ជនបរទេសជាប់ការសង្ស័យចំនួន៤០នាក់ មកពី៦សញ្ជាតិមានចិន ថៃ រុស្ស៊ី បង់ក្លាដែស មីយ៉ាន់ម៉ា និងវៀតណាម ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ហើយសម្ភារៈ និងវត្ថុតាងមួយចំនួនធំ ក៏ត្រូវបានដកហូត ក្នុងប្រតិបត្តិការចុះបង្ក្រាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងខុនដូរបោលី អគារប៉ោលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ ៧មករា កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧មករា ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សសរុបចំនួន ៤០នាក់ និងដកហូតសម្ភារៈភស្តុតាងជាច្រើន ដែលពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ចំនួន ៣ ករណីផ្សេងគ្នា គឺទី១ ករណីឆបោកអូសទាញឱ្យវិនិយោគ មានជនសង្ស័យ ២២នាក់ ក្នុងនោះមានចិន ២០នាក់ និងរុស្ស៊ី ២នាក់(ស្រី១នាក់) ហើយបានដកហូតទូរសព្ទដៃ ៥២៨គ្រឿង, កុំព្យូទ័រលើតុ ៣៥គ្រឿង, ធុង CPU ៣០គ្រឿង និងកុំព្យូទ័រយួរដៃមួយចំនួន។
យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈ និងវត្ថុតាងឧបករណ៍អេឡិចត្រូនិច (កុំព្យូទ័រ និងទូរស័ព្ទដៃ) របស់សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សន្និដ្ឋានបានថាក្រុមនេះបានធ្វើសកម្មភាពឆបោកក្នុងរូបភាពអូសទាញជនរងគ្រោះឱ្យដាក់ប្រាក់វិនិយោគ។
ចំណែកករណីទី២ គឺការប្រើប្រាស់រូបភាពនារីស្អាតៗបោកប្រាស់លេងល្បែង ដោយមានជនសង្ស័យជាជនជាតិបង់ក្លាដេស ១២នាក់ និងដកហូត កុំព្យូទ័រយួរដៃ ៥គ្រឿង និងទូរសព្ទដៃមួយចំនួន ដោយក្រុមនេះប្រើប្រាស់រូបភាពនារីស្អាតៗ ដើម្បីទាក់ទាញ និងបោកប្រាស់ជនរងគ្រោះឱ្យលេងល្បែងលើគេហទំព័រក្លែងក្លាយ។ រីឯទី៣ ករណីស្នាក់នៅខុសច្បាប់ ដោយកម្លាំងជំនាញបានរកឃើញជនបរទេសចំនួន ៦នាក់ គឺជនជាតិថៃ ២នាក់ ចិន ២នាក់ រួមទាំងជនជាតិមីយ៉ាន់ម៉ានិងវៀតណាម ដែលពុំមានលិខិតឆ្លងដែនជាប់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ខាងលើត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ យ៉ាងម៉ឺងម៉ាត់បំផុត។
ជុំវិញបទល្មើស Online Scams លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។
លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២៦នេះថា៖ «ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មាន ការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ដូចដែលមានមតិមួយចំនួន បានលើកឡើងនោះឡើយ»។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង៩ខែចុងក្រោយនេះ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី-ខេត្ត បានបំពេញបេសកកម្មបង្ក្រាបអំពើបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង ២៥០ករណី ដោយក្នុងនោះមានការបង្ក្រាបទីតាំងកាស៊ីណូចំនួន ១១ទីតាំង និងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួនប្រមាណ ១ ០៨៩នាក់ ដែលក្នុងនោះមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។
បន្ថែមពីលើនេះ ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន ១៣ ០៣៩នាក់ មាន ៣៣សញ្ជាតិ ក្នុងនោះមានស្រ្តីចំនួន ១ ៥០៩នាក់។ គិតចាប់ពីពាក់កណ្ដាលខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជនបរទេសដែលស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាមានសរុបចំនួន ២៤១ ៨៨៨នាក់ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន៕

