នគរបាល​កំពុង​តាមរក​អ្នកបើករថយន្ត​ប្រណីត ក្រោយ​បុក-រត់បង្ក​មនុស្ស​​ស្លាប់៦​នាក់រួមទាំង​ទារក​ក្នុង​ផ្ទៃ​​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

នគរបាល​កំពុង​តាមរក​អ្នកបើករថយន្ត​ប្រណីត ក្រោយ​បុក-រត់បង្ក​មនុស្ស​​ស្លាប់៦​នាក់រួមទាំង​ទារក​ក្នុង​ផ្ទៃ​​

 បាត់ដំបង​៖ សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង​កំពុង​បន្ត​ស្វែងរក​អ្នកបើកបរ​រថយន្ត​ប្រណីត​មួយរូប បន្ទាប់ពី​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ បណ្តាលឱ្យ​មនុស្ស​៦​នាក់​ស្លាប់ រួមទាំង​ទារក​ក្នុង​ផ្ទៃ​ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ខណៈ​អ្នកបើកបរ​បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​ក្រោយ​ហេតុការណ៍​កើតឡើង​។​


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាក់ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ២២ និង ៤០ នាទី​យប់ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៦ លើផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៤៦-២៤៧ ស្ថិតក្នុង​ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោងឫស្សី​។​


ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​នេះ​ជាការ​ប៉ះទង្គិច​រវាងរ​ថ​យន្ត​ម៉ាក Mercedes-Benz AMG GT53 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ កម្ពុជា C.S.6168 ជាមួយ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក Honda Dream ដែល​កំពុងធ្វើដំណើរ​ត្រឡប់​ពី​ការប្រគុំ​តន្ត្រី​មួយ​ក្នុង​ទីរួមស្រុក​មោងឫស្សី​។


យោងតាម​អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន​ឱ្យដឹងថា​៖ «​បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី រួមសហការជាមួយសមត្ថកិច្ចនគរបាល ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ អ្នកបើករថយន្ត បង្កគ្រោះថ្នាក់បានគេចខ្លួនពីកន្លែងកើតហេតុបាត់ដោយបន្សល់ទុករថយន្តបង្កនៅទីនោះហើយសមត្ថកិច្ច និងអ្នក​ជួយសង្គ្រោះនាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យ និងអ្នកស្លាប់ប្រគល់ជូនក្រុមគ្រួសារសព កើតហេតុ និងប្រមូលភស្តុតាងនានានៅកន្លែងកើតហេតុ»។


តាមរយៈ​ការស្រាវជ្រាវ​លើ​ផ្លាកលេខ​រថយន្ត សមត្ថកិច្ច​បានកំណត់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ថា ជា​យុវជន​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ កើត​ឆ្នាំ​២០០៦ មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​។


នគរបាល​បាន​ទំនាក់ទំនង​ទៅ​ឪពុក​របស់​យុវជន​រូបនេះ ដែល​បាន​បញ្ជាក់ថា រថយន្ត​នោះ​ជា​កម្មសិទ្ធិ​របស់​កូន​ពិតប្រាកដ ហើយ​កូន​បាន​បើក​ចេញពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​នៅ​ថ្ងៃកើតហេតុ​។​


ទោះជា​យ៉ាងណា គិត​មកដល់ពេលនេះ ក្រុមគ្រួសារ​នៅ​មិនទាន់​ដឹង​ទីតាំង​ស្ថិតនៅ​របស់​យុវជន​រូបនោះ​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​បាន​អំពាវនាវ​ឱ្យមាន​ការសហការ​នាំខ្លួន​មក​ប្រគល់ជូន​អាជ្ញាធរ ដើម្បី​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។​


ក្នុងករណីនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យ​អាជ្ញាធរធ្វើការស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកអ្នកបើកបរពិតប្រាកដ និងអនុវត្តច្បាប់ដោយគ្មានការលើកលែង។


លោកបានបញ្ជាក់ថា: «ត្រូវស្វែងរកឲ្យឃើញអ្នកដែលបើកបររថយន្តដែលបណ្ដាលឲ្យស្លាប់មនុស្សទាំង៦នាក់ ហើយអនុវត្តច្បាប់ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ»។


អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឱ្យ​ដឹងថា ​ថ្នាក់ដឹកនាំក្រសួង​​បានចាត់តាំងមេធាវីស្ម័គ្រចិត្តម្នាក់ ដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃជូនដល់គ្រួសារជនរងគ្រោះទាំង៦នាក់ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បុករត់ដ៏រន្ធត់នៅខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។


លោក ម៉ាលីន បានសរសេរ​លើបណ្ដាញសង្គម​ថា៖ «ក្នុងនាមក្រុមការងារចុះមូលដ្ឋានស្រុកមោងឫស្សី ខេត្តបាត់ដំបង ខ្ញុំសូមចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានទៅកាន់សុខគតិភព»។


​អ្នកនាំពាក្យ​នគរបាល​ខេត្តបាត់ដំបង​បញ្ជាក់ថា សមត្ថកិច្ច​កំពុង​បន្ត​ប្រមូល​ភស្តុតាង​បន្ថែម តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ដងផ្លូវ ចាប់ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង ព្រមទាំង​ប្រភព​ផ្សេងៗ ដើម្បី​បញ្ជាក់​និង​វាយតម្លៃថា យុវជន​ឈ្មោះ ស៊ីវ ជ័យ​សិ​ដ្ឋ ពិតជា​ជា​អ្នកបើកបរ​រថយន្ត​បង្កហេតុ ដែល​បណ្តាលឱ្យ​មានការ​ស្លាប់ និង​របួស​ដូច​បាន​រាយការណ៍​។​


សមត្ថកិច្ច​បានបញ្ជាក់​ថា ការស្រាវជ្រាវ​កំពុង​បន្ត​យ៉ាងសកម្ម ដើម្បី​ស្វែងរក​ជនសង្ស័យ​មក​ទ​ទួល​ខុសត្រូវ​តាមច្បាប់​ជា​ធរមាន​។ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ផ្តល់ព័ត៌មាន ប្រសិនបើ​មាន​តម្រុយ​ពាក់ព័ន្ធ​នឹង​ទីតាំង​របស់​ជនសង្ស័យ​៕


Post a Comment (0)
Previous Post Next Post