ខេត្តព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាពង្រឹងវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងបណ្ដាញឆបោកតាមប្រព័ន្ធអនឡាញ ដោយបញ្ជាក់ថា កម្ពុជានឹងមិនអនុញ្ញាតឱ្យក្លាយជាជម្រកសុវត្ថិភាពសម្រាប់បណ្ដាញឧក្រិដ្ឋជនអន្តរជាតិឡើយ។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា» កាលពីថ្ងៃទី១៩ ខែឧសភា នៅខេត្តព្រះសីហនុ លោក ឆៃ ស៊ីណារិទ្ធ អនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានលើកឡើងថា បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងវិវត្តកាន់តែស្មុគស្មាញ និងក្លាយជាបញ្ហាសន្តិសុខឆ្លងដែនដែលទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ។
វគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា បានប្រមូលផ្តុំមន្ត្រីអនុវត្តច្បាប់ ព្រះរាជអាជ្ញា ចៅក្រម និងអ្នកជំនាញអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេត កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងការឆ្លើយតបចំពោះឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការឆបោកអនឡាញ និងការជួញដូរមនុស្ស។
អ្នកចូលរួមរួមមានតំណាងក្រសួងយុត្តិធម៌ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមន្ត្រីជំនាញមកពី មន្ត្រីជំនាញមកពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទល្មើស (UNODC), ក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ និងសហភាពអឺរ៉ុប (EU)។
លោក ស៊ីណារិទ្ធ បានឨ្យដឹងថា: “វគ្គបណ្ដុះបណ្ដាលនេះនឹងជួយពង្រឹងការយល់ដឹងរបស់មន្ត្រីជំនាញពាក់ព័ន្ធនឹងនីតិវិធីជំនួយផ្នែកច្បាប់ទៅវិញទៅមក ការគ្រប់គ្រងភស្តុតាងឌីជីថល ការស៊ើបអង្កេតឆ្លងដែន និងការកំណត់អត្តសញ្ញាណ ការពារ និងគាំទ្រជនរងគ្រោះនៃអំពើជួញដូរមនុស្ស”។
លោកបានបញ្ជាក់ថា បច្ចុប្បន្នឧក្រិដ្ឋកម្មបច្ចេកវិទ្យាកំពុងកើនឡើងទាំងភាពស្មុគស្មាញ និងវិសាលភាព ដោយបណ្ដាញឧក្រិដ្ឋជនបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាទំនើបៗជាមធ្យោបាយក្នុងការបោកប្រាស់ និងអូសទាញជនរងគ្រោះ។
លោកបានថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យកម្ពុជា ក្លាយជាជម្រកសុវត្ថិភាពរបស់ឧក្រិដ្ឋជនអន្តរជាតិឡើយ»។

យ៉ាងណាមិញលោក ស៊ីណារិទ្ធបានទទួលស្គាល់ថា ក្នុងនាមជាប្រទេសតូច បើកចំហ និងកំពុងអភិវឌ្ឍ កម្ពុជាបានក្លាយជាគោលដៅដែលបណ្ដាញឧក្រិដ្ឋជនបរទេសព្យាយាមប្រើប្រាស់ទឹកដីកម្ពុជា ជាមូលដ្ឋានប្រតិបត្តិការសម្រាប់សកម្មភាពខុសច្បាប់តាមអនឡាញ។
លោកបានបន្ដថា៖ «ស្ទើរគ្រប់ប្រទេសទាំងអស់ទទួលស្គាល់ថា បញ្ហានេះជាបញ្ហាឆ្លងដែន ដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបានឡើយ»។
ការលើកឡើងនេះ កើតមានស្របពេលដែលតំបន់អាស៊ីអាគ្នេយ៍កំពុងប្រឈមការព្រួយបារម្ភកាន់តែខ្លាំងពីបណ្ដាញឆបោកអនឡាញ ដែលភាគច្រើនពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើការ និងការបោកប្រាស់ហិរញ្ញវត្ថុទ្រង់ទ្រាយធំលើជនរងគ្រោះនៅទូទាំងពិភពលោក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជាបានក្លាយជាប្រធានបទក្តៅនូវសកម្មភាពក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណិត និងការជួញដូរមនុស្ស ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។ ក្រុមឆបោក ប្រតិបត្តិការដោយបណ្តាញឧក្រិដ្ឋជនបរទេស ប្រព្រឹត្តអំពើឆបោកតាមឌីជីថលដ៏ធំ រួមទាំងការប្រើប្រាស់មនោសញ្ចេតនា និងការបោកប្រាស់រូបិយប័ណ្ណគ្រីបតូ។
កាលពីថ្ងៃទី២៤ ខែមេសា កម្ពុជាបានប្រកាសថា អាជ្ញាធរបានបង្ក្រាបទីតាំងបោកប្រាស់តាមអនឡាញជាង ២៥០កន្លែង និងបានបិទកាស៊ីណូចំនួន ៩១ នៅចន្លោះខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦។
រដ្ឋាភិបាលបានឨ្យដឹងថា មនុស្សចំនួន ២៤១៨៨៨ នាក់មកពីប្រទេសដូចជាប្រទេសចិន ប៉ាគីស្ថាន និងឥណ្ឌូនេស៊ីបានចាកចេញពីប្រទេសដោយស្ម័គ្រចិត្តនៅចន្លោះពាក់កណ្តាលខែមករាដល់ថ្ងៃទី ១៩ ខែមេសា។
លោក ស៊ីណារិទ្ធិក៏បានថ្លែងអំណរគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការ UNODC ប្រទេសកូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ដោយចាត់ទុកថា កិច្ចសហការនេះបានបង្ហាញពីការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តរួមរបស់សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក៕


