កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» នៅតំបន់ផាប់ស្ទើត (Pub Street) ខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ឱ្យបានកាន់តែទូលំទូលាយ។
ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» នៅថ្ងៃទី ១៧ ខែមីនានេះ ដោយបញ្ជាក់ពីការសហការជាមួយរដ្ឋបាលខេត្តសៀមរាប ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងភាគីចិន ដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អ។
តាមសេចក្តីជូនដំណឹងដដែលនេះ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៨:០០នាទី នៅតំបន់ផាប់ស្ទើត ខេត្តសៀមរាប គឺមានការចូលរួមសម្ដែងសិល្បៈរួមគ្នារបស់ក្រុមសិល្បករ សិល្បការិនីកម្ពុជា និងសិល្បករ សិល្បការិនីមកពី ប្រទេសចិន ព្រមទាំងដង្ហែរក្បួនសិល្បៈផងដែរ។
ការរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» នៅខេត្តសៀមរាបនេះ ក៏ដើម្បីផ្សព្វផ្សាយការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការ សម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលសាកល្បង ៤ខែ ឆ្នាំ២០២៦នេះ ដែលរាជរដ្ឋាពិបាលកម្ពុជា ទើបតែអនុញ្ញាតឱ្យដំណើរការកាលពីពេលថ្មីៗនេះ។
ក្រសួងទេសចរណ៍បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា៖ «ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីបន្តអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងផ្សព្វផ្សាយ ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC)ទាំងអស់ ដោយផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពី ថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សំដៅទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត»។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ អ្នកផលិតមាតិកា និង សាធារណជន ឱ្យមានចូលរួម «មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ដោយឥតគិតថ្លៃ និងជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយ និងបានច្រើនកុះករ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែន PRC ទាំងអស់ ទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសផ្សេងទៀតក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យកាន់តែច្រើន និងទាញប្រយោជន៍សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា។
សម្រាប់រយៈពេលសាកល្បងការលើកលែងទិដ្ឋាការ PRC ក្នុងអំឡុងពេលរដូវកាលបៃតង ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦នេះ គឺភ្ញៀវចិនអាចស្នាក់នៅរយៈពេល ១៤ ថ្ងៃ ដោយភ្ញៀវចិន មកកម្ពុជា ប៉ុន្មានលើកក៏បាន (Multiple Entries) និងពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival Card៕

