អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃចាប់ផ្ដើមផ្ទេរក្មេងទំនើងពីពន្ធនាគារនានាទូទាំងប្រទេសជិត ៨០០នាក់ យកទៅបណ្ដុះបណ្ដាល រៀនចាក់បេតុង ធ្វើគម្របលេណដ្ឋាន ដាំបន្លែនិងចិញ្ចឹមសត្វ ដើម្បីគាំទ្រដល់ជួរមុខ។
យោងតាមសេចក្ដីប្រកាសព័តមានរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលចេញផ្សាយនៅថ្ងៃទី២១ ខែឧសភានេះ ទណ្ឌិតជាក្មេងទំនើង សរុបចំនួន ៧៩០នាក់ ត្រូវបានយកទៅដាក់នៅមណ្ឌលអប់រំកែប្រែនៅពោធិ៍សាត់ និងឧត្តរមានជ័យ។
យោងតាមសេចក្ដីប្រកាស ក្នុងចំណោមក្មេងទាំង ៧៩០នាក់ មាន៦៥១នាក់ នឹងត្រូវយកទៅដាក់នៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ និងចំនួន ១៣៩នាក់ ត្រូវយកទៅដាក់នៅពន្ធនាគារខេត្តឧត្តរមានជ័យ។
អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា៖ «ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈ ការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បី បុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ»។
អគ្គនាយកដ្ឋានបន្តថា៖ «កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន ជំនាញកសិកម្ម ដូចជា ការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជាការចាក់គម្រប លេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ ដែលកំពុងឈរជើងការពារ អធិបតេយ្យជាតិ»។
បើតាមអគ្គនយាកដ្ឋាន កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រី ជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន។
ការអនុវត្តបែបនេះត្រូវបានលើកឡើងដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ដោយលោកឲ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌ ពិនិត្យលើការអនុវត្តបែបនេះ៕

