កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែល កំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់ ហើយរាជរដ្ឋាភិបាល បានបង្ហាញយ៉ាងច្បាស់តាមរយៈការដាក់ចេញនូវផែនការ និងយុទ្ធនាការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងប្រទេស។
តាមសេចក្តីប្រកាសព័ត៌មានស្តីពី «ការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្ដែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី២៣ ខែមេសានេះ បានបញ្ជាក់ថា កម្ពុជាបានកំណត់ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ នឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។
ចាប់តាំងពីអាណត្តិទី៦ ដឹកនាំដោយលោក ហ៊ុន សែន និងបន្តដល់នីតិកាលទី៧ ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺរាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈដ៏រឹងមាំ និងធ្វើការប្តេជ្ញាចិត្តខ្ពស់បំផុត ព្រមទាំងបានធ្វើសកម្មភាពជាក់ស្ដែង ក្នុងការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ដោយគ្មានការអត់ឱន និងប្រកបដោយភាពម៉ឺងមាត់បំផុត។
លោក ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្តីក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ឱ្យបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់ដោយមិនមានការបង្អែបង្អង់ មិនអត់ឱន និងមិនលើកលែងឡើយ។ មិនត្រឹមតែបង្ក្រាបតាមករណីនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងមូល ដកហូតសមត្ថភាពប្រតិបត្តិការ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ និងបិទច្រកប្រតិបត្តិការទាំងអស់ ដើម្បីបញ្ឈប់បញ្ហានេះ ឱ្យបានជាក់ស្ដែង និងយូរអង្វែង។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សេចក្ដីប្រកាសព័ត៌មានថ្លែងដូច្នេះថា៖ «នេះបង្ហាញថា កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែល កំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរឹង និងសកម្មបំផុតមួយក្នុងតំបន់»។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងច្បាស់តាមរយៈការដាក់ចេញផែនការ និងយុទ្ធនាការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។
ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេស ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៣ ០៣៩នាក់ មាន ៣៣សញ្ជាតិ ក្នុងនោះមានស្តី ចំនួន ១ ៥០៩នាក់។
គិតចាប់ពីពាក់កណ្តាលខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជនបរទេសដែល ស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាមានសរុបចំនួន ២៤១ ៨៨៨នាក់ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ មេសា ដោយបញ្ជាក់យ៉ាងច្បាស់ម្ដងទៀតឲ្យសមត្ថកិច្ចធ្វើការយ៉ាងម៉ឺងម៉ាត់បំផុតឱ្យដើម្បីបន្តខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេះ ដោយគ្មានបង្អង់ដៃឡើយ។
លោកបញ្ជក់ថា៖ «ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្តដៃ និងដោយគ្មានការ លើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ»។
នៅថ្ងៃនេះដែរ លោកបានបង្កើតក្រុមការងារថ្មីចំនួន ៤ ទៀត ដែលមានសមាសភាពមកគីអគ្គស្នងការនរគបាលជាតិ។ ក្រុមការងារថ្មីនេះស្ថិតនៅក្រោមចំណុះចំណុះយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រុមការងារនេះបង្កើតឡើងដើម្បីពង្រឹងដល់ប្រសិទ្ធភាពនៃការបង្ក្រាប online scam៕

