កម្ពុជា​យកកម្មវិធី «Cambodia Travel Match 2026» ​ធ្វើ​ជាវេទិកាផ្សព្វ​ផ្សាយ​ទេសចរណ៍​ទៅកាន់ពិភពលោក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា​យកកម្មវិធី «Cambodia Travel Match 2026» ​ធ្វើ​ជាវេទិកាផ្សព្វ​ផ្សាយ​ទេសចរណ៍​ទៅកាន់ពិភពលោក

 កម្ពុជា តាម​រយៈ​ក្រសួងទេសចរណ៍​ បាន​យក​កម្មវិធី «ជំនួប​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទេសចរណ៍​កម្ពុជា ឆ្នាំ ២០២៦ (Cambodia Travel Match 2026)» ដើម្បីផ្សព្វផ្សាយ និងជំរុញទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការរវាង​អ្នក​ទិញទេសចរណ៍អន្តរជាតិ (ចិន វៀតណាម និងមីយ៉ាន់ម៉ា) និងអ្នកលក់​ទេសចរណ៍​ក្នុង​ស្រុក ដើម្បី​ពង្រីក​បណ្តាញអាជីវកម្ម​ផ្លាស់​ប្តូរ​បទពិសោធន៍ និងចែករំលែក​ព័ត៌មានថ្មីៗ​អំពី​ការ​អភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។


កម្មវិធី Cambodia Travel Match 2026 ត្រូវបាន​រៀបចំ​ឡើង នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី ២៦ ខែឧសភា ហើយ​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអរគុណ​ចំពោះសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) ដៃគូឧបត្ថម្ភ និងភាគីពាក់ព័ន្ធប្រមាណ ២០០នាក់ ដែលបានចូល​រួម និង​សហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីរួមចំណែកលើក​កម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា។


លោក​បញ្ជាក់ថា៖​ «Cambodia Travel Match 2026 ដែលរៀបចំឡើង​ជាលើកទី​៣​នេះ គឺ​ជាវេទិកា​ទីផ្សា​រទេសចរណ៍ប្រកបដោយភាពទូលំទូលាយ និងនិរន្តរភាព ដែលឆ្លុះបញ្ចាំង​ពីការ​ឆ្លើយតបយ៉ាង​សកម្ម​របស់កម្ពុជា ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័ស​នៃ​ទេសចរណ៍សកល តាម​រយៈការ​កសាងភាពតភ្ជាប់ទីផ្សារ និងភាពជាដៃគូយូរអង្វែង»។


ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បានអះអាង​ថា ទោះបីមានភាពមិនច្បាស់លាស់នៅលើស្ថានការណ៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល និងតំបន់ ក្នុងឆ្នាំ២០២៥​ក៏ដោយ កម្ពុជានៅតែទទួលបានភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៥,៦ លាននាក់ ដែល​បង្ហាញ​ពី​កំណើន​ប្រកប​ដោយ​គុណភាព​នៃ​វិស័យ​ទេសចរណ៍កម្ពុជា។


ដោយឡែក ក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ២០២៦​នេះ កម្ពុជា ទទួល​បាន​ភ្ញៀវទេសចរ​​អន្តរ​ជាតិជាង ១,៣ លាននាក់ ក្នុងនោះ​​ភ្ញៀវ​ទេសចរ​ចិន​​មាន​ជាង ៣៣០,០០០ នាក់ ឈរនៅលំដាប់ទី​១ បន្ទាប់មក​​ភ្ញៀវទេសចរ​វៀតណាម មាន​​ប្រមាណ​ ៣១២,០០០ នាក់ ឈរនៅ​លំដាប់ទី២ និងភ្ញៀវទេសចរមីយ៉ាន់ម៉ា មាន​ជាង ១០,០០០ នាក់។


ទន្ទឹមនឹងនេះ លោក ហួត ហាក់ ​បានប្រាប់​ដល់​អង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិន រយៈពេល ៤ ខែ ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ ហើយនេះ​ជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ សម្រាប់វិស័យទេសចរណ៍កម្ពុជា និងជាឱកាសដ៏សំខាន់សម្រាប់ប្រតិបត្តិករទេសចរណ៍ក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបន្ថែមមកកម្ពុជា។


លោក​បានសង្កត់ធ្ងន់ថា កម្ពុជា គឺ​ជា​គោលដៅ​ទេសចរណ៍ និង​​វិនិយោគ​ប្រកប​ដោយ​​សុវត្ថិភាព ដោយ​រាជរដ្ឋាភិបាល ក្នុង​អាណត្តិទី៧​នេះ បាន​​បន្តថែរក្សា​សន្តិភាព ស្ថិរភាព​​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​​វិស័យ ដោយ​​ឈរ​លើ​មូលដ្ឋាន​សន្តិភាពយូរអង្វែង។


ជាមួយគ្នា​នេះ កម្ពុជា សម្បូរ​ទៅ​ដោយ​បេតិកភណ្ឌវប្បធម៌​ល្បីល្បាញ​លើ​ពិភពលោក ជាពិសេសតំបន់​អង្គរ ទីក្រុងដ៏​រស់រវើក តំបន់​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់ស្អាត ទេសភាព​ទន្លេ​មេគង្គ និង​បឹងទន្លេសាប តំបន់​អេកូទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​ម្ហូប​អាហារខ្មែរ ដែល​​មាន​​អត្តសញ្ញាណ​​ពិសេស។


លោក ហួត ហាក់ បន្ថែម​ថា កម្ពុជា ក៏មាន​​បរិយាកាស​​វិនិយោគ​​ដ៏​​សកម្ម ដែល​​គាំទ្រ​ដោយ​​រាជរដ្ឋាភិបាល​​គាំទ្រ​​វិស័យ​​ឯកជន ហេដ្ឋារចនាសម្ព័ន្ធ​​កាន់​​តែ​ប្រសើរ និង​​ការ​​តភ្ជាប់​​តំបន់​​កាន់​​តែ​រឹងមាំ តាម​រយៈ​​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោ និងអាកាសយានដ្ឋាន​​អន្តរជាតិ​​សៀមរាប-អង្គរ ដែល​កំពុង​​ពង្រឹង​​តួនាទី​​កម្ពុជា​​ជា​មជ្ឈមណ្ឌលទេសចរណ៍ និង​ធុរកិច្ចក្នុង​តំបន់ និង​បង្កើត​ឱកាស​វិនិយោគថ្មីៗ លើ​វិស័យបដិសណ្ឋារកិច្ច អាកាសចរណ៍ ភស្តុភារ កិច្ចប្រជុំ និង​ព្រឹត្តិការណ៍ រមណីយដ្ឋាន​រួម​បញ្ចូលគ្នា អេកូទេសចរណ៍ និង​ទេសចរណ៍ពហុគោល​ដៅ។


បន្ថែម​លើនេះ លោក​រដ្ឋមន្រ្តី បានបញ្ជាក់​ប្រាប់​ថា៖​ «ក្រសួងទេសចរណ៍ បានដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវកាលបៃតង» ចាប់​ពីខែឧសភា ដល់​ខែតុលា ដែលជារដូវកាលដ៏​ពិសេស​សម្រាប់​ភ្ញៀវទេសចរ ក្នុងការ​ទទួល​យក​បទពិសោធន៍​ថ្មីៗ និង​ស្វែងយល់​ពីសម្រស់​ធម្មជាតិ និង​វប្បធម៌​កម្ពុជា ពី​ទស្សន​វិស័យ​ថ្មី ដោយមាន​កញ្ចប់​ផ្សព្វផ្សាយ​ពិសេស​​ស្របតាម​​យុទ្ធនាការ ៦ គួរ រួម​មាន គួរចង់ឃើញ, គួរស្នាក់នៅ, គួរភ្លក្ស, គួរទស្សនា, គួរសាកល្បង និងគួរទិញ»៕


Post a Comment (0)
Previous Post Next Post