ក្រចេះ៖ បុរសម្នាក់ត្រូវបានតុលាការខេត្តក្រចេះសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តជាបណ្តោះអាសន្ន បន្ទាប់ពីមន្ត្រីឧទ្យានុរក្សបរិស្ថានខេត្តបានធ្វើការឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងបទល្មើសកាប់គាស់ រុករានដីព្រៃខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។
ក្រសួងបរិស្ថានបានឱ្យដឹងកាលពីថ្ងៃសុក្រ ទី១៧ ខែមេសានេះថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើការចុះល្បាត ទប់ស្កាត់ប្រឆាំងបទល្មើសធនធានធម្មជាតិ។ នៅពេលនោះក៏បានប្រទះឃើញជនសង្ស័យកំពុងតែប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ហើយក៏បានឃាត់ខ្លួនជាមួយនឹងរណាយន្តចំនួន២គ្រឿងជាវត្ថុតាង នៅក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។
មន្រ្តីបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់ និងបញ្ជូនជនសង្ស័យទៅតុលាការខេត្តក្រចេះ។ តុលាការការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ កាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមមាត្រា ៨៥១ ចំណុច ច នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ប្រព្រឹត្តត្រង់ក្នុងតំបន់ការពារធម្មជាតិ ដែលជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់មួយរបស់កម្ពុជា។
យោងតាមអាជ្ញាធរបានឱ្យដឹងថា ជនល្មើសដែលត្រូវចោទប្រកាន់នោះ មានឈ្មោះ សែម ឆៃ រស់នៅក្នុងភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះជាង ១០នាក់ ក៏បានធ្វើការចុះបង្ក្រាបបទល្មើស ឡធ្យូងខុសច្បាប់ ២កន្លែង ដែលមានឡធ្យូងចំនួន ៦ ស្ថិតក្នុងភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៃដែនជម្រកសត្វព្រៃសំបូរ។ ក្រុមការងារបានចាត់វិធានការជាក់ស្តែង ដោយធ្វើការវាយកម្ទេចចោលនូវឡទាំងនោះនៅហ្នឹងកន្លែង។ ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយ លោក ញ៉ែម វិសាល នាយកដែនជម្រកសត្វព្រៃសំបូរ ក្រោមការណែនាំពីថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត ដោយមានការឯកភាពពីរដ្ឋបាលស្រុកអូរគ្រៀងសែនជ័យផងដែរ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា មន្រ្តីជំនាញក្រសួងកំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ ដោយកំណត់គោលដៅអ្នកប្រព្រឹត្តល្មើសច្បាប់ទាំងអស់ ជាពិសេស ការកាប់រុករានដីព្រៃ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។ វិធានការច្បាប់នេះ នឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងថែមទៀត ដើម្បីការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា៕



