កងកម្លាំងចម្រុះត្រូវបានដាក់ប្រចាំការឱ្យបង្រ្កាបបទល្មើសធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃ ព្រៃឡង់ និងបឹងពែ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កងកម្លាំងចម្រុះត្រូវបានដាក់ប្រចាំការឱ្យបង្រ្កាបបទល្មើសធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃ ព្រៃឡង់ និងបឹងពែ

 កំពង់ធំៈ កម្លាំងយោធានៅទីបញ្ជាការស្រាលទើបបង្កើតបន្ថែមថ្មី នៅតំបន់អូរដូង ត្រូវបានប្រគល់ភារកិច្ច និងបញ្ជាឱ្យប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលនៅជាប់ព្រំប្រទល់រវាងស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ ។

បទបញ្ជានេះត្រូវបានធ្វើឡើងដោយលោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ក្នុងពេលដែលលោកដឹកនាំសហការីទៅត្រួតពិនិត្យការរៀបចំទីបញ្ជាការស្រាលទើបបង្កើតបន្ថែមថ្មី នៅតំបន់អូរដូងនេះកាលពីថ្ងៃទី ២១ ខែឧសភានេះ។

លោកសោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កងកម្លាំងចម្រុះ ដែលមានភារកិច្ចប្រចាំការនៅទីនោះ ត្រូវការពារទប់ស្កាត់ និងបង្ក្រាបឲ្យបាន មិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើ នៅតំបន់អូរដូងនិងតំបន់អូរកង់ជាថ្មីទៀតបានជាដាច់ខាត។

លោកបានបញ្ជាក់ថា៖«កងកម្លាំងចម្រុះទាំងអស់ ត្រូវល្បាតត្រួតពិនិត្យ និងធ្វើសកម្មភាពឲ្យបានជាប់ជាប្រចាំ និងត្រូវឃ្លាំមើល ចាប់ឃាត់ខ្លួនឲ្យបានជនល្មើសលួចកាប់ទន្ទ្រានព្រៃឈើជាក់ស្ដែង ដើម្បីសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ»។

ទន្ទឹមនេះ លោកឧត្ដមសេនីយ៍ទោ ក៍បានដឹកនាំកងកម្លំាងចម្រុះ ទៅធ្វើការត្រួតពិនិត្យស្ថានភាពទូទៅ នៅក្នុងភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ និងបានទៅត្រួតពិនិត្យឡើងវិញ នៅតំបន់អូរកង់ ដែលត្រូវរងការកាប់ទន្ទ្រាននៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅផងដែរ។ លោកបានជំរុញដល់មន្រ្ដីនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលជាសមាជិកនៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យអនុវត្តតាមនីតិវិធីជំនាញ ដោយរៀបចំដីការដកហូតដីព្រៃឈើ ដែលបានកាប់ទន្ទ្រាននោះ យកមករក្សាទុកជាសម្បត្តិរដ្ឋវិញ តាមបទបញ្ជារបស់លោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

កងកម្លំាងចម្រុះក៏បានបោះស្លាកសញ្ញាហាមឃាត់ ការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើជាកម្មសិទ្ធិ របស់ក្រសួងបរិស្ថាន នៅតំបន់សំខាន់ៗ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ផងដែរ។

កម្លាំង​ចម្រុះ​ ទាំង​អស់​ដែល​ប្រចាំ​ការ​ នៅ​ទី​បញ្ជាការ​ស្រាល​ដែល​ទើប​បង្កើត​ថ្មី​នោះបាន​ប្តេជ្ញា​ចិត្តទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ឲ្យ​ទទួល​បាន​ជោគជ័យ​ និង​មាន​ប្រសិទ្ធភាព​។

នៅមួយថ្ងៃមុននេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានដឹកនាំកងកម្លាំងចម្រុះ ចុះត្រួតពិនិត្យការគ្រប់គ្រងការពារ ដែនជម្រកសត្វព្រៃបឹងពែ នៅក្នុងតំបន់ជាំក្របី ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែលទទួលរងការកាប់ទន្រ្ទានផងដែរ។  

លោក អ៊ី វិចអុល មន្ត្រីឧទ្យានុរក្ស​ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលប្រចាំតំបន់ជាំក្របីបានរាយការណ៍ក្នុងឱកាសនោះថា ដែនជម្រកសត្វព្រៃបឹងពែ មានផ្ទៃដីជាង ២០ ០០០​ ហិកតា ហើយ​នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានជនល្មើសបានលបលួចកាប់ទន្ទ្រានដោយខុសច្បាប់ នៅតំបន់ត្រពាំងតាយស និងតំបន់កន្សែងធំ មានប្រមាណ​ជាង​ ៤​ ហិកតា ។ បច្ចុប្បន្នផ្ទៃដីនេះ ត្រូវបានកងកម្លាំងចម្រុះការពារ ​ និងយាមល្បាតយ៉ាង​ម៉ត់ចត់​បំផុតមិនឲ្យមានការដុតរានឬដាំដុះធ្វើចំការបានឡើយ​។ ជនសង្ស័យក្នុងករណីកាប់បំផ្លាញព្រៃឈើនេះ ខាងបរិស្ថានបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចរាល់ហើយផងដែរ ។ 

ក្នុងករណីមានជនល្មើស នៅតែបន្តរឹងទទឹងលបលួចកាប់ទន្ទ្រានព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃ បឹងពែ ដែលជាបទល្មើសជាក់ស្ដែង លោកបានបញ្ជាឱ្យកងកម្លាំង ត្រូវចាប់ឃាត់ខ្លួនបញ្ជូនទៅស្ថាប័នជំនាញ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី​ បញ្ជូនទៅកាន់តុលាការន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕







Post a Comment (0)
Previous Post Next Post