មនុស្ស៣នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារ ក្នុងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ និងទន្រ្ទានដីព្រៃអភិរក្សក្នុងខេត្តពោធិ៍សាត់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មនុស្ស៣នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារ ក្នុងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ និងទន្រ្ទានដីព្រៃអភិរក្សក្នុងខេត្តពោធិ៍សាត់

 ពោធិ៍សាត់ៈ មន្រ្តីឧទ្យានុរក្សបរិស្ថានខេត្តពោធិ៍សាត់បានធ្វើការឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ចំនួន៣នាក់បញ្ជូនទៅតុលាការខេត្ត ក្នុងបទល្មើសជាក់ស្តែងនៃការដឹកជញ្ជូនឈើ និងទន្រ្ទានដីព្រៃអភិរក្សខុសច្បាប់នាពេលថ្មីៗនេះ ខណៈដែលករណីខ្លះជនល្មើសបានរត់ចោលរថយន្ត និងគោយន្តដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតផងដែរ។ 


មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានឱ្យដឹងកាលពីថ្ងៃសុក្រ ទី២០ ខែមីនានេះថា តុលាការខេត្តពោធិ៍សាត់បានសម្រេចឃុំខ្លួនបុរសជាជនល្មើសពីរនាក់នៅពន្ធនាគារខេត្តជាបណ្តោះអាសន្ន ក្រោយពីពួកគេត្រូវបានឃាត់ខ្លួនក្នុងពេលកំពុងដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត នៅចំណុចលោកតាគ្រី ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលស្ថិតក្នុងភូមិដូននាគ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ករណីដាច់ដោយឡែកមួយទៀត មន្រ្តីបរិស្ថានខេត្តក៏បានបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងពេលជនសង្ស័យម្នាក់កំពុងតែធ្វើសកម្មភាពកាប់រានទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសំឡាញលើ ឃុំក្រពើពីរ ស្រុកវាលវែង ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស កាលពីថ្ងៃទី១៥ មីនា ២០២៦ផងដែរ។ ជនល្មើសក៏ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារផងដែរ។ 


លោកអេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានលើកឡើងថា មន្រ្តីឧទ្យានុរក្សបរិស្ថាននៅតែបន្តប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប្រចាំ ដោយគូសបញ្ជាក់ថា ការអនុវត្តច្បាប់គឺមិនលើកលែងនោះទេ ដោយមិនសំដៅលើ មនុស្សតូចតាច អ្នកធំ អ្នកមាន ឬ អ្នកក្រនោះទេ។


លោកបានអំពាវនាវដល់អ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិដូច្នេះថា៖«ការងារត្រឹមត្រូវមិនចេះធ្វើ សូមកុំបន្ទោសច្បាប់។ យើងគួររៀនយល់អំពីច្បាប់....ចាប់ពីថ្ងៃនេះទៅបងប្អូនត្រូវឱ្យកូនប្រឹងប្រែងរៀនសូត្រដើម្បីអនាគតកូនៗបងប្អូនទៅថ្ងៃមុខ បងប្អូនគួរពង្រឹងសមត្ថភាពជំនាញ និងចំណេះដឹងបងប្អូនដើម្បីសង្គមជាតិ និងគ្រួសារ»។


ប្រធានមន្ទីរបរិស្ថានរូបនេះក៏បានប្រកាសរកម្ចាស់រថយន្ត និងគោយន្តដឹកឈើជាច្រើនគ្រឿង ដែលមន្រ្តីបានរកឃើញនៅពេលចុះបង្រ្កាបបទល្មើសនាពេលថ្មីៗនេះ។ ឈើជាច្រើនកំណាត់ និងអន្ទាក់ដាក់សត្វជាដើមក៏ត្រូវបានរកឃើញ និងរឹបអូស ខណៈដែលឡដុតធ្យូងជាច្រើនក៏ត្រូវបានវាយកម្ទេចចោលផងដែរនៅក្នុងខែមីនានេះ។ 


ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, លោកខូយ រីដាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់បានជំរុញមន្រ្តីពាក់ព័ន្ធឱ្យបន្តពង្រឹងការអនុវត្តច្បាប់បង្រ្កាបបទល្មើសព្រៃឈើ ក៏ដូចជាធនធានធម្មជាតិ ដោយគ្មានការលើកលែងផងដែរ៕






Post a Comment (0)
Previous Post Next Post