កម្ពុជាប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងសាមគ្គីភាពយ៉ាងជ្រាលជ្រៅជាមួយសហគមន៍ភាសាបារាំង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជាប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងសាមគ្គីភាពយ៉ាងជ្រាលជ្រៅជាមួយសហគមន៍ភាសាបារាំង

 ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា​​ ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជា និងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយសហគមន៍ភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍ និងអនាគតនៃភាសាបារាំង និងជាការចូលរួមចំណែកដើម្បីឱ្យពិភពលោកកាន់តែមានសុខសន្តិភាព។


ការលើកឡើងនេះធ្វើឡើងនៅក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី និងលោកChristian DESROCHES ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជំនាន់យុវជនសន្តិភាព? ការរួមចំណែករបស់យុវជន ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសុខសន្តិភាព» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃសុក្រ ទី២០ ខែមីនា ដែលមានអ្នកចូលរួមជាង ១ ៥០០នាក់។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃសៅរ៍នេះ។


លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានរំលេចថា កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដែលជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវបានរៀបចំឡើងជាលើកទី១ក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។



ជាមួយគ្នានេះ លោកChristian DESROCHES ក៏បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាឱកាសក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសដែលប្រើប្រាស់ភាសាបារាំង ដែលរួមមានប្រទេសកាណាដាផងដែរ។ ចំណងសាមគ្គីភាពនេះពិតជាដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ហ្វ្រង់កូហ្វូននាពេលបច្ចុប្បន្ន។


លោកបានគូសបញ្ជាក់ថា អំឡុងពេលបំពេញការងារជាឯកអគ្គរដ្ឋទូតនៅប្រទេសកម្ពុជា ឯកឧត្តមបានសង្កេតឃើញថាភាសាបារាំងត្រូវបានប្រើប្រាស់នៅស្ទើរតែគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា ហើយលោកសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តកិច្ចសហការជាមួយកម្ពុជា ក៏ដូចជាស្ថានទូតបារាំងប្រចាំកម្ពុជាផងដែរ។



ទន្ទឹមនឹងនេះ លោក Yann DELAUNEY អគ្គនាយក France Volontaires ក៏បានលើកឡើងពាក់ព័ន្ធនឹងការផ្លាស់ប្ដូរអ្នកស្ម័គ្រចិត្តរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ដោយលោកបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបញ្ជូនអ្នកស្ម័គ្រចិត្តជារៀងរាល់ឆ្នាំដើម្បីចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរនេះ ដែលជាការរឹតចំណងរវាងសហគមន៍ និងយុវជននៃសហគមន៍ហ្វ្រង់កូហ្វូន។ លោក ក៏បានសង្ឃឹមយ៉ាងមុតមាំពីការបន្តកិច្ចសហប្រតិបត្តិការឱ្យបានគង់វង្សយូរអង្វែងនៅក្នុងសហគមន៍ភាសាបារាំង។


ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា។ ដើម្បីអបអរសាទរទិវានេះ គ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំងបានចូលរួមសម្ដែងទស្សនីយភាពនានា រួមមាន៖ របាំប្រជាប្រិយ ចម្រៀងសម័យ និងការសម្ដែងរឿងខ្លីជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ៕


Post a Comment (0)
Previous Post Next Post