អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីក្រុម ឆបោកតាមអនឡាញ និងសម្អាតប្រាក់។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ហៅកាត់ថាACU) បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២២ ខែមេសាថា អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននាយនគរបាលជាន់ខ្ពស់ពីររូប គឺឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ដែលមានជាប់ពាក់ព័ន្ធនឹងការទទួលសំណូកពីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។
ក្នុងករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូននាយនគរបាលជាន់ខ្ពស់ទាំង២ខាងលើ ព្រមទាំងជនសង្ស័យ២នាក់ទៀតនេះ រួមមានប្រពន្ធរបស់លោក សរ សំណាង និងម្នាក់ទៀត ឈ្មោះ យ៉ាត កុសល ទៅតុលាការ នៅវេលាម៉ោង៤៖៣០រសៀល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។
លោក ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបម្រើការនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រមាណ ១៥ ឆ្នាំលើផ្នែកស៊ើបអង្កេត និងអនុវត្តនិតិវិធី។
ចំណែកកន្លងមកលោកនាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហ៊ុន ម៉ាណែត បានព្រមានថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញមុខនាទីរបស់ខ្លួនដោយស្មោះត្រង់ក្នុងចេតនាលាក់បាំងជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នឹងត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ។

