ប្រកាសរបស់ធនាគារជាតិនៃកម្ពុជា(NBC)ស្តីពី«ការផ្តល់សន្ទនីយភាពចាំបាច់ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ» នឹងជួយផ្តល់នូវទំនុកចិត្តកាន់តែរឹងមាំទៅដល់អ្នកដាក់ប្រាក់បញ្ញើនៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្លូវការនៅក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារ។
ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ៣៧.០២៦.២០៤ ប្រ.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្តីពី«ការផ្តល់សន្ទនីយភាពចាំបាច់ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ» ដែលចុះហត្ថលេខាដោយលោកស្រី ជា សិរី ទេសាភិបាល NBC។ ប្រកាសនេះ មានគោលបំណងបង្កើតក្របខ័ណ្ឌក្នុងការផ្តល់សន្ទនីយភាព ឬ ចរន្តសាច់ប្រាក់ចាំបាច់សម្រាប់ជាជម្រើសកាន់តែរឹងមាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលវានឹងក្លាយជាមធ្យោបាយកាន់តែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ហានិភ័យនានា និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
យោងតាម NBC ការផ្តល់សន្ទនីយភាពចាំបាច់ (Emergency Liquidity Assistance - ELA) សំដៅដល់ការផ្តល់បន្ទាត់ឥណទានដែលមានទ្រព្យធានា ភ្ជាប់ជាមួយគណនីចរន្តដែលគ្រឹះស្ថានបានបើកនៅធនាគារជាតិនៃកម្ពុជា។ បន្ទាត់ឥណទាននេះត្រូវបានផ្តល់ដោយឆន្ទានុសិទ្ធិរបស់ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអ្នកឱ្យខ្ចីចុងក្រោយ (Lender of Last Resort) ចំពោះគ្រឹះស្ថានដែលធនាគារជាតិនៃកម្ពុជាបានវាយតម្លៃថាមានសាធនភាព និងនៅបន្តដំណើរការអាជីវកម្ម ជាប្រក្រតី ប៉ុន្តែកំពុងជួបបញ្ហាកង្វះសន្ទនីយភាពបណ្តោះអាសន្ន។
NBC បានបញ្ជាក់ថា៖«ប្រកាសនេះអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលកំពុងជួបបញ្ហាសន្ទនីយភាពបណ្ដោះអាសន្ន ស្នើសុំសន្ទនីយភាពចាំបាច់ជាជម្រើសចុងក្រោយ ក្នុងគោលដៅទប់ស្កាត់ហានិភ័យជាប្រព័ន្ធ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ទន្ទឹមនេះ ក្រោមក្របខ័ណ្ឌនៃប្រកាសថ្មីនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តតួនាទីជាអាជ្ញាធរអាណាព្យាបាល និងគាំទ្រស្ថិរភាពហិរញ្ញវត្ថុដោយធានាថា ការផ្តល់សន្ទនីយភាពចាំបាច់ ត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន មានលក្ខខណ្ឌច្បាស់លាស់ និងផ្អែកលើគោលការណ៍គ្រប់គ្រងហានិភ័យសម្រាប់ប្រព័ន្ធធនាគារទាំងមូល»។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្នុងនាមជាអាណាព្យាបាលនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ធនាគារជាតិនៃកម្ពុជាតែងតែដើរតួនាទីយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពលើការធានានិរន្តរភាពសម្រាប់វិស័យហិរញ្ញវត្ថុទាំងមូលនៅក្នុងប្រទេសកម្ពុជា។
លោកបានពន្យល់ថា បើតាមខ្លឹមសារ គឺប្រកាសនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ការគាំទ្រសាច់ប្រាក់ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងករណីមានការប្រឈមមុខនឹងបញ្ហាខ្វះសាច់ប្រាក់ជាបណ្តោះអាសន្ន ដោយធនាគារជាតិនៃកម្ពុជានឹងដើរតួនាទីជាអ្នកឱ្យខ្ចីចុងក្រោយ “Lender of Last Resort” ដើម្បីធានាថាគ្រឹះស្ថានធនាគារអាចបន្តប្រតិបត្តិការបានយ៉ាងរលូន។
អ្នកជំនាញខាងលើបញ្ជាក់ថា៖«ប្រកាសរបស់ធនាគារជាតិនៃកម្ពុជានេះ នឹងជួយឱ្យអតិថិជនដែលជាអ្នកដាក់ប្រាក់នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើស្របច្បាប់នៅកម្ពុជា កាន់តែមានទំនុកចិត្តជាងមុន ព្រោះនៅពេលមានបញ្ហាអ្វីមួយគឺធនាគារនៃជាតិនៃកម្ពុជាតែងតែខិតខំរកមធ្យោបាយ ឬយន្តការណាមួយក្នុងការចូលរួមជួយសម្របសម្រួល និងដោះស្រាយ។ វិស័យធនាគារនៅកម្ពុជានៅពេលនេះ គឺមានភាពរឹងមាំល្អ»។
តាមពិតទៅ ប្រកាសស្តីពីការផ្តល់សន្ទនីយភាពនេះ នៅត្រូវបានរៀបចំ និងប្រកាសឱ្យប្រើប្រាស់តាំងពីឆ្នាំ២០១៥ ប៉ុន្តែដោយសារបរិបទសង្គម និងសេដ្ឋកិច្ចជាតិ និងអន្តរជាតិ មានការប្រែប្រួលខ្លាំងក្នុងរយៈពេលប្រហែល ១ ទសវត្សចុងក្រោយនេះ ទើបតម្រូវឱ្យក្រុមការងារជំនាញរបស់ធនាគារជាតិនៃកម្ពុជា ធ្វើបច្ចុប្បន្នប្រកាសស្តីពី«ការផ្តល់សន្ទនីយភាពចាំបាច់ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ» នេះឡើងវិញនាអំឡុងឆ្នាំ២០២៣ និងត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នេះតទៅ។
នាដើមសប្តាហ៍នេះ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានអះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជាគឺនៅមានភាពរឹងមាំ បើទោះបីមានធនាគារមួយចំនួនតូចបានជួបបញ្ហាសន្ទនីយភាពដែលបណ្តាលមកពីអ្នកដាក់ប្រាក់បញ្ញើបាននាំគ្នាទៅដកប្រាក់ក្នុងពេលតែមួយក៏ដោយ៕

