ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេសសរុបចំនួន ១,១៧៥នាក់ ដែលមាន ២៨សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងថ្ងៃទី១២ ដល់ទី១៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីរកឃើញពាក់ព័ន្ធនឹងបទល្មើសខុសច្បាប់ជាច្រើន ប្រកាសដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
យោងតាមសេចក្ដីប្រកាស បានឱ្យដឹងថា ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្ដេញចេញ មានស្រីចំនួន ១៦៧នាក់ និងមានសញ្ជាតិចម្រុះ រួមមាន រវ៉ាន់ដា កាមេរូន មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ឥណ្ឌា ស្រីលង្កា ចិន ហ្ស៊ីមប៉ាវេ បង់ក្លាដេស នីហ្សេរីយ៉ា ឥណ្ឌូនេស៊ី សេរ៉ាឡេអូន យូហ្គង់ដា អូត្យូពី កេនយ៉ា ប៉ាគីស្ថាន ម៉ាដាហ្គាស្ការ ហ្គាណា ហ្វីលីពីន លីបង់ កូរ៉េ ម៉ាឡេស៊ី អង់គ្លេស ប៉ូឡូញ ចិនតៃវ៉ាន់ កៀជីគីស្ថាន និងកាណាដា។
អាជ្ញាធរបានបញ្ជាក់ថា: “ក្នុងនោះមានជនជាតិចិន ៣២៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនជាតិវៀតណាមចំនួន ២២៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចក្រី និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ”។



