ខេត្តតាកែវ៖ បើតាមការបញ្ជាក់ពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ រោងចក្រផលិតគ្រឿងបង្គំបរិក្ខាថាមពលអគ្គីសនីដ៏ធំមួយរបស់ចិន នឹងលេចរូបរាងឡើង នៅក្នុងខេត្តតាកែវ ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកអភិបាលខេត្តតាកែវ បានឱ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ច នៅក្នុងប្រទេសចិន កាលពីដើមខែមេសានេះ លោកបានដឹកនាំគណៈប្រតិភូខេត្តតាកែវ ធ្វើទស្សនកិច្ចក្រុមហ៊ុន Henan Xinruiyuan Intelligent Electric Co.Ltd ដែលជារោងចក្រផលិតកម្មគ្រឿងបង្គុំបរិក្ខាថាមពលអគ្គីសនី ស្ថិតនៅក្នុងស្រុកប៉ាវហ្វឹង ខេត្តហឺណាន ហើយនៅក្នុងជំនួប ជាមួយក្រុមហ៊ុន លោកនាយកក្រុមហ៊ុនបានប្រាប់ថា នឹងចូលមកបណ្ដាក់ទុនបើករោងចក្រនេះ នៅក្នុងខេត្តតាកែវ នាពេលខាងមុខ។
គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ច នៅខេត្តហឹណាន ប្រទេសចិន រយៈពេល៤ថ្ងៃ លោកអភិបាលខេត្តតាកែវ ក៏បានជួបជាមួយក្រុមអ្នកវិនយោគចិនមួយចំនួន និងបានលើកបង្ហាញនូវកាលានុវត្តភាព និងសក្តានុពលសំខាន់ៗរបស់ខេត្តតាកែវ លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ងាយស្រួលដល់អ្នកវិនិយោគចូលមកបណ្ដាក់ទុន ហើយអាជ្ញាធរ និងជួយសម្របសម្រួលគ្រប់បែបយ៉ាង ដល់ក្រុមអ្នកវិនិយោគផងដែរ៕ដោយ៖តារា








