ជនបរទេសប្រុសស្រីសរុបចំនួន១២១នាក់ មកពី៩សញ្ជាតិ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ចុះបង្រ្កាប និងឃាត់ខ្លួន ជុំវិញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) នៅក្នុងអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ៤ ខែមេសា បានឱ្យដឹងថា អាជ្ញាធរខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យ ទីតាំងស្នាក់នៅប្រមូលផ្តុំ ចំនួន ១៥ទីតាំង ហើយជាលទ្ធផល សមត្ថកិច្ច បានរកឃើញទីតាំងលួចប្រព្រឹត្តបទល្មើស online scam មួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឃាត់ខ្លួនជនបរទេសចំនួន១២១នាក់។
នៅក្នុងចំណោមជនបរទេសប្រុសស្រីទាំង ១២១ នាក់នេះ គឺមកពី៩សញ្ជាតិ រួមមានជនជាតិចិន ៤២ នាក់ (ស្រ្តី២នាក់ ) ស្រីលង្កា ៣៧ នាក់ (ស្រ្តី៣នាក់) វៀតណាម ២២ នាក់ (ស្រ្តី៣នាក់ ) ឥណ្ឌា ១២ នាក់ (ស្រ្តី១នាក់) កេនយ៉ា ១នាក់ ស្រ្តីហ្វីលីពីន១នាក់ នេប៉ាល៣នាក់ (ស្រ្តី១នាក់ ) បង់ក្លាសដេស ២នាក់ និងម៉ាឡេស៊ី១នាក់។
ជនបរទេសសរុប១២១នាក់ មកពី៩សញ្ជាតិ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ចុះបង្រ្កាប និងឃាត់ខ្លួន ជុំវិញបទល្មើស online scam កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៦។ រូបថត គ.ប.ឆ.ប
ជាមួយគ្នានេះ វត្ថុតាងដែលជាមធ្យោបាយបម្រើឱ្យការប្រព្រឹត្តបទល្មើសអនឡាញ រួមមានកុំព្យូទ័រចំនួន ១២៣ គ្រឿង និងទូរស័ព្ទដៃចំនួន ១៣២ គ្រឿង ត្រូវបានដកហូត ដើម្បីទុកជាភស្តុតាង និងបន្តការពិនិត្យផ្នែកបច្ចេកទេស។
បច្ចុប្បន្ន ជាចំណាត់ការ ជនជាតិចិនចំនួន ៤២ នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរស្វែងរកមេខ្លោង និងបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ខណៈដែលចំនួន ៧៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការបង្ក្រាបទីតាំងថ្មីខាងលើនេះ បានធ្វើឱ្យចំនួនទីតាំងដែលពាក់ព័ន្ធនឹងបទល្មើស Online Scam ដែលអាជ្ញាធរខេត្តព្រះសីហនុបង្ក្រាបបាន កើនឡើងរហូតដល់ ២៤ ទីតាំង ក្នុងចំណោមទីតាំងសរុប ៣១ កន្លែង ដែលត្រូវបានត្រួតពិនិត្យក្នុងយុទ្ធនាការនាបោសសម្អាតបទល្មើស online scam នាពេលចុងក្រោយនេះ។ នេះបើតាមការឱ្យដឹងរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)


