ក្រសួងមួយចំនួន ចាប់​ផ្តើម​ពង្រឹង​វិធានការ​​កាត់​បន្ថយ និង​សន្សំ​សំចៃ​ថាមពល​អគ្គិសនី ស្របពេល​ប្រេងឥន្ធនៈ កំពុង​ឡើង​ថ្លៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងមួយចំនួន ចាប់​ផ្តើម​ពង្រឹង​វិធានការ​​កាត់​បន្ថយ និង​សន្សំ​សំចៃ​ថាមពល​អគ្គិសនី ស្របពេល​ប្រេងឥន្ធនៈ កំពុង​ឡើង​ថ្លៃ

 ក្រសួង​​មួយចំនួន បានចាប់​ផ្តើម​ពង្រឹង​វិធានការ ដើម្បី​កាត់​បន្ថយ និង​សន្សំ​សំចៃ​ថាមពល​អគ្គិសនី ដោយ​បានណែនាំ​ឱ្យ​ថ្នាក់​ដឹកនាំ និងមន្រ្តី​រាជការ​នៅតាមស្ថាប័ន និងអង្គភាព​ ស្ថិត​ក្រោមឱវាទ របស់​ខ្លួន ចូល​រួមអនុវត្ត​នូវ​វិធាននេះ​ឱ្យមាន​ប្រសិទ្ធ​ភាព ក្នុង​អំឡុង​ពេល​បំពេញ​ការងារ ដើម្បី​ធានា​បាន​​នូវ​ការ​​សន្សំ​សំចៃ​ថាមពល​អគ្គិសនី។


សេចក្ដីណែនាំ ស្តីពីការ​ពង្រឹង​វិធានការ ដើម្បី​កាត់​បន្ថយ និង​សន្សំ​សំចៃ​​ថាមពល​​អគ្គិសនី​​​នេះ ត្រូវបាន​​ធ្វើ​​ឡើង ស្របពេល​​ដែល​អាកាស​ធាតុ​នា​​​ពេល​បច្ចុប្បន្ន ​មានការ​ឡើងកម្ដៅ ធ្វើ​ឱ្យ​តម្រូវការ​ការ​ប្រើប្រាស់​ថាមពលអគ្គិសនី ក៏​មានការ​កើន​ឡើង​ខ្លាំង ខណៈ​ដែល​តម្លៃ​ប្រេងឥន្ធនៈមានការកើន​ឡើង​​ជា​បន្តបន្ទាប់​ដូចគ្នា។


ក្រសួងទេសចរណ៍ ទើបតែ​​បាន​​ចេញ​​សេចក្ដី​ណែនាំ​នេះ កាលពី​ថ្ងៃទី ១៧ ខែមីនា ​ដោយ​កំណត់​ឱ្យ​​​ថ្នាក់​ដឹកនាំ និងមន្ដ្រីរាជការ​នៃ​ក្រសួងទេសចរណ៍ទាំងអស់ ចូលរួម​កាត់​បន្ថយ និង​សន្សំ​សំចៃថាមពល​អគ្គិសនី នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ និង​នៅ​មន្ទីរទេសចរណ៍​រាជធានី ខេត្ត ក្នុងអំឡុង​ពេល​បំពេញការងារ ដោយត្រូវ​​អនុវត្ត​នូវ​វិធាន​ការ​​ចំនួន​៣ ដែលបានដាក់​ចេញ ចាប់ពីពេល​នេះ​ទៅ។​


វិធានការទី​​១ កំណត់​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់ ដោយ​ក្រសួង​​ទេសចរណ៍ កំណត់​ឱ្យ​​ប្រើ​​សីតុណ្ហភាព​ត្រឹម ២៥ °C (កម្រិតស្តង់ដាសន្សំសំចៃ), បិទ​ម៉ាស៊ីន​ត្រជាក់​ក្នុង​បន្ទប់​ប្រជុំ ក្រោយ​ពី​បញ្ចប់ការ​ប្រើ​ប្រាស់, បិទ​ម៉ាស៊ីន​ត្រជាក់ ១៥ ទៅ ៣០ នាទី មុន​ពេល​សម្រាក ឬ​មុន​ពេល​បញ្ចប់​ម៉ោងការងារ។


វិធានការ​ទី​​២ កំណត់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ពន្លឺ ដោយ​ក្រសួង​​តម្រូវ​​ឱ្យ​​បិទ​អំពូល​ភ្លើង​នៅ​តាម​កន្លែងដែល​មិន​ចាំ​បាច់ ឬ​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់, បិទ​អំពូល​ភ្លើង​ក្នុង​បន្ទប់​ធ្វើការ​រាល់​ពេល​ចេញទៅ​ខាង​ក្រៅ​លើស​ពី ១៥ នាទី, បិទ​អំពូល​ភ្លើង​ក្នុង​បន្ទប់​ទឹក ក្រោយ​ពី​ប្រើ​ប្រាស់​រួច, ជំរុញ​ការ​ប្រើប្រាស់​ពន្លឺ​ធម្មជាតិ​ដោយ​បើក​វាំងនន ដើម្បី​ឱ្យ​ពន្លឺ​ថ្ងៃ​ចូល​ក្នុង​បន្ទប់​គ្រប់​គ្រាន់ ជំនួស​ឱ្យ​ការ​បើក​អំពូល​ភ្លើង។


ចំណែក​វិធាន​ការ​​​ទី​៣ គឺ​​កំណត់​ការ​ប្រើ​ប្រាស់​សម្ភារការិយាល័យ ដោយ​ត្រូវ​​បិទ​កុំព្យូទ័រ (Shut down) និង​ដក​ខ្សែ​ភ្លើង​ឧបករណ៍​ផ្សេងៗ​នៅ​ពេល​បញ្ចប់​ការងារ​ប្រចាំ​ថ្ងៃ និង​​កំណត់​ឱ្យ​កុំព្យូទ័រ​ស្ថិត​​ក្នុង​ទម្រង់ "Sleep Mode" នៅ​ពេល​សម្រាក ហើយ​ក្រសួង បាន​បញ្ជាក់​​ទៅ​ថ្នាក់ដឹកនាំ និងមន្ត្រី​រាជការនៃ​ក្រសួងទេសចរណ៍​ទាំងអស់ ត្រូវ​​អនុវត្ត​វិធានការ​ទាំងនេះ​ឱ្យ​​មាន​​ប្រសិទ្ធភាព ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ចាប់ពី​​ថ្ងៃ​ចុះហត្ថលេខានេះតទៅ។


ដោយ​ឡែក​​ក្រសួង​ការងារ និង​បណ្ដុះបណ្តាលវជ្ជាជីវៈ ក៏​បាន​​សេចក្ដី​ណែនាំ​បន្ថែម ស្តីពី​​ការ​ចូលរួម​សន្សំ​សំចៃ​ការ​ប្រើប្រាស់​ថាមពលអគ្គិសនី​នេះ​​ដែរ ដោយ​ថ្នាក់​ដឹកនាំ និង​​មន្រ្តី​រាជការ​ចំណុះ​​ឱ្យ​ក្រសួង​មួយ​នេះ ត្រូវ​​អនុវត្ត​ទៅ​តាម​​វិធាន​ការ​​ចំនួន​​​៥ ទី​១ ត្រូវ​កំណត់​សីតុណ្ហភាព​ម៉ាស៊ីន​ត្រជាក់ក្នុង​បន្ទប់​​ការិយាល័យ សាល​ប្រជុំ​នានា ឬ​បន្ទប់​សិក្សា ត្រឹម​ឬ លើស​ពី ២៥​អង្សាសេ ចៀស​វាង​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​លើស​ពី​តម្រូវ​ការ។


ចំណែក​ទី​២ ត្រូវ​បិទ​អំពូល​ភ្លើង ម៉ាស៊ីន​ត្រជាក់ និង​ដក​ឌុយ​ចេញ​ពី​ឧបករណ៍​បរិក្ខារ​អគ្គិសនី​គ្រប់ប្រភេទ​ដែល​​មិន​​ចាំបាច់ ​ឬ​​នៅ​​ពេល​​ឈប់​​ប្រើ​​ប្រាស់ នៅ​ពេល​​ម៉ោង​​សម្រាក និង​​មុន​​ពេល​​ចាក​ចេញ​​ពី​បន្ទប់​ ការិយាល័យ សាល​ប្រជុំ ឬ​បន្ទប់​សិក្សា។ ទី​៣ ចំពោះ​ការ​បំភ្លឺ​ទី​សាធារណៈ ឬ​តាមរបង ត្រូវ​កំណត់​ពេល​បើក-បិទ ឱ្យ​បាន​ត្រឹម​ត្រូវ និង​ខ្ជាប់​ខ្ជួន ចៀស​វាង​បំភ្លឺ​ពេល​មិន​ទាន់​ងងឹត និង​បើក​ចោល​ពេល​ព្រឹក នៅ​ពេល​មាន​ពន្លឺ​ថ្ងៃ។


ចំពោះ​​វិធាន​ការ​​ទី​​៤ ក្រសួង​​បាន​​លើកទឹក​ចិត្ត​ឱ្យ​បើក​វាំងនន​ប្រើ​ប្រាស់​ពន្លឺ​ព្រះអាទិត្យ​ឱ្យ​អស់​លទ្ធភាព ជំនួស​ការ​បើក​អំពូល​ភ្លើង និង​​​ទី​​៥ ត្រូវ​បិទ​សេចក្ដីណែនាំ​បន្ថែម​នេះ នៅ​តាម​ទីតាំង​ដាក់ឧបករណ៍​អគ្គិសនី​ប្រើ​ប្រាស់ ហើយ​​ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ​​របស់​​ក្រសួងការងារ​​ទាំង​អស់ ត្រូវយក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធាន​ទាំងនេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់​ពីថ្ងៃចុះហត្ថលេខាតទៅ។


ក្រសួងបានបញ្ជាក់​​ថា៖ «ដើម្បី​ចូលរួម​សន្សំ​សំចៃ​ការ​ប្រើ​ប្រាស់​ថាមពល​​អគ្គិសនី ក្នុង​ស្ថានភាពដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​វិបត្តិ​ផ្គត់​ផ្គង់ និង​ការ​កើន​ឡើង​ថ្លៃ​ប្រេងឥន្ធនៈ​ជា​បន្ត​បន្ទាប់​ក្នុងអំឡុង​ពេល​នៃ​សភាពការណ៍​ជម្លោះ​នៅ​តំបន់ មជ្ឈិមបូព៌ា ក្រសួង​សូម​ធ្វើការ​ណែនាំ​បន្ថែម​ដល់ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជ​ការ​ទាំង​អស់ ដែល​កំពុង​បម្រើ​ការងារ​នៅ​​តាម​បណ្តា​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ត្រូវ​រួមគ្នា​ចូលរួម​សន្សំ​សំចៃ​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ទៅ​​តាម​វិធានការ (ដែលបានដាក់ចេញទាំងអស់នេះ)»៕


Post a Comment (0)
Previous Post Next Post