កម្ពុជា និងម៉ាឡេស៊ី បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីផលប្រយោជន៍រួម និងតំបន់ ដែលបានធ្វើឡើងតាមរយៈ លោក ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកែប និងលោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបពិភាក្សា នាព្រឹកថ្ងៃទី ៦ ខែមេសានេះ។
នៅក្នុងជំនួប ដែលបានរៀបចំឡើង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទនេះ លោក ចម ប្រសិទ្ធ និងលោក Shaharuddin Bin Onn បានពិភាក្សាគ្នា ដោយផ្តោតលើការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅឡើងថែមទៀត។
ភាគីទាំង២ បានឯកភាពគ្នាបន្តអនុវត្តយន្តការដែលមានស្រាប់ និងរិះរកយន្តការថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើតផលប្រយោជន៍រួមរវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបម្រើដល់ផលប្រយោជន៍ស្នូលរបស់ប្រជាជននៃប្រទេសទាំង២។
ជាមួយគ្នានេះ លោក ចម ប្រសិទ្ធ និងលោក Shaharuddin Bin Onn ក៏បានពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយបន្តជំរុញចំណងមិត្តភាពឱ្យកាន់តែស្អិតល្មួត ជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភា និងរដ្ឋសភា។
នៅក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំង២បានសង្កត់ធ្ងន់ថា៖ «កិច្ចសហប្រតិបត្តិការដ៏ល្អនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ជាតិទាំង២ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើននៃសហគមន៍អាស៊ានទាំងមូលផងដែរ»។
ជាមួយគ្នានោះ លោក ចម ប្រសិទ្ធ បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក Shaharuddin Bin Onn គឺទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី នឹងឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដែលនាំមកនូវវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា និងម៉ាឡេស៊ី៕

