ទាហានថៃបាញ់កាំភ្លើងចំនួន ៩ គ្រាប់ អំឡុងពេលទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសនៅ​អូរស្មាច់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ទាហានថៃបាញ់កាំភ្លើងចំនួន ៩ គ្រាប់ អំឡុងពេលទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសនៅ​អូរស្មាច់

 ទាហានថៃបានបាញ់កាំភ្លើងចំនួន ៩ គ្រាប់ ប្រភេទអាវុធ M79 និង M16 នៅក្នុងអំឡុងពេលដែលកម្ពុជា ដឹកនាំក្រុមអនុព័ន្ធយោធាបរទេសចុះត្រួតពិនិត្យចំណុចព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី ២៩ ខែមេសានេះ។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ


លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា នៅវេលាម៉ោង ១០:២០នាទីព្រឹក ថ្ងៃពុធ ទី២៩ ខែមេសានេះ ក្រសួងការពារជាតិបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។


លោកស្រីបញ្ជាក់ថា មុនការចេញដំណើរទស្សនកិច្ចនេះ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។


បើតាមអ្នកនាំពាក្យក្រសួងការពារជាតិដដែល​ ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។​


ចំពោះ​ការ​ផ្ទុះអាវុធ​នេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។


គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះគឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។


ក្រសួងការពារ​ជាតិ​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា ក្នុង​ការ​គោរព​បទឈប់បាញ់ និង ជំហរ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី៕


Post a Comment (0)
Previous Post Next Post