ឧត្តរមានជ័យ/បន្ទាយមានជ័យៈ យ៉ាងហោចណាស់ផ្ទះជាង ៥០០ខ្នងត្រូវបានបំផ្លាញ និងមនុស្សម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ ក្នុងអំឡុងពេលភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
មន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យបានឱ្យដឹងនាថ្ងៃសៅរ៍ ទី១៨ ខែមេសានេះថា ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅល្ងាច ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបណ្តាលឲ្យប៉ះពាល់ផ្ទះចំនួន ១៤៨ ខ្នង និងរន្ទះបាញ់ស្លាប់មនុស្សម្នាក់ នៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។
ផ្ទះដែលទទួលរងការប៉ះពាល់ទាំងនោះមាននៅក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ចំនួន ៧ ខ្នង, សង្កាត់បុស្បូវ ក្រុងសំរោង ចំនួន ១៧ ខ្នង, ឃុំអំពិល ស្រុកបន្ទាយអំពិល ចំនួន ៧៧ ខ្នង, ឃុំគោកមន ស្រុកបន្ទាយអំពិល ចំនួន ១៥ ខ្នង, ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ចំនួន ៣១ ខ្នង និងសង្កាត់កូនគ្រៀល ក្រុងសំរោង ចំនួន ១ ខ្នងផងដែរ។
ដោយឡែក ខ្យល់កន្ត្រាក់បានបង្កការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យសរុបចំនួន៤៤១ ខ្នងផងដែរ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា។ នេះបើយោងតាមនគរបាលជាតិនៅថ្ងៃសៅរ៍នេះ។ ស័ង្កសីសរុប៩ ៦១១ សន្លឹក ក៏ត្រូវបានរបើកផងដែរ។



