ឃុំ/សង្កាត់៣០ នៅទូទាំងប្រទេសទទួលជ័យលាភីពីការប្រលងប្រណាំង «ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៦
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឃុំ/សង្កាត់៣០ នៅទូទាំងប្រទេសទទួលជ័យលាភីពីការប្រលងប្រណាំង «ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៦

 ភ្នំពេញៈ ឃុំ/សង្កាត់ចំនួន៣០ នៅទូទាំងប្រទេសបានទទួលរង្វាន់ជ័យលាភីនៃការប្រលងប្រណាំង«ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព»ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំឃុំ/សង្កាត់របស់ខ្លួននៅតាមបណ្តោយផ្លូវជាតិ/ផ្លូវខេត្ត ឱ្យមានសោភ័ណភាពល្អ និងបរិស្ថានស្អាត ជាពិសេសចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ​និងបង្កើនភាពបៃតង។

ថ្លែងក្នុងពិធីប្រគល់ជ័យលាភីនិងប្រគល់បណ្ណមេត្រីបរិស្ថានដល់ឃុំ/សង្កាត់ទាំង៣០នាររសៀលថ្ងៃទី១២ ខែឧសភា រដ្ឋមន្រ្តីក្រសួងបរិស្ថាន អ៊ាង សុផល្លែតមានប្រសាសន៍ថា ចលនាប្រលងប្រណាំង«ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦ ពិតជាមានសារៈសំខាន់ណាស់។ ចលនានេះជាកត្តាជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានផ្ទាល់ ឱ្យខិតខំប្រឹងប្រែងរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ឱ្យមានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ ដើម្បីទទួលបានជ័យលាភីក្នុងការប្រ​ឡងប្រណាំងលើកទី៥នេះ។ នេះបើយោងតាមក្រសួងបរិស្ថាននាថ្ងៃទី១៣ ឧសភានេះ។

ក្រសួងបានរៀបចំចលនាប្រឡងប្រណាំង «ភូមិ ឃុំ/សង្កាត់មានសុវត្តិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ «មានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានល្អ»។ ក្នុងឆ្នាំ២០២៦នេះគឺជាលើកទី៥ ដែលក្រសួងបានរៀបចំឡើង ក្រោមប្រធានបទ «ភូមិ ឃុំ/សង្កាត់ស្អាតគ្មានសំរាមប្លាស្ទិករាយប៉ាយ»។

ចលនាប្រឡងប្រណាំងនេះ ឆ្លើយតបទៅគោលនយោបាយ «ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជំរុញការអនុវត្តកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការធ្វើប្រតិភូកម្មមុខងារតួនាទី ការទទួលខុសត្រូវ ធនធាននិងបច្ចេកទេសជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តការងារក្នុងវិស័យបរិស្ថាន។ ជាមួយគ្នានេះ ការគ្រប់គ្រងសំរាម និងសំណល់បា្លស្ទិក រួមចំណែកសំខាន់ដល់ការថែរទាំសុខភាពសាធារណៈ បង្កើនអនាម័យក្នុងការរស់នៅ និងសោភ័ណភាពបរិស្ថានទាំងមូលនៅតាមមូលដ្ឋាន។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ព្រមជាមួយ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ដែលតែងតែផ្តល់កិច្ចសហការល្អនិងគាំទ្រដល់យុទ្ធនាការក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ការចូលរួមនេះគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលដើម្បីភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា៕




Post a Comment (0)
Previous Post Next Post