ខេត្តព្រះសីហនុ: អ្នកជំនួញ និងសមាជិកព្រឹទ្ធសភាកម្ពុជា លោក ម៉ុង ឫទ្ធី បានលើកឡើងថា គម្រោងវិនិយោគដូងប្រេងរយៈពេលវែងរបស់លោក នៅមិនទាន់អាចស្ដារទុនដើមបានឡើយ និងបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ចធំៗជាច្រើន ខណៈព្រមានអំពីការរំលោភដីធ្លីនៅជុំវិញចម្ការរបស់លោក។
ថ្លែងក្នុងពិធីបើកយុទ្ធនាការដាំដូងប្រេងជុំទី២ នៅស្រុកព្រៃនប់ កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា លោកបានពិពណ៌នាចម្ការដូងប្រេងធំបំផុតរបស់ប្រទេសថា ជាគម្រោងអភិវឌ្ឍជាតិរយៈពេលវែង មិនមែនជាវិនិយោគដែលផ្តោតលើប្រាក់ចំណេញខ្ពស់នោះទេ។
លោកបានថ្លែងនៅចំពោះមុខកម្មករ អាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មានថា៖ «យើងបានវិនិយោគប្រហែល ១៥០ លានដុល្លារ ហើយនៅតែមិនទាន់សងទុនដើមវិញបានទេ»។
អ្នកវិនិយោគកសិពាណិជ្ជកម្មជើងចាស់រូបនេះ បានបញ្ជាក់ថា គម្រោងនេះបានឆ្លងកាត់វិបត្តិសំខាន់ៗជាច្រើន រួមមាន វិបត្តិសេដ្ឋកិច្ចអាស៊ីឆ្នាំ ១៩៩៨ វិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ និងវិបត្តិកូវីដ-១៩ ប៉ុន្តែបានបន្តដំណើរការដោយមិនបោះបង់កម្មករ ឬពន្យារប្រាក់ឈ្នួលឡើយ។
អ្នកជំនួញ និងសមាជិកព្រឹទ្ធសភាកម្ពុជា លោក ម៉ុង ឫទ្ធី ថ្លែងក្នុងពិធីបើកយុទ្ធនាការដាំដូងប្រេងជុំទី២ នៅស្រុកព្រៃនប់ កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា។ រូបថត ហុង រស្មី
លោកបាននិយាយថា៖ «សូម្បីតែក្នុងអំឡុងកូវីដ-១៩ ក៏យើងមិនធ្លាប់ខកខានបើកប្រាក់ឈ្នួលកម្មករដែរ។ បើគ្មានប្រាក់ពីដូងប្រេង យើងក៏រកប្រាក់ពីប្រភពផ្សេងមកជួយបុគ្គលិក»។
លោក ម៉ុង ឫទ្ធី បានលើកឡើងថា វិស័យដូងប្រេងនៅកម្ពុជានៅតែពិបាកក្នុងការទទួលបានហិរញ្ញប្បទាន ព្រោះធនាគារមើលថាជាការវិនិយោគកសិកម្មដែលមានហានិភ័យខ្ពស់។
លោកបានបញ្ជាក់ថា៖ «ធនាគារមិនងាយផ្តល់កម្ចីសម្រាប់ចម្ការដូងប្រេងទេ ព្រោះហានិភ័យខ្ពស់ ជាពិសេសបញ្ហាភ្លើងឆេះ»។
ក្រុមហ៊ុន Mong Reththy Investment Cambodia Oil Palm Co Ltd បានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩៩៦ និងដាំដូងប្រេងដំបូងនៅឆ្នាំ ១៩៩៧។ ចម្ការនេះមានផ្ទៃដីជាង ២ម៉ឺនហិកតា នៅខេត្តព្រះសីហនុ ក្នុងនោះប្រហែល ១៦៥០០ ហិកតា ត្រូវបានដាំដូងប្រេងរួចរាល់។
ក្រុមហ៊ុនបានចាប់ផ្តើមកម្មវិធីដាំឡើងវិញទ្រង់ទ្រាយធំ បន្ទាប់ពីដើមដូងប្រេងចាស់ៗដែលបានដាំជិត ៣០ ឆ្នាំ បានចាប់ផ្តើមធ្លាក់ផលិតភាព។
ក្រោមផែនការនេះ ផ្ទៃដីប្រមាណ ៦២៨០ ហិកតា នឹងត្រូវកាប់សម្អាត និងដាំឡើងវិញជាបន្តបន្ទាប់ក្នុងរយៈពេល ១១ ឆ្នាំ ដោយចាប់ផ្តើមពី ៥៧៩ ហិកតា នៅឆ្នាំ ២០២៦។
ក្នុងសុន្ទរកថានោះ លោក ម៉ុង ឫទ្ធី ក៏បានព្រមានយ៉ាងខ្លាំងអំពីអ្វីដែលលោកហៅថា ការលុកលុយ និងការទន្ទ្រានយកដីនៅជុំវិញតំបន់ចម្ការ។
លោកបានអះអាងថា ដីទាំងអស់ដែលក្រុមហ៊ុនប្រើប្រាស់ គឺបានទិញស្របច្បាប់ និងបានរិះគន់បុគ្គលមួយចំនួនដែលលោកចោទថាប្រើជម្លោះដីធ្លីដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកបាននិយាយថា៖ «ដីទាំងអស់នេះបានទិញស្របច្បាប់ មិនមានដីណាមួយដែលបានយកដោយមិនបង់ប្រាក់ទេ»។
លោក ម៉ុង ឫទ្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្រោយចប់កម្មវិធីថា៖ «ខ្ញុំមិននិយាយពីឈ្មោះអ្នករំលោភបំពាននោះទេ។ តែគេហ៊ានបំពាន ម៉ុង ឫទ្ធី ហើយ អ្នកនោះមិនធម្មតាឡើយ»។
លោកបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ មិនគាំទ្រការអះអាងដីធ្លីដែលគ្មានមូលដ្ឋានច្បាស់លាស់ ប្រឆាំងនឹងគម្រោងនេះ ដោយលើកឡើងថា គម្រោងបានបំលែងតំបន់ដែលមិនទាន់អភិវឌ្ឍទៅជាប្រភពការងារ និងសេដ្ឋកិច្ចមូលដ្ឋានដ៏សំខាន់។
លោកបានរំលឹកថា៖ «ពេលខ្ញុំមកទីនេះដំបូង មានតែ ៨ គ្រួសារប៉ុណ្ណោះដែលរស់នៅតំបន់នេះ»។
ក្រោមផែនការនេះ ផ្ទៃដីប្រមាណ ៦២៨០ ហិកតា នឹងត្រូវកាប់សម្អាត និងដាំកូនដូងប្រេង (តម្លៃ ២៥ដុល្លារមួយដើម) ឡើងវិញជាបន្តបន្ទាប់ក្នុងរយៈពេល ១១ ឆ្នាំ ដោយចាប់ផ្តើមពី ៥៧៩ ហិកតា នៅឆ្នាំ ២០២៦។ រូបថត ហុង រស្មី
លោកក៏បានការពារការសាងសង់របងជុំវិញតំបន់ដាំឡើងវិញ ដោយពន្យល់ថា គោ និងក្របីបានបំផ្លាញដើមដូងក្មេងៗជាបន្តបន្ទាប់ ខណៈដើមមួយៗមានតម្លៃប្រមាណ ២៥ ដុល្លារ។
លោកបានបញ្ជាក់ថា៖ «នេះមិនមែនដើម្បីហាមមនុស្សចូលទេ ប៉ុន្តែដើម្បីការពារចម្ការពីការខាតបង់បន្ថែម»។
លោកបានប្រៀបធៀបវិស័យដូងប្រេងកម្ពុជា ដែលនៅតូចជាមួយប្រទេសម៉ាឡេស៊ី ដែលលោកថាមានផ្ទៃដីដាំដូងប្រេងជាង ៥ លានហិកតា ខណៈកម្ពុជាមានប្រហែល ២ម៉ឺនហិកតា។
លោកបានលើកឡើងថា ដូងប្រេងនៅតែជាដំណាំមួយក្នុងចំណោមដំណាំមួយចំនួនតិច ដែលអាចដាំបានលើដីខ្សាច់ និងដីជូរនៅតំបន់ឆ្នេរកម្ពុជា។
លោកបានបន្ថែមថា៖ «បើមិនមែនដូងប្រេង ឬកៅស៊ូទេ វាពិបាកណាស់ក្នុងការដាំដំណាំផ្សេងៗនៅទីនេះ»។
ទោះបីជាមានបញ្ហាហិរញ្ញវត្ថុ លោក ម៉ុង ឫទ្ធី បានអំពាវនាវឱ្យយុវជនបន្តវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ជាជាងបោះបង់គម្រោងអភិវឌ្ឍជនបទរយៈពេលវែង។
លោកបាននិយាយថា៖ «កុំបោះបង់។ យើងដួលច្រើនដង ប៉ុន្តែយើងនៅតែក្រោកឡើង ហើយបន្តដំណើរទៅមុខ»៕



