ក្មេងទំនើង​ជិត​១ពាន់នាក់ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ​ចំនួន ៥៤១នាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្មេងទំនើង​ជិត​១ពាន់នាក់ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ​ចំនួន ៥៤១នាក់

 សមត្ថកិច្ចនគរបាល​ជាតិ​គ្រប់​មូល​ដ្ឋាន បាន​បង្ក្រាបក្រុមក្មេ​ងទំនើង​ចំនួន ២៧៨ករណី ដោយ​ឃាត់ខ្លួនជនបង្កសរុប ៩៧៤នាក់ ក្នុងរយៈពេល ៣ខែ នៃត្រីមាសទី ១ ឆ្នាំ២០២៦នេះ ហើយ​បើធៀបនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំ២០២៥ គឺ​ចំនួននេះ មានការ​ថយចុះ ១៣ករណី ដោយមាន​​ជនបង្កថយចុះ ១១៥នាក់។

បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​ផ្តល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បាន​ឱ្យដឹងថា នៅ​ក្នុងចំណោមក្មេងទំនើងជិត១ពាន់នាក់នេះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាងសំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចំនួន ៥៤១នាក់ ចំណែក​ជនបង្ក ៤៣៣នាក់ទៀត ត្រូវបានសមត្ថកិច្ច​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ធ្វើ​កិច្ច​សន្យាអប់រំណែនាំ និង​អនុញ្ញាត​ឱ្យ​អាណាព្យាបាល​ធានា​យក​ទៅ​អប់រំ​បន្ត​នៅផ្ទះ​។ 

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីខែមេសា​កន្លងទៅ​នេះ បានណែនាំឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ សិក្សា​ផ្លូវ​ច្បាប់ ដើម្បី​បញ្ជូន​ក្រុម​ក្មេងទំនើង​ដែល​បង្កការ​អុក​ឡុក​សង្គម ឱ្យ​ទៅ​បម្រើការងារ​នៅសម​រភូមិ​មុខ ដើម្បី​ឱ្យ​ពួកគេដឹងថា ជីវិត​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន ដែល​មួយ​ចំនួន​ក៏​ជាយុវជន​ដូចគ្នា​នោះ កំពុង​ធ្វើ​ពលិកម្ម និង​ប្រឈម​គ្រោះថ្នាក់​អ្វី​ខ្លះ ដើម្បី​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ។

ជាមួយគ្នានេះ ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាពសង្គម លោក​ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ដាក់​បទ​បញ្ជា​យ៉ាង​តឹងរ៉ឹង ឱ្យ​អាជ្ញាធរ ​និង​កម្លាំង​នគរបាល​ជាតិ បន្ត​អនុវត្ត​វិធាន​ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ដោយ​គ្មាន​ការ​យោគយល់ ឬ​អន្តរាគមន៍​ណាមួយ​មក​លើ​ជន​បង្ក​ឡើយ។ 

លោក​ឧបនាយក​រដ្ឋមន្រ្តី ​ធ្លាប់​បាន​បញ្ជាក់ថា៖​ «រាល់សកម្មភាពក្មេង​ទំនើង​ ដែល​បង្ក​ការ​ភ័យ​ខ្លាច​ដល់ប្រជា​ពលរដ្ឋ ត្រូវតែ​ចាត់​វិធាន​ការ​ច្បាប់​ភ្លាមៗ និង​គ្មាន​ការ​លើកលែង ដើម្បី​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ជាពិសេស​គឺ​ការធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ភូមិ-ឃុំ-សង្កាត់ មាន​សុវត្ថិភាព នៅទូទាំងព្រះរាជា​ណាចក្រកម្ពុជា»៕


Post a Comment (0)
Previous Post Next Post