ប្រទេសជប៉ុននៅថ្ងៃទី២០ ខែមេសានេះបានព្រមានពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិ កម្ពស់រហូតដល់ 3 ម៉ែត្រ ដោយនឹងវាយប្រហារខេត្តអ៊ីវ៉ាតេ ខេត្តអាអូម៉ូរី និងហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន បន្ទាប់ពីការរញ្ជួយដីមួយបានវាយប្រហារនៅឆ្នេរសមុទ្រអ៊ីវ៉ាតេ។
យោងតាមសារព័ត៌មានជប៉ុន THE JAPAN TIMES បានឱ្យដឹងថា ពិធីករនៅក្នុងកម្មវិធីព័ត៌មាន ទូរទស្សន៍ជាច្រើនបានជំរុញឱ្យប្រជាជនក្នុងតំបន់ផ្លាស់ទៅកន្លែងខ្ពស់ ឆ្ងាយពីទន្លេ និងឆ្នេរសមុទ្រ ដោយអំពាវនាវឱ្យប្រជាជន «ចងចាំពីគ្រោះមហន្តរាយថ្ងៃទី 11 ខែមីនា»។
ចំណែកលើទូរទស្សន៍លើ NHK ជាភាសាអង់គ្លេសបានបន្លឺសំឡេងថា «រលកយក្សស៊ូណាមិ! ជម្លៀសចេញ កុំងាកក្រោយ» ដែលជាសារផ្ញើទៅកាន់ជនបរទេសដែលមិនមែនជាជនជាតិជប៉ុន។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន គ្រោះរញ្ជួយដីដែលបានវាយប្រហារនៅជម្រៅ 10 គីឡូម៉ែត្រ នៅម៉ោង 4:53 រសៀល (ម៉ោងនៅក្នុងប្រទេសជប៉ុន) មានកម្រិត 7.4 រ៉ិចទ័រ។ ការរញ្ជួយដីនេះត្រូវហាក់មានចម្ងាយឆ្ងាយពីទីក្រុងតូក្យូ ជាកន្លែងដែលអគារខ្ពស់នានាច្រើន។
នៅកំពង់ផែ Miyako ក្នុងខេត្ត Iwate រលកយក្សស៊ូណាមិកម្ពស់ ៤០ សង់ទីម៉ែត្រ ត្រូវបានគេសង្កេតឃើញជាមួយនឹងការរំពឹងទុកនៃរលកដែលនឹងកើនកម្ពស់បន្ថែមទៀត។ តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ Hokkaido រួមទាំងកំពង់ផែ Tokachi និងទីក្រុង Erimo ក៏ដូចជាកំពង់ផែ Hachinohe ក្នុងខេត្ត Aomori រលកយក្សស៊ូណាមិ ត្រូវបានគេព្យាករណ៍ថានឹងមកដល់នៅម៉ោង ៥:៤០ ល្ងាច ម៉ោងក្នុងប្រទេសជប៉ុន។
រលកយក្សស៊ូណាមិក៏ត្រូវបានគេសង្កេតឃើញមានចម្ងាយ ៦០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ Iwate និង Aomori ដែលមានន័យថារលកយក្សស៊ូណាមិនឹងមកដល់ឆ្នេរសមុទ្រក្នុងពេលឆាប់ៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ NHK។ វីដេអូផ្សាយផ្ទាល់នៃកំពង់ផែមួយនៅ Kuji ខេត្ត Iwate បានបង្ហាញកប៉ាល់កំពុងរង្គើ។
នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានជំរុញឱ្យអ្នកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ឱ្យស្វែងរក កន្លែងខ្ពស់ និងស្នាក់នៅក្នុងទីតាំងសុវត្ថិភាពរហូតដល់ការព្រមានទាំងអស់ត្រូវបានលុបចោល។

