កម្ពុជាតវ៉ាងប្រឆាំងសកម្មភាពខុសច្បាប់របស់ថៃ និង អំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពទាំងនោះជាបន្ទាន់បន្ទាប់ពីយោធា និង ព្រះសង្ឃថៃ បាននឹងកំពុងសាងសង់ផ្លូវ រូបសំណាក និងសំណង់រឹងលើទឹកដីខ្មែរយ៉ាងហោចណាស់ ១៥ ទីតាំង។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១៧ មីនា ក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា បានថ្លែងថា ក្រោយបទឈប់បាញ់ថ្ងៃទី២៧ ធ្នូ បានចូលជាធរមាន ថៃបានធ្វើសកម្មភាពខុសច្បាប់ជាច្រើន រួមមានការសាងសង់លេណដ្ឋាន ផ្លូវ រូបសំណាកព្រពុទ្ធ ដាក់ទង់ជាតិថៃ និងសកម្មភាពផ្សេងៗនៅលើដែនដីកម្ពុជាដែលពួកគេកាន់កាប់។
នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។ នៅតំបន់មុំបី ខេត្តព្រះវិហារ គឺស្ថិតនៅម្តុំភ្នំ៤៦៩ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន រួមទាំងរូបសំណាកព្រះពុទ្ធផងដែរ។
នៅភូមិថ្មជូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវ ព្រមទាំងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន នៅភាគខាងលិចនៃតំបន់ដំណាក់ស្ដេច។
ចំណែកនៅតំបន់អានសេះ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងរចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន ព្រមទាំងលើកទង់ជាតិថៃ។
ក្រសួងថ្លែងថា៖ «សកម្មភាពស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើន រួមទាំងនៅម្តុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ និងភ្នំ៥០០ ដែលកងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយព្រះសង្ឃថៃបានសាងសង់រូបសំណាកព្រះពុទ្ធមួយអង្គ»។
សកម្មភាពឈូសឆាយ និងសាងសង់ថ្នល់និងសំណង់បេតុងអចិន្ត្រៃយ៍មួយចំនួននៅក្នុងដែលអធិបតេយ្យរបស់កម្ពុជា ក៏កើតមានឡើងនៅតំបន់តាថាវ ខេត្តព្រះវិហារ រួមទាំង ម្ដុំប្រាសាទដូនទុន ភ្នំ៥០៥ និងតំបន់ច្រកតាថាវ។
បន្ថែមពីលើនេះ នៅតំបន់តាស៊ឹម និងចាក់ច្រែង ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធអាចិន្ត្រៃយ៍មួយចំនួន។ នៅតំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ កងកម្លាំងថៃនិងព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំង ផ្សេងៗក្នុងទឹកដីកម្ពុជា។
ក្រសួងការបរទេសថ្លែងថា៖ «តំបន់ទាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧»។
ក្រសួងបន្តថា៖ «កម្ពុជាសូមអំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលបានធ្វើឡើងនៅក្នុងតំបន់ដូចបាន រៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នា ជៀសវាងសកម្មភាពឯកតោភាគី បន្ថែមទៀតនៅក្នុងតំបន់ខាងលើ និងធានានូវការអនុវត្តកិច្ចព្រមព្រៀង និងការរៀបចំពាក់ព័ន្ធទាំងអស់រវាង ប្រទេសទាំងពីរឱ្យបានពេញលេញ និងស្មោះត្រង់ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែន កម្ពុជា-ថៃ»។
កម្ពុជានៅតែអះអាងពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួន ក្នុងការស្វែង រកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា ព្រមទាំងប្តេជ្ញា ចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕

