ទំហំទីផ្សារ​ធានារ៉ាប់រង​កម្ពុជា បាន​កើនដល់ ៣៦៧ លានដុល្លារ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ទំហំទីផ្សារ​ធានារ៉ាប់រង​កម្ពុជា បាន​កើនដល់ ៣៦៧ លានដុល្លារ​

 ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា ក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ប្រមាណ ៣៦៧ លានដុល្លារ ដោយ​បានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិប្រមាណ ១,១១% នៃផលិតផល​ក្នុង​ស្រុកសរុប(ផ.ស.ស.) និងមាន​ដង់ស៊ីតេធានារ៉ាប់រងចំនួន ២០,៩៥ ដុល្លារអាមេរិកក្នុងមនុស្សម្នាក់។


នេះ​បើតាម​លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ​និយ័តករធានារ៉ាប់រងកម្ពុជា ក្នុង​«ទិវាធានារ៉ាប់រងកម្ពុជា ២០២៦​» ដែល​រៀបចំ​ឡើងចាប់​ពី​ថ្ងៃ​ទី​២៥-២៦ ខែ​មេសា ឆ្នាំ​២០២៦ ដោយ​និយ័តករធានារ៉ាប់រងកម្ពុជា ក្រោមកិច្ចសហការជាមួយសមាគម​ធានារ៉ាប់រងកម្ពុជាសមាគមជើងសាធានារ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រង ​នៅ​នៅ​ខេត្ត​សៀមរាប។ ពិធី​នេះ​ក៏​មាន​​ការ​ចូល​រួម​ពី​​លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ព្រម​ទាំង​អ្នក​ពាក់​ព័ន្ធ​ជាច្រើន​ទៀត​។​


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​និយ័តករធានារ៉ាប់រងកម្ពុជា ទិវាធានារ៉ាប់រងកម្ពុជា ២០២៦ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ ១.លើកកម្ពស់ការយល់ ដឹងនិងជំរុញការផ្សព្វផ្សាយអំពីសេវាធានារ៉ាប់រងជូនសាធារណជន, ២.បង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាល​ក្នុងការជំរុញឱ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ច កោណដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល, និង៣.​បង្ហាញដល់សាធារណជនឱ្យបានជ្រាបថា វិស័យធានារ៉ាប់​រងជាផ្នែកដ៏សំខាន់មួយ​ដែលមានតួនាទីសកម្ម និងចាំបាច់ក្នុងការចូលរួមចំណែកកសាង​សំណាញ់សុវត្ថិភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។


លោក ប៊ូ ច័ន្ទភីរូ បាន​និយាយ​ថា វិស័យ​ធានារ៉ាប់រង​កម្ពុជាបាន​បង្ហាញ​ពី​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ជាក់​ស្តែង ក្នុងឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងកម្ពុជាមានគ្រឹះស្ថានធានារ៉ាប់រង​សរុបចំនួន ១១២ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​ ១៣, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច ៧, ក្រុមហ៊ុនធានារ៉ាប់រងបន្ត ១, ក្រុមហ៊ុនជើងសាធានារ៉ាប់រង ២០, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង ៤៤, ក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង ៥, ក្រុមហ៊ុនគ្រប់គ្រងសំណងធានារ៉ាប់រង ២, និងក្រុមហ៊ុនគណនាបុព្វលាភធានារ៉ាប់រងចំនួន ២ ដែល​កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង។


លោក​បាន​បន្ត​ថា ​ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា​បានកើនឡើងដល់ប្រមាណ ៣៦៧ លានដុល្លារ ក្នុងឆ្នាំ២០២៥ និងបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជាជាអត្រាភាគទានធានារ៉ាប់រងប្រមាណ ១,១១% នៃ ផ.ស.ស. និងដង់ស៊ីតេធានារ៉ាប់រងចំនួន ២០,៩៥ ដុល្លារក្នុងមនុស្សម្នាក់។


លោក​បាន​បញ្ជាក់​​ថា៖​«​សូចនាករគន្លឹះទាំងពីរនេះ​បញ្ជាក់ថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេងសម្រាប់ការរីកចម្រើននាពេលខាងមុខ ហើយក៏បញ្ជាក់ផងដែរថាកង្វះ​ការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និង​ជំនឿទុកចិត្តរបស់អតិថិជនលើក្រុមហ៊ុនធានារ៉ាប់រង គឺជាបញ្ហាប្រឈមមួយដែលទាមទារឱ្យមានការផ្សព្វផ្សាយ និងអប់រំបន្ថែមទៀតអំពីខ្លឹមសារនិងអត្ថប្រយោជន៍នៃការធានារ៉ាប់រង»។


រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក រស់ សីលវ៉ា បាននិយាយថា វិស័យ​ធានារ៉ាប់រង គឺ​ពិត​ជា​មាន​សារៈសំខាន់ណាស់​ក្នុង​ការ​ទ្រទ្រង់​ប្រព័ន្ធ​សន្តិសុខសង្គ និង​រួមចំណែក​យ៉ាង​ខ្លាំងក្លាដល់​​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។ កម្ពុជា​ពិត​ជា​មាន​ភាពចាំបាច់​ក្នុង​ការ​ជំរុញទីផ្សារ​ធានារ៉ាប់រង​របស់​ខ្លួន​រីក​ចម្រើន​ទៅមុខ​បន្ថែម​ទៀត​៕​


Post a Comment (0)
Previous Post Next Post