មន្រ្តីឧទ្យានុរក្សបរិស្ថាន ៩នាក់ពុលផ្សិតនៅក្នុងពេលចុះល្បាតទប់ស្កាត់បទល្មើសក្នុងព្រៃឡង់ ខេត្តក្រចេះ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មន្រ្តីឧទ្យានុរក្សបរិស្ថាន ៩នាក់ពុលផ្សិតនៅក្នុងពេលចុះល្បាតទប់ស្កាត់បទល្មើសក្នុងព្រៃឡង់ ខេត្តក្រចេះ

 ក្រចេះ៖ មន្រ្តីឧទ្យានុរក្សចំនួន ៩នាក់នៃមន្ទីរបរិស្ថានខេត្តក្រចេះមានអាការពុល បន្ទាប់ពីបានបរិភោគផ្សិតនៅក្នុងអំឡុងពេលបំពេញបេសកកម្មចុះល្បាតព្រៃ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» នៃភូមិសាស្រ្តខេត្តក្រចេះ កាលពីថ្ងៃទីពុធ ទី១៣ ខែឧសភានេះ។

ក្រសួងបរិស្ថានបានឱ្យដឹងនាថ្ងៃទីព្រស្បតិ៍ ទី១៤ ខែឧសភាថា មន្រ្តីទាំង ៩នាក់ត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដើម្បីសង្រ្គោះ ក្រោមការយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ អាជ្ញាធរ និងមន្ទីរបរិស្ថានខេត្តក្រចេះ ក្នុងការព្យាបាល និងថែទាំសុខភាព។ ដល់ថ្ងៃទី ១៤ ខែឧសភា មន្រ្តីចំនួន៤នាក់បានធូរស្បើយ និង៥នាក់ទៀតកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រសួងបរិស្ថានបញ្ជាក់ថា៖«នៅក្នុងថ្ងៃនេះ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ មន្រ្តីយើងបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត និងមានសុខភាពល្អធម្មតាវិញហើយ។ ក្រសួងបរិស្ថាន ក៏ដូចជារដ្ឋបាលខេត្តក្រសចេះ និងអ្នកពាក់ព័ន្ធគាំទ្រ និងលើកទឹកចិត្តដល់មន្រ្តីបរិស្ថាន ដែលបានជួបប្រទះបញ្ហាសុខភាពក្នុងពេលបំពេញភារកិច្ច»។

ក្រសួងបានលើកឡើងថា ដើម្បីចូលរួមបង្កើនភាពបៃតង ការពង្រឹងការអនុវត្តច្បាប់ សកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ មន្រ្តីឧទ្យានុរក្សត្រូវចុះល្បាតក្នុងព្រៃជ្រៅ ដែលជារឿយៗជួបប្រទះ នូវគ្រោះថ្នាក់ធម្មជាតិ ប្រឈមនឹងជនល្មើស និងជំងឺនានាជាច្រើនប្រភេទ។

មន្ត្រីឧទ្យានុរក្សកម្ពុជាជាង ១ពាន់នាក់នៅទូទាំងប្រទេសកំពុងតែបង្ហាញទឹកចិត្តមោះមុត និងការលះបង់ខ្ពស់ ក្នុងការចូលរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់ប្រភេទ អង្គការដៃគូ សមាគមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ ទោះបីជាត្រូវប្រឈមហានិភ័យសុវត្ថិភាព ឧបសគ្គភូមិសាស្ត្រ និងជំងឺផ្សេងៗ ដើម្បីថែរក្សាមរតកធម្មជាតិសម្រាប់ជំនាន់ក្រោយ នៅតាមតំបន់ការពារធម្មជាតិចំនួន ៧៣កន្លែង លើផ្ទៃដីជាង ៧ លានហិកតានៅទូទាំងប្រទេស។

ជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ បានចុះល្បាតចំនួន ៤ ០៤៨ លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ៧១៨ ករណី។ ក្រៅពីបង្ក្រាប មន្ត្រីឧទ្យានុរក្សសហការជាមួយប្រជាសហគមន៍ក្នុងការអប់រំផ្សព្វផ្សាយ និងដាំដើមឈើដើម្បីស្តារព្រៃឡើងវិញផងដែរ។ កន្លងមកនេះ ក្រសួងបរិស្ថាន បានពង្រឹងសមត្ថភាព និងបំពាក់ឧបករណ៍ សម្ភារ ប្រើប្រាស់ដូចជា, ដ្រូន, និងប្រព័ន្ធ GPS ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការល្បាត៕





Post a Comment (0)
Previous Post Next Post