ទោះបីជារដ្ឋាភិបាលថៃបានប្រកាសពីបំណងចង់បាន «ភាពជាអ្នកជិតខាងល្អ» ជាមួយកម្ពុជាក៏ដោយ ក៏យោធារបស់ខ្លួនបានចាប់ផ្តើមសាងសង់ជញ្ជាំងបេតុងដែលនឹងបំពាក់ចំរឹងដែក នៅផ្នែកមួយនៃព្រំដែនរួមគ្នារបស់ប្រទេសទាំងពីរ។
អ្នកវិភាគកម្ពុជាដ៏លេចធ្លោម្នាក់បានចោទសួរថា តើវាជា «របងនៃមិត្តភាព ឬការបែងចែក»។
ជញ្ជាំងនេះត្រូវបានគេរាយការណ៍ថា កំពុងត្រូវបានសាងសង់តាមបណ្តោយព្រំដែននៃខេត្តច័ន្ទបុរី ប្រទេសថៃ ដែលជាប់ព្រំប្រទល់នឹងខេត្តបាត់ដំបង។ ការសាងសង់សំណង់ដែលមានប្រវែង ១,៣១ គីឡូម៉ែត្រនេះ បានចាប់ផ្តើមនៅក្នុងខែមេសា ដោយសារព័ត៌មានថៃ The Nation បានដកស្រង់សម្តីប្រភពពីយោធាម្នាក់ដែលអះអាងថា ជញ្ជាំងនេះស្ថិតនៅលើទឹកដីអធិបតេយ្យរបស់ថៃ ក្នុងផ្នែកនៃខ្សែព្រំដែនដែលបានព្រមព្រៀងគ្នា។
The Nation ចុះផ្សាយថា របងនេះស្ថិតនៅក្បែរច្រកឆ្លងកាត់សំខាន់មួយ រវាងបង្គោលព្រំដែនលេខ ៥២ និង ៥៤ ក្នុងស្រុកពោងណាំរ៉ន (Pong Nam Ron) ខេត្តច័ន្ទបុរី ជាប់ព្រំប្រទល់ស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា។ ប្រភពយោធាថៃមិនបញ្ចេញឈ្មោះម្នាក់បានអះអាងថា របងនេះមានគោលបំណង «ពង្រឹងសន្តិសុខព្រំដែន និងកែលម្អសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ»។
មន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបដែលបានដឹងអំពីបញ្ហាព្រំដែន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អាជ្ញាធរកម្ពុជាកំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់។
លោកថ្លែងថា៖ «ចំពោះការសាងសង់របងដែលត្រូវបានលើកឡើងនោះ អាជ្ញាធរជំនាញផ្នែកព្រំដែនកម្ពុជាកំពុងបន្តដាមដាន និងពិនិត្យករណីនេះយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាថា ការសាងសង់របងនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៤ នេះ គឺធ្វើឡើងដោយមិនបំពានមកលើបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា»។
លោកពន្យល់ថា កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង គឺកន្លងមកភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នាទាំងទីតាំងបង្គោលព្រំដែន ទាំងខ្សែព្រំដែនតាំងពីខែមិនា ឆ្នាំ២០០៨ ហើយខ្សែព្រំដែននៅកំណាត់នេះ គឺជាខ្សែបន្ទាត់ត្រង់។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមបច្ចេកទេសចម្រុះនៃភាគីទាំងពីរ បានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នបន្ថែមនៅចន្លោះបង្គោលព្រំដែននីមួយៗ ដែលបង្គោលបណ្តោះអាសន្ននីមួយៗ មានគម្លាតពីគ្នា៥០ ម៉ែត្រមួយៗ ដើម្បីបង្ហាញនិងបញ្ជាក់ពីភាពច្បាស់លាស់នៃខ្សែព្រំដែនលើដីជាក់ស្តែង។
ទោះបីជាការសាងសង់កំពុងបន្តទៅមុខក៏ដោយ ក៏មេដឹកនាំរដ្ឋាភិបាលថៃ រួមមានលោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) បានប្រើប្រាស់ភាសាការទូតដ៏ផ្អែមល្ហែមជាបន្តបន្ទាប់ ដោយបង្ហាញថាពួកគេចង់ «បើកទំព័រថ្មី» ក្នុងទំនាក់ទំនងជាមួយកម្ពុជា ជាមួយនឹងបញ្ជីនៃ «វិធានការជាក់ស្តែង និងការកសាងទំនុកចិត្ត»។
លោក អានុទីន និងរដ្ឋមន្ត្រីការបរទេសរបស់លោក គឺលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានលើកឡើងជាច្រើនលើកថា ថៃចង់ឈានទៅមុខនៅលើមូលដ្ឋាននៃទំនាក់ទំនងជាអ្នកជិតខាងល្អ។
ក្នុងជំនួបកាលពីថ្ងៃទី ៧ ខែឧសភា ជាមួយលោក អានុទីន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមថ្ងៃទី ២៧ ខែធ្នូ ដែលតម្រូវឱ្យភាគីទាំងពីរចាប់ផ្តើមការងារបោះបង្គោលព្រំដែនរួមគ្នាដោយមិនបង្អង់យូរ។ ប៉ុន្តែជិត ៥ខែហើយ ដែលថៃបានគេចវេស ដោយពន្យារពេលកិច្ចប្រជុំ JBC ជាច្រើនលើកច្រើនសា។
អ្នកជំនាញទំនាក់ទំនងអន្តរជាតិម្នាក់បានចែករំលែកទស្សនៈផ្ទាល់ខ្លួន ដោយព្រមានថា ដោយសារតែរបងនេះត្រូវបានសាងសង់តាមខ្សែព្រំដែនដែលបានព្រមព្រៀងគ្នាបណ្តោះអាសន្ន ជញ្ជាំងនេះអាចត្រូវបានគេមើលឃើញថាជាការបង្កហេតុ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនថា៖ «ប្រសិនបើរបងនោះស្ថិតនៅលើទឹកដីថៃ និងនៅលើផ្នែកព្រំដែនដែលបានព្រមព្រៀងគ្នា ជាកន្លែងដែលបង្គោលផ្លូវការស្ថាពររួចហើយ ហើយការសាងសង់មានតម្លាភាព និងត្រូវបានត្រួតពិនិត្យដោយភាគីទាំងពីរ នោះខ្ញុំគិតថាវាមិនមែនជាបញ្ហានោះទេ»។
លោកបានបន្ថែមថា៖ «យោធាថៃបានអះអាងថា ពួកគេសាងសង់វានៅលើទឹកដីរបស់ពួកគេ ប៉ុន្តែយ៉ាងណាក៏ដោយ វាត្រូវតែមានការត្រួតពិនិត្យដោយភាគីទាំងពីរ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងជៀសវាងការប្រែក្លាយជញ្ជាំងទៅជានិមិត្តរូបនៃជាតិនិយម ឬជាប្រភពនៃជម្លោះ»៕

