មេសន្តិសុខ​អ៊ីរ៉ង់​ត្រូវ​បានរាយការណ៍​ថា​ត្រូវ​បាន​សម្លាប់​ដោយ​អ៊ីស្រាអែល
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មេសន្តិសុខ​អ៊ីរ៉ង់​ត្រូវ​បានរាយការណ៍​ថា​ត្រូវ​បាន​សម្លាប់​ដោយ​អ៊ីស្រាអែល

 ប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់ លោក Ali Larijani និង​ មេបញ្ជាការកងកម្លាំង Basij លោក Gholamreza Soleimani ត្រូវ​បាន​សម្លាប់​នៅក្នុងការវាយប្រហារ​កាលពីយប់មិញ។ នេះបើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz និង​យោធា​អ៊ីរ៉ង់។


យ៉ាង​ណា​ក៏​ដោយ​ប្រទេសអ៊ីរ៉ង់ មិនទាន់បានធ្វើអត្ថាធិប្បាយជុំវិញការអះអាងទាំងនេះនៅឡើយទេ។


លោក Ali Larijani ត្រូវបានគេស្គាល់រាប់ទសវត្សរ៍មកហើយថាជាបុគ្គលប្រាកដនិយម និងចេះថ្លឹងថ្លែងនៅក្នុងជួរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់។ លោកគឺជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល ដោយបានជួយតម្រង់ទិសយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ចំពេលមានសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ Al Jazeera។


លោក​កើតនៅឆ្នាំ១៩៥៨ នៅទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់ ក្នុងគ្រួសារដ៏មានទ្រព្យសម្បត្តិមួយមកពីទីក្រុង Amol។ លោកគឺជាសមាជិកនៃខ្សែស្រឡាយដ៏មានឥទ្ធិពលមួយ ដែលទស្សនាវដ្តី Time ធ្លាប់បានពណ៌នាថាជា «ត្រកូល Kennedy នៃប្រទេសអ៊ីរ៉ង់»។


ឪពុករបស់លោកគឺជាបញ្ញវន្តសាសនាដ៏ល្បីល្បាញមួយរូប ហើយនៅអាយុ ២០ ឆ្នាំ លោក Larijani បានរៀបការជាមួយអ្នកស្រី Farideh Motahari ដែលជាកូនស្រីរបស់ជនជំនិតម្នាក់របស់ស្ថាបនិកសាធារណរដ្ឋឥស្លាម គឺលោក Ruhollah Khomeini។


បន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៧៩ លោកបានចូលរួមជាមួយកងបដិវត្តន៍ឥស្លាម (IRGC) មុនពេលផ្លាស់មកបម្រើការក្នុងរដ្ឋាភិបាល ដោយកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងក្រោយមកធ្វើជាប្រធានស្ថាប័នទូរទស្សន៍ និងវិទ្យុរដ្ឋ IRIB។


នៅឆ្នាំ២០០៥ លោកបានក្លាយជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល និងជាប្រធានអ្នកចរចាផ្នែកនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបានចុះចេញពីតំណែងនេះនៅឆ្នាំ២០០៧។


លោកបានចូលជាសមាជិកសភានៅឆ្នាំ២០០៨ និងបានបម្រើការជាប្រធានសភាចំនួន ៣ អាណត្តិជាប់ៗគ្នា ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការអនុម័តលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។


លោក Larijani បានត្រឡប់មកកាន់តំណែងជាលេខាធិការក្រុមប្រឹក្សាសន្តិសុខវិញនៅខែសីហា ឆ្នាំ២០២៥ ដោយលេចធ្លោជាថ្មីក្នុងនាមជាតួអង្គស្នូលនៅក្នុងជួរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់។


ស្រប​ពេល​មាន​ការ​សម្លាប់​ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់នេះ ក៏​មាន​ការ​វាយ​ប្រហារ​លើ​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​អ៊ីរ៉ាក់ សាជាថ្មី។ កាលពីថ្ងៃចន្ទ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានបង្កឲ្យមានអគ្គិភ័យនៅសណ្ឋាគារប្រណីតមួយ ក្នុងតំបន់បៃតង (Green Zone) ដែលមានការយាមកាមយ៉ាងតឹងរ៉ឹងក្នុងទីក្រុងបាកដាដ ដែលជាទីតាំងនៃអគាររដ្ឋាភិបាល និងស្ថានទូតបរទេសនានា។


នៅព្រឹកថ្ងៃអង្គារនេះ ស្ថានទូតអាមេរិក ដែលស្ថិតនៅក្នុងតំបន់ Green Zone ក៏បានក្លាយជាគោលដៅនៃការវាយប្រហារផងដែរ។ ដ្រូនចំនួន ៣ គ្រឿង និងរ៉ុក្កែតចំនួន ៤ គ្រាប់ បានវាយប្រហារលើស្ថានទូតនេះ ដោយយ៉ាងហោចណាស់មានដ្រូនមួយគ្រឿងបានធ្លាក់ចំខាងក្នុងទីតាំងនោះ។


សាក្សីម្នាក់ថ្លែង​​ថា ពួកគេបានឃើញដ្រូនយ៉ាងហោចណាស់ ៣ គ្រឿងហោះសំដៅទៅរកស្ថានទូតអាមេរិក។ យោងតាមសេចក្តីរាយការណ៍របស់ Reuters ដ្រូនពីរគ្រឿងត្រូវបានគេបាញ់ទម្លាក់ ប៉ុន្តែដ្រូន​ទីបីបាន​ធ្លាក់​ខាងក្នុងបរិវេណស្ថានទូត៕


Post a Comment (0)
Previous Post Next Post