កម្ពុជា និងសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត តាមរយៈការតភ្ជាប់ និងផ្សព្វផ្សយសក្តានុពលទេសចរណ៍កម្ពុជា ទៅដល់សមាជិកចំនួន២៨ប្រទេស ដែលគ្របដណ្តប់៩០ភាគរយនៃដែនដី និងប្រជាជនទ្វីបអាស៊ី។
ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើង តាមរយៈលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Kairat Sarybay អគ្គលេខាធិការ CICA នៅពេលភាគីទាំង២ បានជួបពិភាក្សាការងារផ្លាស់ប្តូរយោបល់ពីការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិករបស់ CICA នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ ប្រតិភូ CICA ដឹកនាំដោយលោក Kairat Sarybay និងភាគីកម្ពុជា ជាម្ចាស់ផ្ទះ ដឹកនាំដោយលោក ហួត ហាក់ បានផ្លាស់ប្តូរយោបល់លើស្ថានភាពទូទៅ និងទិសដៅអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ព្រមទាំងពិភាក្សាលើឱកាសសហប្រតិបត្តិការជាក់ស្តែងជាមួយបណ្តាប្រទេសសមាជិក CICA ក្នុងការជំរុញការតភ្ជាប់ទេសចរណ៍ក្នុងតំបន់។
នៅក្នុងដំណើរទស្សនកិច្ច ដែលទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីកម្ពុជានេះ ភាគី CICA បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេស។
ជាការឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CICA ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ី ហើយបានថ្លែងអំណរគុណចំពោះការគាំទ្រនានារបស់ CICA ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជា។


