ចិនជួយកម្ពុជា​រំដោះដី​ជិត​២​ម៉ឺន​ហិកតា​ និង​​បន្ត​ផ្តល់ជំនួយ ដើម្បី​បង្កើនល្បឿន​ការ​បោសសម្អាត​មីន​​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ចិនជួយកម្ពុជា​រំដោះដី​ជិត​២​ម៉ឺន​ហិកតា​ និង​​បន្ត​ផ្តល់ជំនួយ ដើម្បី​បង្កើនល្បឿន​ការ​បោសសម្អាត​មីន​​

 ភ្នំពេញ៖ ភាគី​ចិនដែល​តាំង​ពី​ឆ្នាំ​២០១៨ បាន​ផ្ដល់​ជំនួយ​រំដោះដី​ពីគ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ជិត​២​ម៉ឺន​ហិកតា ​បានបញ្ជាក់​ជាថ្មី​ពី​ការបន្ត​ផ្តល់ជំនួយ​ទាំង​ថវិកា និង​បច្ចេកទេស​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដើម្បី​បង្កើនល្បឿន​ប្រតិបត្តិការ​បោសសម្អាត និង​ជួយ​ឱ្យ​កម្ពុជា​សម្រេចបាន​គោលដៅ​ជាតិ​របស់ខ្លួន។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (ស៊ីម៉ាក់​)​។​


​ការបញ្ជាក់​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​នៅ​ថ្ងៃទី​១ ខែមេសា រវាង​លោក ហេង រតនា អគ្គនាយក CMAC និងលោក​ វ៉ាង វិ​ន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ស្ថានទូត​ចិន​ប្រចាំរាជធានី​ភ្នំពេញ​។​


​បន្ទាប់ពី​ជំនួប លោក ហេង រតនា បានឱ្យដឹងថា ភាគី​ទាំង​ពីរបាន​ពិភាក្សា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នៅក្នុង​វិស័យ​សកម្មភាព​មីន ជាពិសេស​តាមរយៈ​គម្រោង​ជំនួយ​របស់​ចិន​ដែល​កំពុង​អនុវត្ត​ជាមួយ ស៊ីម៉ាក់​​។​


​លោក​បានបញ្ជាក់​ពី​វឌ្ឍនភាព​សំខាន់ៗ​ក្រោម «គម្រោង​ជំនួយ​ចិន​លុបបំបាត់​គ្រាប់មីន​នៅ​កម្ពុជា​» ដោយ​លើកឡើងថា ជំនួយ​របស់​ចិន​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​ពង្រីក​វិសាលភាព បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ប្រតិបត្តិកា​រ​បោសសម្អាត​មីន​។​


​លោក​បាន​ថ្លែង​ថា​៖ «ជំនួយ​របស់​ចិន រួមមាន​ទាំង​សម្ភារ​បច្ចេកទេស និង​ថវិកា បានអនុញ្ញាត​ឱ្យ ស៊ីម៉ាក់​ សម្រេចបាន​លទ្ធផល​គួរឱ្យកត់សម្គាល់​ក្នុងការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម»​។​


​យោងតាម​ទិន្នន័យ ស៊ីម៉ាក់​ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ គម្រោង​ដែលមាន​ការគាំទ្រ​ពី​ចិន​នេះ បាន​ជួយ​បោសសម្អាត​ផ្ទៃដី​ដែលមាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​បាន​ជាង ១៩,០០០ ហិកតា ខណៈ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ជាង ១០៥,០០០ គ្រាប់ ត្រូវបាន​រកឃើញ និង​កម្ទេចចោល​។​


​ជាមួយគ្នានេះ អង្គភាព​ស៊ីម៉ាក់​ បាន​ឆ្លើយតប​សំណើ​អន្តរាគមន៍​បន្ទាន់​ជាង ៥,៩០០ ករណី និង​ផ្តល់​ការអប់រំ​អំពី​គ្រោះថ្នាក់​មីន​ដល់​ប្រជាពលរដ្ឋ​ជាង ៤.៦ លាន​នាក់ នៅ​ទូទាំងប្រទេស​។ 


ប្រជាពលរដ្ឋ​ជាង ៣៧៨,០០០ គ្រួសារ ស្មើនឹង​ប្រហែល ១.៤៥ លាន​នាក់ បានទទួល​ផលប្រយោជន៍​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ពី​គម្រោង​នេះ​។​


​ឯកអគ្គរដ្ឋទូត​ចិន​បាន​​បញ្ជាក់ថា កម្ពុជា​បានសម្រេច​លទ្ធផល “​គួរឱ្យកត់សម្គាល់​” ក្នុង​ការធានា​សុវត្ថិភាព​សាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​


​លោក​ក៏បាន​បញ្ជាក់​ជំហរ​រឹងមាំ​របស់​ភាគី​ចិន ក្នុង​ការបន្ត​ផ្តល់​ជំនួយឥតសំណង និង​ការគាំទ្រ​ដល់​ប្រតិបត្តិការ​បោសសម្អាត​មីន​មនុស្សធម៌ ដើម្បី​បង្កើនល្បឿន​ការងារ​ឱ្យសម្រេចបាន​តាម​គោលដៅ​ដែល​បានកំណត់​។​


​លោក វិ​ន​ធៀន ត្រូវបាន​ស្រង់​សម្ដៅដោយ​​បាន​ថ្លែង​ថា​៖ «ចិន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបន្ត​គាំទ្រ​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព»។​


​កម្ពុជា​នៅតែ​ជា​ប្រទេសមួយ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការគាំទ្រ​ពី​អន្តរជាតិ និង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ស្រុក​ បាន​ជួយ​កាត់បន្ថយ​ការប៉ះពាល់ និង​គ្រោះថ្នាក់​យ៉ាងច្រើន​។​


​ការបន្ត​គាំទ្រ​ពី​ភាគី​ចិន ត្រូវបាន​រំពឹងថា​នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​កម្ពុជា ក្នុងការ​បោសសម្អាត​តំបន់​នៅ​សេសសល់ បង្កើត​សុវត្ថិភាព​សម្រាប់​សហគម​ន៍ និង​បើកឱកាស​អភិវឌ្ឍ​ដីធ្លី​សម្រាប់​កសិកម្ម និង​សេដ្ឋកិច្ច​។​


​លោក ហេង រតនា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន សម្រាប់​ការគាំទ្រ​ដែល​បានផ្តល់​ជា​បន្តបន្ទាប់ ដោយបាន​បញ្ជាក់ថា នេះ​ជា​កត្តា​សំខាន់​ក្នុងការ​អនុញ្ញាតឱ្យ ស៊ីម៉ាក់​ ពង្រីក​ប្រតិបត្តិការ​បាន​កាន់តែ​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​។​


​លោក​បាន​បន្ថែមថា កិច្ចសហប្រតិបត្តិការ​នេះ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ការងារ​បោសសម្អាត​មីន​ក្នុងប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​គោលដៅ​អភិវឌ្ឍ​ជាតិ និង​តួនាទី​កម្ពុជា​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍​លើ​ឆាក​អន្តរជាតិ​ផងដែរ​។​


Post a Comment (0)
Previous Post Next Post