កំពង់ធំៈ ទីបំផុត អាជ្ញាធរបានធ្វើការឃាត់ខ្លួន «មេខ្លោង» ម្នាក់ដែលនៅពីក្រោយនៃការជួលឱ្យពលរដ្ឋកាប់បំផ្លាញព្រៃឈើនៅតំបន់អូរតាលោក ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ក្រោយពីជនសង្ស័យរូបនេះបានធ្វើការរត់គេចខ្លួនទៅក្នុងខេត្តកំពង់ចាម។ នេះបើយោងតាមអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន។
តាមរយៈបណ្តាញសង្គម លោកអភិបាលខេត្តបានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា បន្ទាប់ពីធ្វើការអង្កេតបឋមអស់មួយរយៈ និងតាមចម្លើយសារភាពពីប្រជាពលរដ្ឋដែលបានស៊ីឈ្នួលគេទៅកាប់បំផ្លាញព្រៃឈើនៅតំបន់អូរតាលោកនាពេលកន្លងមក អាជ្ញាធរបានឈានទៅរកការចាប់ខ្លួន «មេខ្លោង» ដែលនៅពីក្រោយខ្នងការកាប់ទន្ទ្រាននេះ។
លោកអភិបាលខេត្តបានបញ្ជាក់ថា៖«មេខ្លោងរូបនេះបានគេចខ្លួនដល់ខេត្តកំពង់ចាម យើងបានចាប់ខ្លួនត្រឡប់មកបន្តនីតិវិធីតុលាការខេត្តកំពង់ធំវិញ។ ដូចដែលខ្ញុំធ្លាប់បានលើកឡើងហើយថា កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ»។
ចំណាត់ការនេះធ្វើឡើងក្រោយពេលដែលលោកនួន ផារ័ត្នដឹកនាំក្រុមការងារ កាលពីថ្ងៃទី១០ ខែឧសភានេះ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងមួយចំនួនក្នុងតំបន់ព្រៃឡង់ជាប់ព្រំប្រទល់នឹងខេត្តក្រចះ ដែលមានជនខិលខូចមួយចំនួនបានព្យាយាមកាប់បំផ្លាញ។លោកបានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០២៦នេះ អាជ្ញាធរបានកសាងសំណុំរឿងចំនួន ៧ ដោយមានការឃាត់ខ្លួនជនសង្ស័យចំនួន ៧ នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយរដ្ឋបាលខេត្តកំពង់ធំកំពុងចាត់វិធានការរដ្ឋបាលបន្ថែមចំនួន ២ ទៀតសម្រាប់ពេលខាងមុខនេះ។ រដ្ឋបាលខេត្តក៏នឹងធ្វើការសហការជាមួយស្ថាប័នតុលាការក្នុងការស៊ើបអង្កេត ស្វែងរកមេក្លោងដែលនៅពីក្រោយខ្នងនៃការកាប់ទន្ទ្រាននេះផងដែរ។
លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបញ្ចប់នូវវប្បធម៌ «អ្នកហ៊ានគឺបាន» ហើយរួមគ្នាថែរក្សាសម្បត្តិព្រៃឈើដែលជាធនធានធម្មជាតិរបស់យើងទាំងអស់គ្នា។
ទាក់ទងនឹងបទល្មើសព្រៃឈើនេះដែរ ឈើចម្រៀកប្រមាណ ៤ ម៉ែត្រគុប ត្រូវបានកងកម្លាំងល្បាតនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំរកឃើញកាលពីថ្ងៃអង្គារម្សិលមិញ ក្រោយពីត្រូវបានជនល្មើសទម្លាក់ចេញពីគោយន្ត ហើយបើករត់គេចខ្លួន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យមើលឈើទាំងនោះ ដើម្បីវាយតម្លៃនិងចាត់វិធានការបន្ត។ ក្រោយធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវព័ត៌មាននៅតំបន់នេះរួចមក លោកបានបញ្ជាក់ថា ឈើចម្រៀកប្រមាណ ៤ ម៉ែត្រគុបនេះ ត្រូវជនល្មើសលួចកាប់ និងដឹកជញ្ជូនដោយខុសច្បាប់ចេញពីតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ កាលពីរាត្រីថ្ងៃទី ២១ ខែឧសភា ហើយយកទៅលាក់ទុកនៅក្នុងព្រៃសហគមន៍អូដាសស្គរ បន្ទាប់ពីកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចាប់ឃាត់បានចំនួន ២ គោយន្តនៅវេលាទៀបភ្លឺ ព្រឹកថ្ងៃទី ២២ ខែឧសភា។ ចំណែកឯ គោយន្តទាំងពីរគ្រឿងនេះបានរង់ចាំឱកាសដើម្បីដឹកជញ្ជូនចេញទៅកាន់គោលដៅដែលពួកគេបានកំណត់ តែមិនអាចចេញរួចពីតំបន់នេះ ព្រោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធយាមល្បាតជាប្រចាំ ទើបធ្វើឲ្យពួកគេទាល់ច្រក រួចហើយកាប់ទម្លាក់ឈើចេញ បើកគោយន្តរត់គេចខ្លួនបាត់។

កងកម្លាំងល្បាតនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំរកឃើញឈើប្រមាណ៤ម៉ែត្រគុបដែលជនល្មើសទម្លាក់ចេញពីគោយន្ត ហើយបើករត់គេចខ្លួន។ រូបថត Royal Cambodian Army
ដោយបានការពិភាក្សា នឹងសុំយោបល់សម្រេចពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំរួចមក លោកសោម ស៊ុន បានបញ្ជាឲ្យកងកម្លាំងចម្រុះ ដឹកជញ្ជូនឈើខុសច្បាប់ទាំងនេះ យកទៅប្រគល់ជូន សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លើសពីនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់កងកម្លាំងចម្រុះ ពិសេសស្ថាប័នជំនាញដែលមានការពាក់ព័ន្ធ ត្រូវបន្តស្រាវជ្រាវ វែករកមុខសញ្ញាជនល្មើស ដែលបានកាត់បំផ្លាញព្រៃឈើ ដើម្បីយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខាងតែបាន ដូចប្រសាសន៍លោកអភិបាលខេត្តនួន ផារ័ត្ន បានបញ្ជាក់ថា មានតែកុកទេ ដែលភ្លេចជង់ តែជង់មិនដែលភ្លេចកុកឡើយ៕



