ក្រសួងបរិស្ថានធ្វើការស៊ើបអង្កេតករណីរោងចក្រស្វាយ ចោទប្រកាន់មន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺពីរនាក់ទារប្រាក់ ១ ៥០០ដុល្លារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងបរិស្ថានធ្វើការស៊ើបអង្កេតករណីរោងចក្រស្វាយ ចោទប្រកាន់មន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺពីរនាក់ទារប្រាក់ ១ ៥០០ដុល្លារ

 ភ្នំពេញៈ ក្រសួងបរិស្ថានបានអះអាងថា នឹងធ្វើការស៊ើបអង្កេតទៅលើករណីដែលរោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងក្នុងខេត្តកំពង់ស្ពឺបានចោទប្រកាន់មន្រ្តីបរិស្ថានខេត្តចំនួនពីរនាក់ថា បានទារលុយចំនួន ១ ៥០០ដុល្លារ ខណៈចុះបំពេញបេសកកម្មដោយគ្មានលិខិតស្មាមនៅរោងចក្រស្វាយនេះ កាលពីពេលថ្មីៗនេះ។ 


អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី៤ ខែមេសាថា​ បន្ទាប់ពីទទួលបានទទួលព័ត៌មានពីការចោទប្រកាន់នេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតនឹងធ្វើការស៊ើបអង្កេតលើករណីនេះ ហើយបើរកឃើញថា ពួកគេបានប្រព្រឹត្តដូចការចោទប្រកាន់មែន នោះនឹងមានការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឬអង្គភាពប្រឆាំងអំពើពុករលួយ។


លោក ខ្វៃ អាទិត្យាបានថ្លែងដូច្នេះថា៖«ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អ៊ាង សុផល្លែត មានប្រសាសន៍ថានឹងធ្វើការលើរឿងនេះ ហើយនឹងអាចមានការបញ្ជូនសំណុំរឿងទៅតុលាការ ឬក៏អង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើមានករណីកើតឡើងពិតប្រាកដ ហើយក៏យកចិត្តទុកទុកដាក់ដល់មន្រ្តីដែលធ្វើល្អផងដែរ។ ប្រសិនបើរឿងនេះមិនពិត យើងត្រូវតែមានភាពយុត្តិធម៌ជូនពួកគាត់ដែលខិតខំបំពេញការងារក្នុងបុព្វហេតុបរិស្ថាន និងប្រជាពលរដ្ឋយើង»។  


ទោះយ៉ាងណា មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរ៍ម្សិលមិញបានចេញលិខិតច្រានចោលការចោទប្រកាន់ ដែលត្រូវបានចុះផ្សាយតាមសារព័ត៌មានអនឡាញ Sokia UN កាលពីថ្ងៃទី៣ ខែមេសា។ សារព័ត៌មាននេះបានចោទប្រកាន់ថា ប្រធានការិយាល័យគាំពារបរិស្ថានខេត្តកំពង់ស្ពឺ នឹងមន្ត្រីម្នាក់បានចុះត្រួតពិនិត្យរោងចក្រ ដំណាប់ស្វាយ​ ហើយទារលុយចំនួន ១ ៥០០ដុល្លារ ដោយចរចានៅសល់ ៦០០ដុល្លារ ហើយថែមទាំងគ្មានប៉េ ឬ ការអនុញ្ញាតពីរដ្ឋបាលខេត្តទៀតផង។ 


លិខិតបំភ្លឺបានអះអាងថា មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចាត់មន្ត្រីឱ្យទៅបំពេញការងារចុះពិនិត្យ ដោះស្រាយ រាល់ការបំពុលដល់សាធារណជន បរិស្ថាន និងសង្គម របស់រោងចក្រកែច្នៃដំណាប់ផ្លែឈើ(ដំណាប់ស្វាយ) ទៅតាមការលើកឡើងក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ 


មន្ទីរបានបន្តថា ក្នុងពេលបេសកម្មចុះពិនិត្យករណីរោងចក្រដំណាប់ស្វាយដែលមានរូបភាពដូចបានចុះផ្សាយនេះ គឺជារូបភាពមន្ត្រីកំពុងសសេរកំណត់ហេតុ និងធ្វើការណែនាំ ដល់ម្ចាស់រោងចក្រឱ្យទទួល ខុសត្រូវក្នុងការរៀបចំគ្រប់គ្រងសំរាម សំណល់រឹងរាវ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ មន្ត្រីបានអនុវត្ត តាមតួនាទី ភារកិច្ចស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រមបរិស្ថាននិងធនធានធម្មជាតិដល់ប្រជាពលរដ្ឋ រោងចក្រ សហគ្រាស គ្រប់គ្រឹះស្ថាន ព្រមទាំងចុះពិនិត្យ ដោះស្រាយរាល់ការបំពុលដល់សាធារណជន បរិស្ថាន និងសង្គម ធានាបាននូវសុខភាពសាធារណៈ បរិស្ថានស្អាតល្អ និងទទួលបាននូវទេសចរណ៍ជាតិ អន្តរជាតិ ជាការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព។ 


លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត កាលពីថ្ងៃទី ៩ ខែមីនា ក៏បានចេញលិខិតព្រមានលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីផងដែរ ចំពោះ«ខ្វះការទទួលខុសត្រូវ មានកំហុសនិងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ លើការអនុវត្តតួនាទីភារកិច្ច» ពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕ 


Post a Comment (0)
Previous Post Next Post