នាយកក្រុមហ៊ុន Olam Food Ingredients(OFI) ប្រចាំប្រទេសវៀតណាម លោក Gaurav Patil បានលើកឡើងថា ដោយពិនិត្យឃើញពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជា ក្រុមហ៊ុនរបស់លោកកំពុងមានបំណងពង្រីកការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ជាពិសេសការកែច្នៃស្វាយចន្ទី។
ព័ត៌មាននេះត្រូវបានលោក Gaurav Patil លើកឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម លោក Gaurav Patil បានប្រាប់ថា OFI គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Olam Group ដែលជាក្រុមហ៊ុនដ៏ធំមួយ មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងមានប្រតិបត្តិការនៅជាង ៦០ប្រទេស ដោយមានជំនាញអាជីវកម្មម្ហូបអាហារ និងកសិ-ពាណិជ្ជកម្ម ដែលបានផ្គត់ផ្គង់ដល់អតិថិជនជាច្រើនលាននាក់លើពិភពលោក។ លោកបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៧ មកក្រុមហ៊ុន Olam Group ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន Olam Outspan(Cambodia) នៅកម្ពុជាផងដែរក្នុងទិសដៅបន្តជំរុញ និងពង្រីកវិសាលភាពវិនិយោគបន្ថែមទៅលើការកែច្នៃស្វាយចន្ទីកម្ពុជា និងដំណាំសក្តានុពលកម្ពុជាបន្ថែមទៀត រួមមាន ស្វាយ ទុរេន ម្នាស់ ជាដើម។
លោកនិយាយថា៖«ដោយពិនិត្យឃើញអំពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជាជាមួយនឹងស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ក្រុមហ៊ុន OFI មានបំណងពង្រីកការវិនិយោគបន្ថែមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកែច្នៃស្វាយចន្ទី ព្រមទាំងស្នើសុំពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការអំណោយផល និងជំរុញការកែច្នៃផលិតផលសក្តានុពលកម្ពុជាឱ្យកាន់តែសម្បូរបែបជាបន្តបន្ទាប់នាពេលអនាគត»។
ជាការឆ្លើយតប លោកស្រីរដ្ឋមន្ត្រីបានបង្ហាញស្វាគមន៍ចំពោះទំនុកចិត្តរបស់ក្រុមហ៊ុនក្នុងការវិនិយោគ និងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា និងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធិក្នុងការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យកែច្នៃស្វាយចន្ទី និងផលិតផលសក្តានុពលផ្សេងទៀតឱ្យកាន់តែរីកចម្រើន។
ទិន្នន័យសមាគមស្វាយចន្ទីកម្ពុជា (សសក) ឱ្យដឹងថា ក្នុងឆ្នាំ២០២៥ កម្ពុជាប្រមូលផលស្វាយចន្ទីឆៅបានចំនួន ១ ០២០ ៧៥៧ តោន ក្នុងនោះការនាំចេញទៅវៀតណាមមានបរិមាណ ១ ០០០ ៧៥៧ តោន គិតជាទឹកប្រាក់ ១,៥ពាន់លានដុល្លា(កើន ២៧% បើធៀបឆ្នាំ២០២៤)។
គិតត្រឹមដើមឆ្នាំ២០២៥ កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥២ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម(សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤ ០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក ៤៨ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗមិនមានផលិតកម្មពេញ ១ឆ្នាំឡើយ។ នេះបើតាម លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា៕

