អភិបាលខេត្តកំពង់ធំ៖ ព្រៃលិចទឹកនៅតំបន់ ៣នៃបឹងទន្លេសាបប្រមាណ ១០ម៉ឺនហិកតាត្រូវបានការពារយ៉ាងម៉ឺងម៉ាត់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អភិបាលខេត្តកំពង់ធំ៖ ព្រៃលិចទឹកនៅតំបន់ ៣នៃបឹងទន្លេសាបប្រមាណ ១០ម៉ឺនហិកតាត្រូវបានការពារយ៉ាងម៉ឺងម៉ាត់

 កំពង់ធំៈ អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្នបានអះអាងថា ព្រៃលិចទឹកនៅក្នុងតំបន់៣ នៃបឹងទន្លេសាបប្រមាណ ១០ម៉ឺន ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបាន«ការពារយ៉ាងម៉ឺងម៉ាត់» ដែលមិនឱ្យមានការលួចទន្ទ្រានកាប់បំផ្លាញ និងកាន់កាប់ដីដោយខុសច្បាប់ថ្មីណាមួយនោះឡើយ ក្នុងដំណាក់កាលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការអះអាងនេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ក្រោយពេលដែលលោកដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពព្រៃលិចទឹក នៅក្នុងតំបន់ ៣ ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ។

លោកក៏បានលើកឡើងផងដែរថា ក្រោយពីការទប់ស្កាត់បទល្មើស ដែលអនុវត្តទៅតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត តំបន់មួយចំនួនព្រៃលិចទឹកក៏បាននិងកំពុងដុះលូតលាស់ឡើងវិញជាបណ្តើរៗផងដែរ។

អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្នដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពព្រៃលិចទឹក នៅក្នុងតំបន់ ៣ ក្នុងភូមិសាស្ត្រស្រុកស្ទោង ។ រូបថត NUON Pharat

លោកអភិបាលខេត្តក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការយោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះការអនុវត្តច្បាប់របស់មន្ត្រីដែលកំពុងឈរជើងនៅតាមបណ្តាទីបញ្ជាការស្រាលទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងបុព្វហេតុការពារធនធានធម្មជាតិដ៏មានសារសំខាន់នេះ។

តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន ៦ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ត្រូវបានរាជរដ្ឋាភិបាលកំណត់បែងចែកជា ៣ តំបន់ និងមានការបែងចែកការប្រើប្រាស់ខុសៗគ្នា។ ក្នុងនោះ រួមមាន៖ តំបន់ ១ ជាតំបន់លំនៅដ្ឋាន និង/ឬ ភូមិករ មានលក្ខណៈជាអចិន្រ្តៃយ៍ស្របច្បាប់ និងជាតំបន់សេដ្ឋកិច្ចចម្រុះ, តំបន់ ២ ជាតំបន់អាស្រ័យផល ក៏ជាតំបន់ទ្រនាប់ផងដែរ ជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅចន្លោះតំបន់១ និងតំបន់៣ និង តំបន់ ៣ ជាតំបន់ដែនព្រៃលិចទឹក និងព្រៃលិចទឹកគ្រប់ប្រភេទ ជាដីសាធារណៈរបស់រដ្ឋ ត្រូវការពារដាច់ខាត។

default

អាជ្ញាធរទន្លេសាបក៏បាននិងងកំពុងតែដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តពង្រឹងកិច្ចប្រតិបត្តិការដោយរៀបចំក្រុមការងារ និងដាក់សកម្មភាពចុះតាមដានពិនិត្យ អធិការកិច្ច និងចាត់វិធានការណ៍សម្របសម្រួលដោះស្រាយរាល់បាតុភាពសកម្មភាពខុសច្បាប់ ដោយទង្វើនៃការរំលោភដីព្រៃលិចទឹក ការយកបឹងបួធ្វើអាជីវកម្ម និងការកសាងហេដ្ឋរចនាសម្ព័ន្ធមិនមានការអនុញ្ញាតត្រឹមត្រូវស្ថិតក្នុងដែនព្រៃលិចទឹកតំបន់ ៣ នៃខេត្តទាំង ៦ ជុំវិញតំបន់ទន្លេសាប។

ក្រៅពីនោះ ក៏កំពុងតែបន្តចុះប្រជុំផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបញ្ជ្រាបការយល់ដឹងពីបទដ្ឋានគតិយុត្តពាក់ព័ន្ធការការពារ ថែរក្សា គ្រប់គ្រង និងអភិរក្សដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបផងដែរ។ ការផ្សព្វផ្សាយទាំងនេះ មានគោលបំណងផ្ដោតសំខាន់ រួមមាន៖ បង្កើនការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមការពារ ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះ និងព្រៃលិចទឹក និងសំដៅធានាឱ្យបាននូវការគ្រប់គ្រងធនធានធម្មជាតិ ជីវចម្រុះ ដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅក្នុងតំបន់ជុំវិញបឹងទន្លេសាបប្រកបដោយនិរន្តរភាព៕





Post a Comment (0)
Previous Post Next Post