អាជ្ញាធរខេត្តពោធិ៍សាត់ស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់លើ​អ្នក​វាយ​សម្លាប់ប្រើសទម្ងន់កូន ទម្ងន់១១០គីឡូក្រាម
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អាជ្ញាធរខេត្តពោធិ៍សាត់ស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់លើ​អ្នក​វាយ​សម្លាប់ប្រើសទម្ងន់កូន ទម្ងន់១១០គីឡូក្រាម

 ម​ន្ទីរបរិស្ថាន​ខេត្ត​ពោធិ៍សាត់​បានឲ្យ​ដឹង​ថា សត្វប្រើសញីមាន​​កូនក្នុង​ពោះ​​ ១ក្បាល ទម្ងន់១១០គីឡូក្រាម បានវង្វេងចូលមកក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុង​ភូមិ​ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពេល​ចូល​ដល់​ក្នុង​ភូមិ មាន​បុគ្គលមួយចំនួនព្រួតដៃគ្នាវាយ និងបង្អៅឆ្កែដេញខាំ​ បណ្តាលឱ្យសត្វប្រើស​នេះ​ផ្អើលរត់បុករបងលួសមុតសាច់ និងត្រូវបានឆ្កែខាំរហូតដល់បាត់បង់ជីវិត​នៅ​ក្នុងចម្ការដំឡូងមី។

ករណី​បាត់​បង់​ស្វព្រៃ​កម្រ​នេះ ធ្វើ​អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានពោធិ៍សាត់ មានក្តីរំជួលចិត្ត និងសោកស្តាយយ៉ាងខ្លាំង។ មន្ទីរបរិស្ថាន​ចាត់​ទុក​សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ និងសត្វព្រៃ​ងាយរងគ្រោះ​ប៉ុណ្ណោះទេ ប៉ុន្តែវាជាអំពើខុសច្បាប់ក្នុងក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

ក្រោយ​ពេល​កើត​ហេតុ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និង​អាជ្ញាធរមូលដ្ឋាន បាន​និមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និងកូនក្នុងផ្ទៃដ៏កម្សត់។

មន្ទីរ​បរិស្ថានខេត្ត​បាន​ថ្លែង​ថា៖ «មន្ទីរបរិស្ថាន និងអាជ្ញាធរ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់ក្រុមបុគ្គលអគតិខាងលើ! បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។

ក្នុងករណីប្រទះឃើញមានសត្វព្រៃវង្វេងចូលក្នុងភូមិឋាន អាជ្ញាធរអំពាវនាវដល់​ប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារ ថែរក្សា និងរាយការណ៍ជាបន្ទាន់មកមន្ត្រីបរិស្ថាន ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីសង្គ្រោះពួកវាឱ្យបានទាន់ពេលវេលា ជៀសវាងការបង្ករបួសស្នាម ឬសម្លាប់សត្វព្រៃដោយអចេតនា និងចេតនា៕


Post a Comment (0)
Previous Post Next Post