ក្រុមហ៊ុន​មក​ពី​អូទ្រីសបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងចាប់​ដៃ​គូយូរ​អង្វែងជាមួយកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រុមហ៊ុន​មក​ពី​អូទ្រីសបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងចាប់​ដៃ​គូយូរ​អង្វែងជាមួយកម្ពុជា

 ក្រុមហ៊ុន​ធំៗ​មក​ពី​ប្រទេស​អូទ្រីសចំនួន ១៩ បាន​បង្ហាញការ​ចាប់​អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា ខណៈ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ច្បាប់វិនិយោគល្អ​ប្រសើរ និង​មាន​កត្តា​រួមផ្សំ​ជាច្រើន​ទៀត​ដែលផ្តល់​ផល​វិជ្ជមាន​ទៅ​ដល់​វិនិយោគិន​។


ចំណាប់​អារម្មណ៍​​ទាំង​អស់​នេះ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដែល​រៀបចំធ្វើ​​​នៅ​ទីស្នាក់ការ​របស់ CDC នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ វេទិកានេះ​មាន​ការ​ចូល​រួម​ពី​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រម​ទាំង​ការ​ចូល​រួម​ពី​សំណាក់​គណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗចំនួន ១៩ ដែល​ដឹកនាំដោយ លោក Andreas Sumper អនុប្រធានបេសកកម្ម​នៃស្ថានទូតអូទ្រីស​ប្រចាំព្រះរាជាណាចក្រកម្ពុជា។


វេទិកា​នេះ​ក៏​មាន​ការចូលរួមផងដែរពីតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអប់រំយុវជននិងកីឡា, សមាគមឧកញ៉ាកម្ពុជា, និងសភាពាណិជ្ជកម្មកម្ពុជា។


យោង​តាម CDC វេទិកាធុរកិច្ចកម្ពុជា-អូទ្រីស គឺ​ជាផ្នែកមួយដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មធំបំផុតមិនធ្លាប់មានពីមុនមក​របស់គណៈប្រតិភូក្រុមហ៊ុនអូទ្រីសនៅក្នុងប្រទេស​​កម្ពុជា។ វេទិកានេះត្រូវបានរៀបចំឡើងឱ្យមានលក្ខណៈ​យុទ្ធសាស្ត្រដែលអនុញ្ញាតឱ្យវិនិយោគិនអូទ្រីស​មានឱកាសទទួលបាននូវការឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ បរិបទទីផ្សារនៅកម្ពុជា និងការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធដោយយកចិត្តទុកដាក់ ហើយរំពឹងថាវានឹងក្លាយជាមូលដ្ឋានគ្រឹះនៃការបង្កើតទំនាក់ទំនងធុរកិច្ចថ្មីៗនៅកម្ពុជា។


អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានប្រាប់​​​គណៈប្រតិភូក្រុមហ៊ុនអូទ្រីសថា កម្ពុជាគឺ​ជាគោលដៅវិនិយោគមួយ​ក្នុងចំណោមគោលដៅដែលមានថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាមួយនឹងច្បាប់វិនិយោគដែលមានអំណោយផលខ្ពស់, ការយកចិត្តទុកដាក់ពីសំណាក់​រដ្ឋាភិបាល​ចំពោះផ្នែក​ឯកជន, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាដែលបានកំពុងអភិវឌ្ឍយ៉ាងសកម្ម, ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលចំពោះការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលសិទ្ធសឹងជាកត្តាសំខាន់ក្នុងការបង្កើតនូវបរិយាកាសដ៏ទាក់ទាញសម្រាប់ការស្វែងរកឱកាសវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស។ 


ជាការ​ឆ្លើយ​តប តំណាងគណៈប្រតិភូក្រុមហ៊ុនអូទ្រីស បានអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ CDC និង​ផ្នែក​ឯកជន​​កម្ពុជា​​សម្រាប់កិច្ចសហការដ៏ល្អប្រសើរ និងការគាំទ្រយ៉ាងកក់ក្តៅក្នុងការបេសកកម្មនេះ។


CDC បាន​បញ្ជាក់​ថា៖​«​វេទិកាធុរកិច្ចនេះ ត្រូវបានរំពឹងថានឹងក្លាយជាបោះជំហានដ៏សំខាន់មួយ​ក្នុងការផ្លាស់ប្តូរពីការពិភាក្សា ទៅជាការបង្កើតនូវទំនាក់ទំនងធុរកិច្ចទ្វេភាគី (B2B) យ៉ាងពិតប្រាកដ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូទ្រីស ភាគីទាំងពីរមានទំនុកចិត្តថា​នឹងមានវត្តមានរបស់ក្រុមហ៊ុនអូទ្រីសនៅកម្ពុជាបន្ថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព។


កាល​ពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៦ នៅ​ក្នុង​ជំនួប​ជា​មួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោកស្រី Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីរបស់​ប្រទេស​អូទ្រីស​ប្រចាំ​នៅកម្ពុជា​ ធ្លាប់​បាន​សន្យាថា នឹងខិតខំ​ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងអូទ្រីស ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោក​ស្រីអះអាង​ថា នៅពេលខាងមុខនឹងមានធុរជនអូទ្រីស ជាង ១០ក្រុមហ៊ុនធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគផ្ទាល់ ឬ​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ក្នុង​ស្រុក​។


សមាជិកសភាពាណិជ្ជកម្មកម្ពុជា លោក សំ សុខនឿន ដែល​​ចូល​រួម​ផ្ទាល់​ក្នុង​វេទិកាធុរកិច្ចកម្ពុជា-អូទ្រីស បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​១៧ ខែ​មីនាថា ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ធំៗ​ទាំង ១៩ មក​ពី​ប្រទេស​អូទ្រីស​ពិត​ជា​​បង្ហាញ​​ចំណាប់​អារម្មណ៍​ចំពោះ​ឱកាសចូល​មក​​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ ព្រោះ​កម្ពុជា​មាន​ច្បាប់​វិនិយោគ​អំណោយ​ផល និងមាន​​កត្តារួម​ផ្សំជាច្រើន​​​ទៀត​។ បច្ចុប្បន្ន​កម្ពុជា​ក៏​ជា​ទីតាំង​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​​បរទេស​ល្អ​ជាង​គេ​ផងដែរ​នៅ​ក្នុង​តំបន់អាស៊ាន។​​ 


លោក​បាន​ថ្លែង​ថា៖​«ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះនឹង​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​អូទ្រីស​ចូល​មក​វិនិយោគ​ផ្ទាល់​នៅកម្ពុជា»​


បើ​តាមលោក សុខនឿន ក្រុមហ៊ុន​ធំៗ​ទាំង​នោះ​មាន​មក​ពី​​វិស័យចម្រុះ​ជា​ច្រើន​ ដូចជា វិស័យ​​សំណង់ សាងសង់​ផ្លូវ​ដែក សេវាកម្ម និង​រោងចក្រ​ផលិតគ្រឿង​បច្ចេក​វិទ្យា ជាដើម​៕​


Post a Comment (0)
Previous Post Next Post