កម្លាំងចម្រុះនៃបញ្ជាការឯកភាពរាជធានីភ្នំពេញបាន ចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មួយកន្លែងស្ថិតក្នុងសណ្ឋាគារ Wyndham Grand Phnom Penh Capital ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនមនុស្សជាង ៣០០នាក់។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១២ ខែមេសា ដោយសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ៣១១ នាក់ (ស្រី្ត ៣១ នាក់) មាន ៥ សញ្ជាតិ ក្នុងនោះមាន ជនជាតិចិន ២៥៤ នាក់ គ្មានលិខិតឆ្លងដែន ១៤៤ នាក់, ជនជាតិម៉ាឡេស៊ី ៣០ នាក់, ជនជាតិវៀតណាម ២៣ នាក់ និង ជនជាតិឥណ្ឌា ២ នាក់។ ទូរស័ព្ទសរុប ៦១៥ គ្រឿងត្រូវបានរឹបអូស រួមជាមួយនិងកុំព្យូទ័រជាច្រើនគ្រឿងទៀត។
ជនសង្ស័យប្រើទីតាំងនេះដើម្បីប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដូចជា ការអូសទាញអោយវិនិយោគ, ការឆបោកតាមក្រោមរូបភាពវិនិយោគប្រើប្រាស់ក្រុមហ៊ុនមួយនៅសិង្ហបុរី ហើយយកគោលដៅលើជនរងគ្រោះនៅប្រទេសម៉ាឡេស៊ី, ការឆបោកលួងលោមឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល, ការឆបោកតាមក្រោមរូបភាពក្លែងបន្លំជាមន្រ្តីរដ្ឋាភិបាលមានគោលដៅទៅតៃវ៉ាន់, ព្រមទាំងរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនផងដែរ។ នេះបើតាមសមត្ថកិច្ច។
ជនបរទេសទាំង៣១១ នាក់ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ការបង្ក្រាបទ្រង់ទ្រាយធំនេះ ធ្វើឡើងក្រោយពេលច្បាប់ប្រឆាំងបទល្មើសឆបោកតាមអនឡាញត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី៦ ដែលច្បាប់នេះបានស្នើឲ្យម្ចាស់ផ្ទះសហការនិងហាមមិនឲ្យជួលផ្ទះឬទីតាំងអចលនទ្រព្យរបស់ពួកគេឲ្យទៅជនឆបោកតាមអនឡាញ។
លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ជាថ្មីម្តងទៀត បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក។
សម្រាប់ម្ចាស់ផ្ទះ ឬអគារ ពួកគេត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា៕

