លោក Joo-Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈុន (Incheon Chamber of Commerce and Industry-ICCI) បានសន្យាសហការផ្សព្វផ្សាយ និងទាក់ទងអ្នកវិនិយោគ និងភ្ញៀវទេសចរនៅកូរ៉េ ឱ្យមកវិនិយោគ និងទស្សនានៅប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត ក្នុងពេលលោកមកទស្សនកិច្ចស្វែងយល់ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា។
លោក Joo-Bong Park បានសន្យាបែបនេះ នៅពេលលោកបានដឹកនាំគណៈប្រតិភូជានាយកប្រតិបត្តិក្រុមហ៊ុនធំៗ ក្នុងតំបន់លើវិស័យផ្សេងៗរបស់កូរ៉េ មកជួបពិភាក្សាការងារជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣០ ខែមីនា ដើម្បីស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច និងសង្គមពិត ព្រមទាំងកាលានុវត្តភាពវិនិយោគ និងសក្តានុពលទេសចរណ៍កម្ពុជា។
នៅក្នុងជំនួបនោះ លោក Joo-Bong Park និងប្រតិកូរ៉េ បានប្រាប់ទៅលោក ហួត ហាក់ ពីចំណាប់អារម្មណ៍របស់ ICCI ទៅលើសក្ដានុពលសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជាដែលមាន ជាពិសេសគឺកត្តាសន្តិភាព ថិរភាពនយោបាយ សុខសុវត្ថិភាព និងការអភិវឌ្ឍនានា ដែលធានាបានដោយរាជរដ្ឋាភិបាលកម្ពុជា។
លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូកូរ៉េ ចំពោះការជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់កម្ពុជា ដែលគណៈប្រតិភូបានជ្រាបនាពេលនេះ ជាពិសេសការចាត់វិធានការណ៍ដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា លើការលុបបំបាត់ចោលទាំងស្រុងនូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយកំណត់ត្រឹមខែមេសា ឆ្នាំ២០២៦ តាមបទបញ្ជាដាច់ខាត និងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
បន្ថែមលើនេះភាគីទាំង២ បានពិភាក្សាផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើការជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំង២ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ ការផ្សព្វផ្សាយរួម ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្ពុជា-កូរ៉េ ព្រមទាំងការបង្កើតកញ្ចប់ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងធុរជនឱ្យកាន់តែច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
«ជាពិសេសកំណើនធុរជន និងភ្ញៀវទេសចរកូរ៉េមកកម្ពុជាឱ្យកាន់តែច្រើនឡើងនាឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលជាខួបលើកទី៣០នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ»។ លោក ហួត ហាក់ និងលោក Joo-Bong Park បានបញ្ជាក់បន្ថែម នៅក្នុងកិច្ចពិភាក្សា។
គួររំឭកថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឈុន (ICCI) បានបង្កើតឡើងតាំងពីឆ្នាំ១៨៨៥ ហើយកម្ពុជាបានចូលជាសមាជិក នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០១១ ហើយតាមរយៈសមាជិកភាពនេះ ICCI បានជួយគាំទ្រកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់អាជីវកម្មអន្តរជាតិ និងការរៀបចំជំនួបអាជីវកម្ម (B2B) ផ្សេងៗ ដែលមានសមាជិកចូលរួមជាង២៨ប្រទេស៕

