ភ្នំពេញៈ ក្រសួងបរិស្ថាននាថ្ងៃចន្ទ ទី៦ ខែមេសានេះ បានជំរុញឱ្យមានការរួមគ្នាការពារ ផ្កាថ្មប៉ប្រះទឹកសមុទ្រ ដោយលើកឡើងថា ផ្កាថ្មទាំងនេះ គឺជាសូចនាករជីវសាស្ត្រដ៏សំខាន់បំផុតនៃសុខភាពមហាសមុទ្រ និងដើរតួនាទីចម្បង ក្នុងការរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រទាំងមូល។
ផ្កាថ្មប៉ប្រះទឹក ដែលត្រូវបានចាត់ទុកថាជា «ព្រៃភ្នំនៃមហាសមុទ្រ» គឺជាផ្តល់នូវជម្រកសុវត្ថិភាព និងប្រភពអាហារដល់ជីវៈចម្រុះសមុទ្ររាប់ពាន់ប្រភេទ រាប់ចាប់ពីមីក្រូសារពាង្គកាយ រហូតដល់មច្ឆជាតិ បង្កង និងអណ្តើកសមុទ្រ។
ផ្កាថ្មប៉ប្រះទឹកសមុទ្រ ដែលមានសុខភាពល្អ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាគុណភាពទឹកឱ្យស្អាត និងមានស្ថិរភាព។ ក្រសួងបានពន្យល់ថា តាមរយៈដំណើរការជីវសាស្ត្រ ផ្កាថ្មជួយបន្សុទ្ធ និងបង្វិលសារធាតុចិញ្ចឹមក្នុងទឹក ដែលជាគ្រឹះដ៏រឹងមាំក្នុងការទ្រទ្រង់ខ្សែសង្វាក់អាហារសមុទ្រ និងការបន្តពូជនៃធនធានជលផល។
លើសពីនេះ ផ្កាថ្មប៉ប្រះទឹកសមុទ្រ ក៏ជារបាំងការពារតំបន់ឆ្នេរធម្មជាតិផងដែរ។ ក្រៅពីតម្លៃអេកូឡូស៊ី ផ្កាថ្មគឺជា «វិស្វករធម្មជាតិ» ដែលជារបាំងការពារឆ្នេរសមុទ្រពីឥទ្ធិពលនៃរលកខ្លាំង ព្យុះសមុទ្រ និងការកាត់ច្រោះដីឆ្នេរ។ ផ្កាថ្មដែលមានសុខភាពល្អ ជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព ចំណែកផ្កាថ្មដែលខូចខាតនឹងធ្វើឱ្យតំបន់ឆ្នេរងាយរងគ្រោះជាងមុន។ ដូច្នេះ ការពារផ្កាថ្មគឺសំខាន់ណាស់សម្រាប់ការរក្សាសុខភាពសមុទ្រ។ ការកាត់បន្ថយការបំពុល ការគ្រប់គ្រងនេសាទដោយចីរភាព និងការអភិរក្សតំបន់សមុទ្រ គឺជាវិធានការដែលអាចជួយបាន។
ក្រសួងក៏បានបង្ហាញពីផលវិបាកនៃការចុះខ្សោយនៃប្រព័ន្ធ ផ្កាថ្មប៉ប្រះទឹក ដោយលើកឡើងថា នៅពេលប្រព័ន្ធផ្កាថ្មប៉ប្រះទឹករងការបំផ្លាញ សុខភាពមហាសមុទ្រទាំងមូលនឹងឈានទៅរកវិបត្តិ។ កត្តាបំពុល ការនេសាទហួសកម្រិត និងការហូរច្រោះដីល្បាប់ចូលសមុទ្រ ធ្វើឱ្យផ្កាថ្មចុះខ្សោយ និងជំរុញឱ្យមានការកើនឡើងខុសប្រក្រតីនៃភាយសារាយ (Algae blooms)។ កត្តានេះបណ្តាលឱ្យគុណភាពទឹកធ្លាក់ចុះ និងធ្វើឱ្យជម្រកមច្ឆជាតិបាត់បង់ ដែលនាំឱ្យចំនួនត្រីថយចុះយ៉ាងគំហុក។
ក្រសួងបញ្ជាក់ថា៖«ស្ថានភាពនៃផ្កាថ្មប៉ប្រះទឹក គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសុខភាពមហាសមុទ្រ។ ការការពារផ្កាថ្ម តាមរយៈការកាត់បន្ថយការបំពុល និងការគ្រប់គ្រងការនេសាទដោយចីរភាព គឺជាកាតព្វកិច្ចចាំបាច់ដើម្បីធានាថា សមុទ្ររបស់យើងនៅតែមានជីវៈចម្រុះសម្បូរបែប និងមានស្ថិរភាពបរិស្ថានសម្រាប់មនុស្សជាតិ និងធម្មជាតិទាំងបច្ចុប្បន្ន និងអនាគត»។
កាលពីពេលថ្មីៗនេះ អង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អង្គការគាំពារធនធានសមុទ្រ ព្រមទាំងមូលនិធិសង្សារ បានប្រកាសពីការរកឃើញការបង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងបង្អស់នៅកោះសង្សារនៃខេត្តព្រះសីហនុ និងប្រជុំកោះស្ដេចនៃខេត្តកោះកុង។
ការរកឃើញនេះគឺនៅអំឡុងពេលការសិក្សាស្រាវជ្រាវ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៦ ដែលក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការមុជទឹកនៅពេលយប់ និងតាមដានផ្កាថ្មប៉ប្រះទឹកយ៉ាងយកចិត្តទុកដាក់ ដើម្បីកត់ត្រាសកម្មភាពការបង្កកំណើត វាយតម្លៃសុខភាពផ្កាថ្ម និងកត់ត្រាបរិស្ថានជុំវិញ។ ទិន្នន័យវិទ្យាសាស្ត្រសំខាន់ៗ ដែលជួយអ្នកស្រាវជ្រាវឱ្យយល់អំពីវដ្តបន្តពូជរបស់ផ្កាថ្ម តាមដានការរស់ឡើងវិញនៃផ្កាថ្ម និងកំណត់កត្តា ដែលរួមចំណែកដល់ការគ្រប់គ្រងផ្កាថ្មប៉ប្រះទឹកប្រកបដោយប្រសិទ្ធភាព។
ការរកឃើញនេះ គឺជាទិន្នន័យដ៏មានតម្លៃដើម្បីឱ្យអ្នកស្រាវជ្រាវ យល់អំពីវដ្តបន្តពូជរបស់ផ្កាថ្ម កាន់តែប្រសើរឡើង និង ផ្តល់ជាភស្តុតាងមូលដ្ឋានយុទ្ធសាស្ត្រ ក្នុងការការអភិរក្សផ្កាថ្មប៉ប្រះទឹក រយៈពេលវែង ។
ផ្កាថ្មប៉ប្រះទឹកដែលមានសុខភាពល្អគឺមានសារៈសំខាន់ណាស់ ក្នុងធានាបាននូវនិរន្តរភាពនៃធនធានជលផល និងគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍តាមតំបន់ឆ្នេរសមុទ្រ។ ក្រុមការងារនឹងយកទិន្នន័យដែលប្រមូលបាន ទៅសិក្សាស្រាវជ្រាវបន្ថែមដើម្បី រួមចំណែកដល់ការពង្រឹងការគ្រប់គ្រងធនធានសមុទ្រ និងធានាថាជីវៈចម្រុះសមុទ្រនៅក្នុងប្រទេសកម្ពុជាឱ្យបន្តកើនឡើង៕



