កម្ពុជាប្រមូលប្រាក់បានជាង ២០០ លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ពីការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ ដោយកើនឡើងជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈចំណូលពីការនាំចេញស្រូវមានចំនួនជាង ៤០០ លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) កាលពីចុងសប្តាហ៍មុនបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦១ ៥៧៨ តោនតាមរយៈក្រុមហ៊ុននាំចេញចំនួន ៥៨ ដោយនាំទៅកាន់គោលដៅចំនួន ៥៦។ ទឹកប្រាក់ទទួលបានពីការនាំចេញអង្ករ គឺ ២០៧,៥៤ លានដុល្លារ កើនឡើងពី ១៦០,៥១ លានដុល្លារកាលពីត្រីមាសទី១ ឆ្នាំ២០២៥។
យោងតាម CRF គោលដៅទាំងនោះរួមមាន ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត(ហុងកុង) ចំនួន ៨៩ ២១៥ តោន គិតជាទឹកប្រាក់ ៥៦,៣៨ លានដុល្លារ, បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប( ៣១ប្រទេស) មានបរិមាណ ៩៨ ០៧៥ តោន គិតជាទឹកប្រាក់ ៦៨,១៦ លានដុល្លារ, ប្រទេសក្នុងអាស៊ាន(៥ ប្រទេស) បានបរិមាណ ១៤៥ ៧៧១ តោន គិតជាទឹកប្រាក់ ៥៦,៣៥ លានដុល្លារ, និងទៅកាន់គោលដៅ ១៨ ប្រទេសផ្សេងទៀត(អាហ្វ្រិក មជ្ឈឹមបូព៌ា) បានចំនួន ២៨ ៥១៧ តោន គិតជាទឹកប្រា ២៦,៦៥ លានដុល្លារ។
សម្រាប់ប្រភេទអង្ករដែលបាននាំចេញ រួមមាន អង្ករក្រអូបចំនួន ៦០,១២%, ប្រភេទអង្ករសគ្រាប់វែង១៦,១៦%, អង្ករចំហុយ ១,៥៥%, អង្ករសរីរាង្គ ០,៨៨%, អង្ករបាក់គ្រប់ប្រភេទ ២១,០៩% និងអង្ករផ្សេងៗ ០,២%។
ដោយឡែកក្រៅពីនាំចេញអង្ករ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងក្នុងបរិមាណ ២ ០០០ ៦០០ តោន ដែលគិតជាប្រាក់ប្រមាណ ៤៣៣,២៣ លានដុល្លារ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ឡាយ ឈុនហួ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជាទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីរដ្ឋាភិបាលក្នុងន័យដើម្បីជួយបង្កើនភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ជាក់ស្តែងការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២៥ បានកើនដល់ជាង ៩០ ម៉ឺនតោន បន្ទាប់ពីនៅទ្រឹងក្នុងរង្វង់ ៦០ ម៉ឺនតោនជាច្រើនឆ្នាំ។
ទោះយ៉ាងណា ខណៈដែលតម្លៃប្រេងឥន្ទនៈនៅទីផ្សារអន្តរជាតិ រួមទាំងនៅកម្ពុជាបានបន្តកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលជាង ១ ខែមកនេះ លោក ឈុនហួ បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា ថា តម្លៃប្រេងម៉ាស៊ូតដែលកើនឡើង គឺកំពុងធ្វើឱ្យប៉ះពាល់ដល់គ្រប់ជំហាននៃខ្សែសង្វាក់ស្រូវអង្ករយ៉ាងស្ងៀមស្ងាត់ ដោយចាប់ពីវាលស្រែ រហូតដល់រោងម៉ាស៊ីនកិនស្រូវ និងបន្តរហូតដល់ទីផ្សារ។
លោកបញ្ជាក់ថា៖«ថ្លៃដឹកជញ្ជូនខ្ពស់ មានន័យថាប្រាក់ចំណេញទាបសម្រាប់កសិករ និងតម្លៃខ្ពស់សម្រាប់អ្នកប្រើប្រាស់។ នៅពេលដែលប្រេងឥន្ធនៈឡើងថ្លៃ បន្ទុកមិនធ្វើដំណើរតែម្នាក់ឯងទេ — វាផ្ទុកទម្ងន់នៃវិស័យស្រូវអង្ករទាំងមូល»។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ តទៅអង្ករក្រអូបកម្ពុជាម៉ាក «Golden King» នឹងត្រូវដាក់លក់ជាផ្លូវការនៅតាមបណ្ដាញលក់រាយចំនួន ២៤៥ ទីតាំងក្នុងទីក្រុងហុងកុង ព្រមទាំងនៅទីផ្សារប្រទេសកម្ពុជាផងដែរ។ គម្រោងនេះកើតឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd និងសម្ព័ន្ធក្រុមហ៊ុន DFI Retail Group។ អង្ករក្រអូបកម្ពុជា(ប្រភេទផ្ការំដួល) បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក (World's Best Rice) ចំនួន ៧ លើក ដោយពានរង្វាន់ចុងក្រោយកម្ពុជាទទួលបាននៅក្នុងឆ្នាំ២០២៥។
ក្រសួងអះអាងថា៖«សមិទ្ធផលនេះ ឆ្លុះបញ្ចាំងអំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញខ្សែច្រវាក់តម្លៃបន្ថែមតាមរយៈការសម្របសម្រួលពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម និងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល»៕

