ប្រទេសអូទ្រីស ចាប់អារម្មណ៍លើសក្តានុពល​ទេសចរណ៍កម្ពុជា និងចង់មាន​ជើងហោះហើរត្រង់ពីទី​ក្រុង Vienna មក​កម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ប្រទេសអូទ្រីស ចាប់អារម្មណ៍លើសក្តានុពល​ទេសចរណ៍កម្ពុជា និងចង់មាន​ជើងហោះហើរត្រង់ពីទី​ក្រុង Vienna មក​កម្ពុជា

 ស្ថានទូត​អូទ្រីស​ប្រចាំ​កម្ពុជា និង​ធុរជន​ពី​ប្រទេស​អូទ្រីស បាន​​បង្ហាញ​ការ​​ចាប់​អារម្មណ៍​លើ​សក្តានុពលទេសចរណ៍ និង​កាលានុវត្តភាព​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​បាន​ចាត់​​ទុក​ថា «ជាតារាទើបនឹងរះ» ដែលកើតចេញពីកត្តាសុខសន្តិភាព ហើយប្រទេស​នេះ ក៏ចង់មានជើងហោះហើរ​ត្រង់ពីទី​ក្រុង Vienna មកកាន់រាជធានី​ភ្នំពេញ ឬខេត្តសៀម​រាប​របស់​ប្រទេស​កម្ពុជា​ផងដែរ។


ដំណឹង​​ដ៏គួរ​​ឱ្យ​ចាប់​​អារម្មណ៍​នេះ ត្រូវ​បាន​​បង្ហើប​​ឱ្យ​​ដឹង នៅក្នុង​កិច្ច​​ពិភាក្សាការងារ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​​រវាង​​​លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ជាមួយ​​លោក Andreas Sumper អនុប្រធាន​បេសកកម្ម​ស្ថាន​ទូត​អូទ្រីស​ប្រចាំ​កម្ពុជា ព្រម​ទាំង​​លោក Max Gridling កុងស៊ុល​កិត្តិយស​អូទ្រីស និង​លោក Christian-Petru Ciochirca នាយក​ប្រតិបត្តិនៃ​ក្រុម​ហ៊ុន M8 M8imize GmbH  នៅ​ទីស្នាក់​ការ​​ក្រសួងទេសចរណ៍ កាលពី​​ថ្ងៃ​ទី ១៧ ខែ​មីនា។


នៅក្នុង​ការ​ពិភាក្សាការងារ​នោះ​ ​លោក Andreas Sumper បាន​ប្រាប់​លោក ហួត ហាក់ ពីបេសកកម្ម​ពាណិជ្ជកម្ម​របស់​ស្ថានទូត ដែល​បាន​ដឹកនាំ​ក្រុម​ហ៊ុនធំៗ ពី​ប្រទេស​អូទ្រីស​ជា​ច្រើនក្រុម​ហ៊ុន​ពី​អាជីវកម្ម​ផ្សេងៗ​គ្នា មក​សិក្សា​ស្វែង​យល់​ពី​សភាពការណ៍​នយោបាយ សេដ្ឋកិច្ច សង្គម និង​​កាលានុវត្ត​ភាព​វិនិយោគ ជាពិសេស​លើ​វិស័យ​ទេសចរណ៍។


ជាមួយគ្នា​នោះ តំណាង​ក្រុមហ៊ុន​មកពីប្រទេសអូទ្រីស បានណែនាំអំពីសកម្មភាព និងបទពិសោធរបស់ក្រុមហ៊ុន​របស់លោក លើការរៀបចំព្រឹត្តិការណ៍កីឡាកន្លងមក ដែលអាចរួមចំណែកជំរុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។


ជាការ​​ឆ្លើយ​តប លោក ហួត ហាក់ បាន​កោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតអូទ្រីសប្រចាំកម្ពុជា និងធុរជនអូទ្រីស​ជា​ប្រតិភូ ដែល​បាន​មក​សិក្សា​ស្វែង​យល់​ពី​សភាពការណ៍​នយោបាយ សេដ្ឋកិច្ច សង្គម​ពិត​ជាក់ស្តែ​ង ដែល​កំពុង​មាន​សុខ​សន្តិភាព និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។


លោក​រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហួត ហាក់ បានបញ្ជាក់​ថា៖​ «តាម​រយៈ​កត្តាសុខ​សុវត្តិភាព និងស្ថិរ​ភាព​​នយោបាយ បាន​​ផ្តល់​នូវ​កាលានុវភាព​វិនិយោគ និង​សក្តានុពល​ទេសចរណ៍​ដ៏​ល្អ​ប្រៀបដូច​ជា​តារា​ទើប​នឹងរះ បង្ហាញ​ដល់​អ្នក​វិនិយោគ និង​ភ្ញៀវទេសចរ​អន្តរជាតិ»។


តាម​រយៈ​កិច្ចពិភាក្សាការងារ ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យទេសចរណ៍ កាលពី​​ថ្ងៃ​អង្គារ​​នេះ ប្រតិភូ​​របស់​ប្រទេស​​អូទ្រីស បាន​បង្ហាញ​ការ​​ចាប់​អារម្មណ៍​លើ​សក្តានុពលទេសចរណ៍ និង​កាលានុវត្តភាព​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​​កម្ពុជា ហើយ​ភាគី​ទាំង​២ ក៏​កំពុង​ពិនិត្យ​​លទ្ធភាព​ជំរុញ​ឱ្យមាន​ជើង​ហោះហើរ​ត្រង់​មក​កាន់​ប្រទេស​​កម្ពុជា។


ជុំវិញការងារនេះ ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា៖ «ក្នុង​ជំនួប​ប្រកប​ដោយ​ផ្លែផ្កា គូភាគី​​បានបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់​តែល្អ ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ឱ្យ​កាន់​តែ​រីកចម្រើន ព្រម​ទាំង​ការ​ពិនិត្យ​​​លទ្ធភាព​ជំរុញ​​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង Vienna មក​កាន់​រាជ​ធានីភ្នំពេញ ឬ​ខេត្ត​សៀមរាប»។


គួរ​បញ្ជាក់ថា កម្ពុជា និងអូទ្រីស មាន​ទំនាក់​ទំនង​ការទូត​ដ៏ល្អជាមួយគ្នា តាំងពីឆ្នាំ១៩៥៦ ដោយ​មានរយៈពេលប្រមាណ៧០ឆ្នាំមកហើយ ដែលមាន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា រួម​ទាំង​វិស័យ​វិនិ​យោគ​ទេសចរណ៍ផង​ដែរ។ ក្នុង​ដើម​ឆ្នាំ២០២៦​នេះ មាន​ភ្ញៀវទេសចរ​អូទ្រីស​ច្រើន​ជាង២ ០០០នាក់ បាន​ធ្វើដំណើរ​ទេសចរណ៍​មក​លេង​គ្រប់គោល​ដៅ​ទេសចរណ៍​កម្ពុជា​ទាំងអស់ប្រកប​ដោយ​សុខ​សុវត្តិភាព និង​សោមនស្សរីករាយ៕


Post a Comment (0)
Previous Post Next Post