណោះស្រាយផ្អែកលើធម្មជាតិ» ចំពោះការកាត់បន្ថយការប្រែប្រួលអាកាសធាតុ (Climate Mitigation) គឺសមត្ថភាពក្នុងការស្រូបយក និងរក្សាទុកនូវឧស្ម័នកាបូនឌីអុកស៊ីតពីបរិយាកាស។ ព្រៃឈើ តំបន់ដីសើម និងព្រៃកោងកាង ដើរតួជាឃ្លាំងផ្ទុកកាបូនយ៉ាងសកម្ម។ ការការពារ និងការស្ដារឡើងវិញនូវប្រព័ន្ធធម្មជាតិទាំងនេះ គឺជាគន្លឹះក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងទប់ស្កាត់ការកើនឡើងកម្ដៅសកល។


ក្រៅពីនេះ «ដំណោះស្រាយផ្អែកលើធម្មជាតិ» ក៏ជួយបង្កើនសមត្ថភាពនៃការបន្សាំអាកាសធាតុផងដែរ។ ប្រព័ន្ធអេកូឡូស៊ីដែលរឹងមាំ ជួយកាត់បន្ថយផលប៉ះពាល់ពីអាកាសធាតុខ្លាំង។ ជាក់ស្តែង ព្រៃកោងកាងជួយការពារតំបន់ឆ្នេរពីខ្យល់ព្យុះ និងទឹកជំនន់ ខណៈតំបន់ដីសើមជួយសម្រួលលំហូរទឹក។ នៅទីក្រុង ការបង្កើតទីធ្លាបៃតង ដូចជា សួនសាធារណៈ និងដើមឈើ អាចជួយបន្ថយសីតុណ្ហភាព និងធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើង។


លើសពីនេះ «ដំណោះស្រាយផ្អែកលើធម្មជាតិ» ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ផ្នែកសង្គម និងសេដ្ឋកិច្ចផងដែរ។ «ដំណោះស្រាយផ្អែកលើធម្មជាតិ» ផ្ដល់ផលប្រយោជន៍លើសពីការការពារបរិស្ថាន ដោយវាជួយគាំទ្រដល់វិស័យកសិកម្ម នេសាទ ជីវៈចម្រុះ និងបង្កើនគុណភាពទឹក។ បន្ថែមពីនេះ វាក៏បង្កើតឱកាសការងារបៃតងសម្រាប់សហគមន៍មូលដ្ឋាន ហើយជារឿយៗវាមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងចំណាយទាបជាងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសិប្បនិម្មិត៕




Post a Comment (0)
Previous Post Next Post