ព្រៃកោងកាងអាចស្រូបនិងរក្សាទុកកាបូនបានរាប់រយឆ្នាំ សម្រាប់ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការឡើងកម្ដៅផែនដី
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ព្រៃកោងកាងអាចស្រូបនិងរក្សាទុកកាបូនបានរាប់រយឆ្នាំ សម្រាប់ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការឡើងកម្ដៅផែនដី

 ភ្នំពេញៈ បើប្រៀបធៀបជាមួយនឹងព្រៃឈើទូទៅ ព្រៃកោងកាងអាចមានសមត្ថភាពខ្ពស់ជាងក្នុងការស្រូបយកកាបូនឌីអុកស៊ីត (CO2) ដែលជាឧស្ម័នផ្ទះកញ្ចក់ បង្កឱ្យមានការប្រែប្រួលអាកាសធាតុ ខណៈដែលកោងកាងដ៏មានសារៈសំខាន់នេះកំពុងទទួលរងការគំរាមកំហែងពីការអភិវឌ្ឍតំបន់ឆ្នេរ ការបំពុល និងការកាប់បំផ្លាញ។


ក្រសួងបរិស្ថានបានលើកឡើងនៅថ្ងៃសុក្រ ទី១០ ខែមេសានេះថា ព្រៃកោងកាង ដែលជាព្រៃឈើដុះនៅតាមតំបន់ឆ្នេរក្នុងតំបន់ត្រូពិច និងតំបន់រងត្រូពិចនោះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ប្រព័ន្ធអេកូឡូស៊ីដ៏វិសេសវិសាលនេះ បង្កើតឡើងដោយដើមឈើ និងរុក្ខជាតិដែលធន់នឹងជាតិប្រៃ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារឆ្នេរសមុទ្រ ទ្រទ្រង់ជីវៈចម្រុះ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។


ក្រៅពីអត្ថប្រយោជន៍ដែលមើលឃើញផ្ទាល់ភ្នែក ព្រៃកោងកាងក៏ជាធនធានធម្មជាតិដ៏មានឥទ្ធិពលបំផុតមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ មូលហេតុចម្បងដែលធ្វើឱ្យព្រៃកោងកាងមានសារៈសំខាន់ខ្លាំង គឺសមត្ថភាពរបស់វាក្នុងការធ្វើជា «អាងស្រូបយកកាបូន» (Carbon Sink)។ អាងស្រូបយកកាបូន គឺជាដំណើរការដែលស្រូបយកឧស្ម័នកាបូនិកពីបរិយាកាស បានច្រើនជាងការបញ្ចេញមកវិញ។


ក្រសួងបានពន្យល់ថា តាមរយៈដំណើរការរស្មីសំយោគ ដើមកោងកាងបានចាប់យកឧស្ម័នកាបូនិក ហើយរក្សាទុកវានៅក្នុងដើម ឫស និងដីដែលនៅជុំវិញនោះ។ អ្វីដែលធ្វើឱ្យព្រៃកោងកាងមានប្រសិទ្ធភាពពិសេសនោះគឺថា កាបូនភាគច្រើនត្រូវបានរក្សាទុកនៅក្រោមដីក្នុងល្បាប់ភក់ដែលជោកជាំដោយទឹក ដែលវាអាចជាប់នៅទីនោះ«បានរាប់រយ ឬរហូតដល់រាប់ពាន់ឆ្នាំ»។ក្រសួងបញ្ជាក់ថា៖«បើប្រៀបធៀបជាមួយព្រៃឈើដទៃទៀត ព្រៃកោងកាងអាចផ្ទុកកាបូនបានច្រើនជាងឆ្ងាយណាស់ក្នុងផ្ទៃដីដែលមានទំហំប៉ុនគ្នា។ កត្តានេះធ្វើឱ្យពួកវាជាដំណោះស្រាយធម្មជាតិដ៏ចាំបាច់ សម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងពន្យឺតការឡើងកម្ដៅផែនដី។ ដូច្នេះ ការការពារ និងការស្តារព្រៃកោងកាងឡើងវិញ អាចរួមចំណែកដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងបញ្ហាអាកាសធាតុ ទាំងក្នុងកម្រិតមូលដ្ឋាន និងកម្រិតសកល»។


ក្រៅពីការរក្សាទុកកាបូន ព្រៃកោងកាងផ្តល់នូវអត្ថប្រយោជន៍ប្រចាំថ្ងៃជាច្រើនដល់សហគមន៍។ ពួកវាដើរតួនាទីជារបាំងធម្មជាតិការពារទប់ទល់នឹងខ្យល់ព្យុះ កាត់បន្ថយការច្រោះបាក់ដីឆ្នេរសមុទ្រ និងជួយកែលម្អគុណភាពទឹក។ ព្រៃកោងកាងក៏ជាជម្រកពងកូនសម្រាប់ត្រី និងសត្វសមុទ្រផ្សេងៗទៀត ដែលជួយទ្រទ្រង់ដល់វិស័យជលផល ដែលមនុស្សជាច្រើនពឹងផ្អែកលើសម្រាប់ជាអាហារ និងប្រភពចំណូល។


ទោះជាយ៉ាងណាក៏ដោយ ព្រៃកោងកាងកំពុងរងការគំរាមកំហែងពីការអភិវឌ្ឍតំបន់ឆ្នេរ ការបំពុល និងការកាប់បំផ្លាញ។ នៅពេលដែលព្រៃឈើទាំងនេះត្រូវបានបំផ្លាញ មិនត្រឹមតែបាត់បង់អត្ថប្រយោជន៍អេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែកាបូនដែលបានផ្ទុកទុក ក៏នឹងត្រូវបញ្ចេញទៅក្នុងបរិយាកាសវិញ ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ។


ក្រសួងបានណែនាំថា សម្រាប់សាធារណជនទូទៅ ការការពារព្រៃកោងកាងអាចចាប់ផ្តើមដោយសកម្មភាពសាមញ្ញៗដូចជា ការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្ស ការកាត់បន្ថយសំណល់និងការបំពុល និងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់របស់វា។ តាមរយៈការឱ្យតម្លៃ និងការថែរក្សាប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ប្រជាពលរដ្ឋអាចជួយការពារទាំងបរិស្ថាន និងអនាគតរួមរបស់មនុស្សជាតិ។


ប្រទេសកម្ពុជា មានព្រៃកោងកាងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ ៦ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តជាប់ឆ្នេរសមុទ្រ ដូចជា ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។ ខេត្តកោះកុងមានទំហំធំជាងគេ គឺប្រមាណជាង៤ម៉ឺនហិកតា ស្មើនឹង៨០%ភាគរយ នៃផ្ទៃដីព្រៃកោងកាងនៅកម្ពុជា៕



Post a Comment (0)
Previous Post Next Post